ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជាតិ​អប្សរា ជួសជុល​ទំនប់​បារាយណ៍ទឹកថ្លា​ជ្រុង​ខាងលិច

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​ក្រុមហ៊ុន រាជសីហ៍ បាន​ធ្វើការ​ជួសជុល​តួ​ទំនប់ បារាយណ៍ទឹកថ្លា​ជ្រុង​ខាងលិច ផ្នែក​ខាងត្បូង ស្ថិត​នៅ​ភូមិ​ប្រឡាយ ឃុំ​ខ្នាត ស្រុក​ពួក…

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​ក្រុមហ៊ុន រាជសីហ៍ បាន​ធ្វើការ​ជួសជុល​តួ​ទំនប់ បារាយណ៍ទឹកថ្លា​ជ្រុង​ខាងលិច ផ្នែក​ខាងត្បូង ស្ថិត​នៅ​ភូមិ​ប្រឡាយ ឃុំ​ខ្នាត ស្រុក​ពួក មាន​ប្រវែង​១.៦៤០ ម៉ែត្រ ដែល​រង​ការ​ខូចខាត​ដោយសារ​អាយុកាល ទឹក​រលក និង​ការ​ហូរ​ច្រោះ​ដោយ​ទឹកភ្លៀង​ជាដើម​។ តាម​ការ​បញ្ជាក់​របស់​លោក មាន់ ផានិត មន្ត្រី​បច្ចេកទេស​របស់​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ អប្សរា បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ ខែតុលា​នេះ ថា ការងារ​នេះ​អនុវត្ត​ដោយ​ក្រុមហ៊ុន​រាជសីហ៍ ដែល​ស្ថិត​នៅ ក្រោម​ការ​ពិនិត្យ​ជា​ប្រចាំ​ដោយ​ក្រុមការងារ​បច្ចេកទេស​របស់​អ​ជ្ញា​ធរ​ជាតិ​អប្សរា ក្នុង​បំណង​អភិរក្ស និង​ថែរក្សា​បារាយណ៍ទឹកថ្លា​ឱ្យ​មាំទាំ​ជាង​មុន​នឹង​ស្ថិត​នៅ​គង់វង្ស​យូរអង្វែង​។

លោក មាន់ ផានិត បន្ត​ថា ចំពោះ​គម្រោង​នៃ​ការ​ជួសជុល​មាន​រយៈពេល​៦​ខែ គិត​ចាប់ពី​ថ្ងៃ​២៦ ខែកក្កដា ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៩​។ ចំពោះ​ការ​អនុម័ត​យល់ព្រម​ឱ្យ​ប្រើប្រាស់​គ្រឿងចក្រ ក្នុង​ការ​ជួសជុល​ពង្រឹង​ទំនប់​បុរាណ​នេះ ក្រុម​អ្នក​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា ក៏​បាន​ធ្វើ​កំណាយ​ដើម្បី​សិក្សា​បន្ថែម​អំពី​វិធីសាស្ត្រ​បង្ហាប់ដី​បុរាណ រចនា​សម្ពន្ធ និង​ប្រភេទ​ដី​ទំនប់​ដើម្បី​ធានា​ថា ការ​ជួសជុល​នេះ​មិន​ប៉ះពាល់​ដល់​បុរាណ​ដ្ឋា​ន និង​ធានា​គុណភាព​យូរអង្វែង​។ សូម​បញ្ជាក់​ថា បារាយណ៍ទឹកថ្លា​មាន​ទំហំ​ធំ​ជាងគេ ក្នុង​ចំណោម​បារាយណ៍​ទាំង​បួន​នៅ​ក្នុង​តំបន់​សៀមរាប​-​អង្គរ ដែល​ស្ថិត​នៅ​ខាងលិច​ក្រុង​អង្គរធំ មាន​ទទឹង​ប្រវែង​២.២០០​ម៉ែត្រ និង​បណ្តោយ​ប្រវែង​៨.០០០​ម៉ែត្រ អាច​រក្សា​ទឹក​រហូត​ដល់​៥៦​លាន​ម៉ែត្រគូប​។

កន្លង​មក​អាជ្ញាធរ​ជាតិ​អប្សរា​បាន​យកចិត្តទុកដាក់​អភិរក្ស និង​ជួសជុល​តួ​ទំនប់​បារាយណ៍ទឹកថ្លា​ជា​ច្រើន​ដំណាក់កាល​មក​ហើយ​។ លើស​ពី​នោះ បារាយណ៍ទឹកថ្លា នេះ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ផ្គត់ផ្គង់​ទឹក​ស្រោចស្រព​ស្រែ និង​ដំណាំ​ផ្សេង​ៗ​ជាង មួយ​ម៉ឺន​ហិ​កតា បញ្ចៀស​បញ្ហា​ទឹកជំនន់ ក្នុង​តំបន់​សៀមរាប​-​អង្គរ ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ បង្កើន​ការងារ​ដល់​ប្រជាជន​តាម​រយៈ​ការ​លក់​វត្ថុ​អនុស្សាវរីយ៍ ម្ហូបអាហារ សេវា​ជិះទូក​កម្សាន្ត ផ្គត់ផ្គង់​ទឹក​សម្រាប់​ផលិត​ទឹក​ស្អាត ក្នុង​ក្រុង​សៀមរាប (១៨.០០០​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ​) ជា​ពិសេស​ទឹក​បារាយណ៍​បាន​ចូល​ទៅ​បំពេញ​ទឹក​ក្រោម​ដី​ឱ្យ​រក្សា​បាន​នូវ​តុល្យភាព និង​រក្សា​លំនឹង​គ្រឹះ​ប្រាសាទ​ឱ្យ​មាន​ភាពរឹងមាំ ពិសេស​ជា​កន្លែង​រក្សា​ពូជ​ត្រី​បាន​យ៉ាង​ល្អ ហើយ​ផ្តល់​ផល​ត្រី​យ៉ាងច្រើន​ជូន​ប្រជាជន​ដែល​រស់នៅ​ជុំវិញ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ