ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកញាណ សុធី ៖ ​ម៉េច​ខ្លះ​ក្រោយ​ការ​ប្រកួត​​សេន កុសល និង​ម៉​ន សា​ម៉េ​ត?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​គូ​ឯក​មិត្តភាព និង​អន្តរជាតិ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃ​ទី​២១ តុលា មុន​នេះ កីឡាករ​ជើង​ចាស់ និង​ល្បីឈ្មោះ​គួរ​សមជា​យូរ​មក​ហើយ​២​រូប​ពិតជា​បាន​ទទួល​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​របស់​ខ្លួន​តាម​ការ​គ្រោងទុក…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​គូ​ឯក​មិត្តភាព និង​អន្តរជាតិ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃ​ទី​២១ តុលា មុន​នេះ កីឡាករ​ជើង​ចាស់ និង​ល្បីឈ្មោះ​គួរ​សមជា​យូរ​មក​ហើយ​២​រូប​ពិតជា​បាន​ទទួល​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​របស់​ខ្លួន​តាម​ការ​គ្រោងទុក ។ ប៉ុន្តែ​បើ​ក្រឡេក​ទៅ​មើល​លទ្ធផល​នៅ​ក្រោយ​ការ​ប្រកួត​នោះ​វិញ គឺ​មិន​ធ្វើ​ឱ្យ​អ្នក​ទាំង​ពីរ​ស្រួលខ្លួន​ប៉ុន្មាន​ទេ ខណៈ​ដែល​សេន កុសល ក៏​ត្រូវ​ទ្រម​ខ្លួន​ក្រោម​ដៃគូ​ប្រកួត ហើយ​សម្រាប់​កីឡាករ ម៉​ន សា​ម៉េ​ត ឯណោះ​វិញ ក៏​ត្រូវ​ដេរ​២​ថ្នេរ​ទាំង​លំបាក ដោយ​ក្រោយ​បញ្ចប់​ការ​ប្រកួត អ្នក​រៀបចំ​ព្រឹត្តិការណ៍​បាន​បញ្ចេញ​ទស្សនៈ​មួយ​ចំនួន​លើ​ការ​ប្រកួត​របស់​អ្នក​ទាំង​ពីរ​។

ដ្បិតថា​បាន​ឈ្នះ​ពិន្ទុ​កីឡាករ​ជើង​ថ្មី សូត្រ ខេ​វិ​ន ក្នុង​លទ្ធផល​ឈ្នះ​ដាច់ ប៉ុន្តែ​ជ័យជម្នះ​របស់​កីឡាករ សេន កុសល ដែល​បាន​លេចឡើង​កាលពី​ថ្ងៃអាទិត្យ​មុន​នេះ មិនមែន​ទទួល​បាន​ដោយ​ស្រួល​ៗ​នោះ​ទេ ដោយ​គេ​ត្រូវ​ប្រកួត​ប្ដូរ ហើយ​ស្ថិត​ក្នុង​ភាព​ប្រថុយ​ប្រថាន​យ៉ាង​លំបាក បើ​ធៀប​នឹង​លទ្ធផល​ដែល​គេ​ធ្លាប់​ឈ្នះ​ហើយ​ប៉ះ​ជាមួយ​អ្នក​ផ្សេង។ ការ​ប្រកួត​ចំនួន​៥​ទឹក​ត្រូវ​គេ​កត់​សម្គាល់ថា បាន​កើត​មាន​ឡើង​ដោយ​ភាព​ត្រដាបត្រដួស​បំផុត ដែល​មាន​ន័យ​ថា អ្នក​ឈ្នះ​គឺ​ឈ្នះ​ដោយ​ការ​ប្រកួត​ប្ដូរ ហើយ​អ្នក​ចាញ់​ឯណោះ​វិញ ក៏​បាន​បញ្ចេញថ្វីដៃ​ធ្វើ​ឱ្យ​ម្នាក់​ៗ​មានការ​កោតសរសើរ ។

ការ​ប្រកួត​មួយគូ​នេះ បើ​ប្រៀប​ធៀប​បទ​ពិសោធន៍ កីឡាករ​បង្គោល​ខៀវ សេន កុសល មិន​​ខុស​ពី​រាមច្បង​ជើង​ចាស់​នោះ​ទេ ដោយសារ​តែ​សូត្រ ខេ​វិ​ន ទើបតែ​មានមុខ​លឹ​ម​ៗ​ជាមួ​យនឹង​ការ​ប្រកួត​នៅ​លើ​សង្វៀន​ប៉ុណ្ណោះ ។ នេះ​ជា​ជំនួប​ទី​១​ដែល​អ្នក​ទាំង​ពីរ​ប៉ះ​គ្នា ហើយ​ក៏​ជា​ការ​កាត់ក្ដី​រវាង​ជើង​ខ្លាំង​មួយ​រូប និង​ជើង​ថ្មី​មួយ​រូប​ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​កាន់តែ​ស្គាល់​ពី​ទឹកដៃ និង​សមត្ថភាព​របស់​គូប្រកួត​ទាំង​ពីរ​នោះ​ផង​ដែរ ។ អ៊ីចឹង​ហើយ​ទើប​លទ្ធ​ផល​ឈ្នះ​ទាំង​លំបាក​លើ​កីឡាករ​បង្គោល​ក្រហម សូត្រ ខេ​វិ​ន របស់ សេន កុសល គឺជា​អ្វី​ដែល​ធ្វើ​ឱ្យ​ម្នាក់​ៗ​មានការ​ចាប់អារម្មណ៍ បើ​ធៀប​នឹង​គូប្រកួត​ផ្សេង​ទៀត ។

អ្នកខ្លះ​បាន​ហៅ​លទ្ធផល​ដែល​អ្នក​ឈ្នះ​ទទួល​បាន គឺជា​រឿង​ធ្លាក់ដៃ ប៉ុន្តែ​កីឡាករ​ទទួល​បាន​ជ័យជម្នះ​ក៏​ធ្វើ​ឱ្យ​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ទាំងនោះ​មិន​ខកចិត្ត ក្នុង​ពេល​ដែល​គេ​អាច​ធ្វើ​ឱ្យ​សូត្រ ខេ​វិ​ន បរាជ័យ​ក្រោយ​ពី​បាន​ប្រឹង​អស់​សមត្ថភាព​នៅ​លើ​សង្វៀន​ដូច​គ្នា ។ មួយគូ​នេះ​នឹង​ត្រូវ​គណៈកម្មការ​រៀបចំ​ដាក់​ឱ្យ​សងសឹក​គ្នា ដោយ​មាន​អ្នកខ្លះ​បាន​ទាំង​បញ្ចេញ​ទស្សនៈ​ថា នឹង​អាច​ធ្វើ​ឱ្យ​កីឡាករ សូត្រ ខេ​វិ​ន ក្ដោប​ក្ដាប់​បាន​ជ័យជម្នះ​វិញ​ផង​ក៏​មិនដឹង ដោយសារ​តែ​ការ​ប្រកួត​ពេញ​រយៈពេល​៥​ទឹក​នោះ​ត្រូវ​គេ​មើលឃើញ​ថា​រូបគេ​ពិតជា​ខ្លាំង​មិនធម្មតា​។

ចំណែក​ម៉​ន សា​ម៉េ​ត ឯណេះ​វិញ​ក៏​បាន​ទទួល​ជ័យជម្នះ​លើ​កីឡាករ​ថៃ​Yorth Savic ផង​ដែរ បន្ទាប់​ពី​គេ​បង្ហាញ​ថ្វីដៃ​វាយ​ទៅ​វាយ​មក រហូត​ធ្វើ​ឱ្យ​គូប្រកួត​របស់​ខ្លួន​ទទួល​បរា​ជ័យ។ ប៉ុន្តែ​កីឡាករ​រូប​នេះ រឹតតែ​វេទនា​ខ្លួន​ជាង​សេន កុសល​ទៅ​ទៀត ដោយសារ​តែ​កីឡាករ​ថៃ​មាន​សមត្ថភាព​ខ្លាំង ហើយ​បើ​និយាយ​ពី​ជំហរ​គឺ​រឹង​មាំ​ដាច់​ឆ្ងាយ​ជាង​គូប្រកួត​របស់ សេន កុសល ។

ការ​ប្រកួត​របស់​អ្នក​ទាំង​ពីរ​មានការ​ជក់ចិត្ត​មិន​ខុស​គ្នា​នោះ​ទេ ដោយ​កីឡាករ​កម្ពុជា ក្រៅ​ពី​ត្រូវ​ទ្រម​ខ្លួន ក៏​ត្រូវ​បែក​រយះ​កែងដៃ​នៅ​ពេល​វាយ​សើយ​បណ្ដាល​ឱ្យ​ត្រូវ​ដេរ​២​ថ្នេរ​។ ក្នុង​នោះ​នៅ​លើ​ផ្ទៃមុខ​ក៏​បែក​រលាត់​ដោយ​អន្លើ​ផង​ដែរ​ដែល​មាន​ន័យ​ថា​ទម្រាំ​បាន​ឈ្នះ​គឺ​មិន​ខុស​ពី​ម៉​ន សា​ម៉េ​ត ប្ដូរ​សាច់​ស្រស់​ឈាម​ស្រស់​យ៉ាង​លំបាក​លើ​រេញ​នោះ​ទេ ។

កីឡាករ ម៉​ន សា​ម៉េ​តបាន​ប្រកាស​នៅ​លើ​ហ្វេ​ស​ប៊ុ​កថា ទម្រាំ​បាន​ឈ្នះ​ត្រូវ​ដេរ​២​ថ្នេរ ហើយ​​លោក​សម្ដែង​អារម្មណ៍​សប្បាយ​រីករាយ​មិន​តិច​ដែរ ដែល​លោក​តស៊ូ​បាន​សម្រេច ដ្បិតតែ​ថា​លោក​ត្រូវ​ឈឺខ្លួន និង​បែក​២​ថ្នេរ ក្រោយ​ចុះ​ពីលើ​សង្វៀន ។ អ្នកគាំទ្រ​ជា​ច្រើន​បាន​សរសើរ​​ពី​ការ​ប្រឹងប្រែង​របស់​កីឡាករ​រូប​នេះ ខណៈ​ដែល​កីឡាករ​ថៃ​ត្រូវ​គេ​ស្គាល់​ថា​ជា​ជើង​ខ្លាំង​នៅ​លើ​សង្វៀន តែ​គេ​អាច​ធ្វើ​បាន​នៅ​ពេល​ប៉ះ​គ្នា​។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត បាន​អះអាង​ថា ទាំង​ការ​ប្រកួត​មិត្តភាព​ក្នុង​ស្រុក និង​អន្តរជាតិ ស្ទើរ​មិន​មាន​គូ​ណា​ដែល​ធ្វើ​ឱ្យ​ការ​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​កក្រើក​នោះ​ទេ ដោយ​លោក​បាន​ទាំង​ចាត់​ទុក​ថា​គូប្រកួត​របស់​សេន កុសល និង​ម៉​ន សា​ម៉េ​តឈ្នះ​ដាច់​ដោយ​លោក​អស់ចិត្ត ដែល​លោក​បាន​ហៅ​ការ​ប្រកួត​នោះ​ថា ធ្វើ​ឡើង​អស់ដៃ​។

លោក​ថា ការ​ប្រកួត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​សព្វថ្ងៃ ស្ទើរ​មិន​មាន​គូ​ណា​មិន​ប្រកួត​​ដោយ​ប្រឹងប្រែង​នោះ​ទេ ដោយសារ​តែ​លក្ខខណ្ឌ​របស់​ប៉ុស្ដិ៍​អាស៊ី​អាគ្នេយ៍​គឺ​អ្នក​ណា​មិន​ប្រកួត​អស់ដៃ នឹង​ត្រូវ​ព្រមាន ហើយ​បង្កក​ការ​ប្រកួត​យ៉ាងតិច​មួយ​ខែ​ទៅ​៣​ខែ ដើម្បី​ឱ្យ​កីឡាករ​នោះ​មិន​មាន​ទីផ្សារ ។ ក្នុង​នោះ​ក៏​មាន​វិធានការ​មិន​ប្រកាស​លទ្ធផល និង​មាន​វិធានការ​បណ្ដេញ​ចុះ​ពី​សង្វៀន​ជាដើម ដែល​ធ្វើ​ឱ្យ​ការ​ប្រកួត​ទាំងមូល​លែង​មាន​​អ្នក​ខូច អ្នកលក់​ក្នុង​ការ​ភ្នាល់​ដូចដែល​ធ្លាប់​មានការ​បារម្ភ​នៅ​លើ​សង្វៀន​ផង​ដែរ ។

លោក​ថា លទ្ធផល​ទ្រម​ខ្លួន និង​ដេរ​តិចតួច​របស់​សេន កុសល និង​ម៉​ន សា​ម៉េ​ត មិនមែន​ជា​រឿង​ធ្ងន់ធ្ងរ​ទេ ដោយសារ​តែ​ពេល​កន្លង​មក ក៏​មាន​កីឡាករ​រាប់​មិន​អស់​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ជាង​នេះ ក្រោយ​ពេល​ចាញ់​ឈ្នះ ។ ប៉ុន្តែ​លោក​បាន​សរសើរ​ថា អ្នក​ទាំង​ពីរ​ចេះ​គេច ចេះ​បត់បែន ទើប​ធ្វើ​ឱ្យ​ពួក​គេ​ទទួល​បាន​ជ័យជម្នះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ