ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោះ​! មក​ដឹង​ពី​ប្រពៃណី​ទំនៀមទម្លាប់​ដាំ​ស្រូវចម្ការ​ជនជាតិ​ដើម​ភាគតិច

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ទំនៀមទម្លាប់​ប្រពៃណី​ប្រកប​រប​កសិកម្ម​ដាំ​ស្រូវ តាម​ចម្ការ​របស់​បងប្អូន​ជនជាតិ​ដើម​ភាគតិច នៅ​ក្នុង​ខេត្តរតនគិរី នៅ​តែ​រក្សា​ឱ្យ​នៅ​មាន​ដដែល​ទោះបី​បច្ចុប្បន្ន​ប្រទេស​ជាតិ​មានការ​រីក​ចម្រើន និង​មាន​ឧបករណ៍​សម្ភារៈ​កសិកម្ម​ទំនើប​យ៉ាងណា​ក៏​ដោយ ប្រពៃណី​មួយ​នេះ​នៅ​តែ​មាន​តាម​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅឡើយ ។ បើ​តាម​ការ​រៀបរាប់​របស់​អ៊ុំ…

ខេត្តរតនគិរី ៖ ទំនៀមទម្លាប់​ប្រពៃណី​ប្រកប​រប​កសិកម្ម​ដាំ​ស្រូវ តាម​ចម្ការ​របស់​បងប្អូន​ជនជាតិ​ដើម​ភាគតិច នៅ​ក្នុង​ខេត្តរតនគិរី នៅ​តែ​រក្សា​ឱ្យ​នៅ​មាន​ដដែល​ទោះបី​បច្ចុប្បន្ន​ប្រទេស​ជាតិ​មានការ​រីក​ចម្រើន និង​មាន​ឧបករណ៍​សម្ភារៈ​កសិកម្ម​ទំនើប​យ៉ាងណា​ក៏​ដោយ ប្រពៃណី​មួយ​នេះ​នៅ​តែ​មាន​តាម​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅឡើយ ។

បើ​តាម​ការ​រៀបរាប់​របស់​អ៊ុំ ស្រី ជនជាតិ​ដើម​ភាគតិច (​ក្រឹ​ង​) ម្នាក់​នៅ​ភូមិ​កា​ញ៉ែង ឃុំ​ប៉ូ​យ ស្រុក​អូរ​ជុំ បានឱ្យ​ដឹង​ថា ប្រពៃណី​កសិកម្ម​តាម​បែប​ប្រពៃណី​នេះ គឺ​មាន​តាំងពី​បុ​រម​បុរាណ​ដូនតា​ពួក​គាត់​មក​ម្ល៉េះ ។ ខណៈ​ដែល​អ៊ុំ ស្រី នឹង​ក្រុម​គ្រួសារ​កំពុង​មមាញឹក​ប្រមូល​ផល​ស្រូវ​នៅ​ក្នុង​ចម្ការ​របស់​ពួក​គាត់ ។


អ៊ុំ​ស្រី​បន្ត​ថា ស្រូវចម្ការ គឺ​ចាប់ផ្តើម​ដាំ​ចាប់ពី​ពាក់កណ្តាល ខែមិថុនា ហើយ​ត្រូវ​ប្រមូល​ផល​នៅ​ពាក់កណ្តាល​ខែតុលា ហើយ​ពួក​គាត់​មិន​ប្រើ​ក​ណ្ឌៀ​វ​ច្រូតកាត់​នោះ​ទេ គឺ​ពួក​គាត់​នៅ​តែ​បន្ត​ការ​ស្ពាយ​កា​ផា​ដើរ​បូត​គ្រាប់ស្រូវ​ដាក់​ក្នុង​នោះ​ដដែល ។

ស្រូវចម្ការ​នេះ​ជនជាតិ​ដើម​ភាគតិច​ហៅ​ឈ្មោះ ថា (​ស្រូវ​កា​វែ​ត​) ប្រភេទ​ពូជស្រូវ​នេះ គឺ​ដាំ​បាន​តែ​ក្នុង​ចម្ការ​ដី​ទីទួល​ប៉ុណ្ណោះ​មិន​អាច​យក​ទៅ​ធ្វើ​ស្រូវ​ស្រែ​បាន​ទេ ។ គាត់​លើក​ឡើង​ថា ប្រពៃណី​ជនជាតិ​ដើម​ភាគតិច គឺ​មុន​ពេល​ដាំ​មានការ​សែនព្រេន​ម្តង ដល់​ពេល​ស្រូវ​ឡើង​ដើម​ធំ​សែនព្រេន​ម្តងទៀត នឹង​ពេល​ស្រូវ​ឡើង​ជង្រុក ធ្វើ​ពិធី​សែន​ព្រេង​ម្តងទៀត ។

ការ​សែន​ព្រេង​នេះ គឺ​ក្នុង​ន័យ​ថា សុំ​ម្ចាស់​ទឹកដី​អា​រុក្ខ​អារក្សអ្នកតា​ដែល​បាន​ប្រទាន​ផល​ស្រូវ​ឱ្យ​បាន​ច្រើន​ដល់​ពួក​គាត់ ។ ទំនៀមទម្លាប់​ការ​ដាំ​ស្រូវ​នេះ​ក៏​កំពុង​តែ​រង​នូវ​ការ​បាត់បង់​ជា​បណ្តើរ​ៗ​ហើយ​ដែរ ទោះបីជា​ពួក​គាត់​មួយ​ចំនួន​នៅ​បន្ត​ដាំ​ក៏​ដោយ ។ កត្តា​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​បាត់បង់​ការ​ដាំ​ស្រូវ​នោះ គឺ​ជនជាតិ​ដើម​ភាគតិច​បាន​ងាក​មក​ដាំ​ដំណាំ​កសិឧស្សាហកម្ម​វិញ​ម្តង​ស្ទើរ​គ្រប់​ៗ​គ្នា​ទៅ​ហើយ​ដូច​ជា ដាំ​ស្វាយចន្ទី ដាំដំឡូង​មី ឬ​សណ្តែកសៀង និង​កៅស៊ូ ជាដើម ។

មន្ទីរ​កសិកម្ម​ខេត្តរតនគិរី​ក្នុង​ឆ្នាំ​២០១៨ បាន​បង្ហាញ​ថា ផ្ទៃដី​ដាំ​ស្រូវចម្ការ​របស់​ជនជាតិ​ដើម​ភាគតិច​មាន​ជាង ១០៣៩៧​ហិ​កតា ក្នុង​ចំណោម​ផ្ទៃដី​ស្រែ​សរុប​របស់​កសិករ​ទូ​ទាំង​ខេត្តរតនគិរី​ជាង ២៧០៣៣​ហិ​កតា ។ រហូត​មក​ដល់​បច្ចុប្បន្ន ផ្ទៃដី​ស្រូវចម្ការ​បាន​ថយ​ចុះ​នៅ​ប្រមាណ​ជាង​១២០០០​ហិ​កតា​ប៉ុណ្ណោះ ។ គឺ​តិច​ជាង​ផ្ទៃដី​ធ្វើស្រែ​សន្ទូង ឬ​ស្រែពង្រោះ​របស់​កសិករ​ខ្មែរ ។

លោក​សែ​ម រឿ​ន ប្រធាន​ការិយាល័យ​ក្សេ​ត​សាស្ត្រ​នៃ​មន្ទីរ​កសិកម្ម​ខេត្តរតនគិរី​ចាត់​ទុក​ការ​ថយ​ចុះ​បរិមាណ​ដី​ស្រូវចម្ការ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ថា ជា​កា​រវិ​វ​ឌ្ឍ​ទៅ​រក​ការ​ធ្វើ​កសិកម្ម​បែប​សម័យ​ទំនើប ។ គឺ​តម្រូវ​តាម​ទីផ្សារ​ដែល​ទទួល​បាន​ទិន្នផល​ខ្ពស់ និង​តម្លៃ​ទីផ្សារ​ល្អ​ប្រសើរ​ផង ។ លោក​ថា យ៉ាងណាមិញ ការ​បោះបង់​ប្រពៃណី​ធ្វើ​ស្រូវចម្ការ​របស់​សហគមន៍​នាំ​ឱ្យ​កសិករ​ជនជាតិ​ដើម​ភាគតិច​ទទួល​បាន​ប្រាក់​ចំណូល​ច្រើន​ពី​វិស័យ​កសិកម្ម​នេះ បង្កើន​ជីវភាព​គ្រួ​សារបាន​កាន់តែ​ប្រសើរ​ឡើង ។

បងប្អូន​យើង​មួយ​ចំនួន​គាត់​មាន​ដីចម្ការ​ចាស់​ៗ​ដោយសារ គាត់​ឃើញ​ទិន្នផល​ស្រូវ​លែង​សូវ​បាន​ផល​ច្រើន គាត់​ដាំដំឡូង​មី និង​ដាំ​សណ្ដែកសៀង​វិញ ។ កសិករ​ជនជាតិ​ដើម​ភាគតិច​ដាំ​ពូជស្រូវ​ចម្ការ​ស្រប​ទៅ​តាម​ស្ថានភាព​ដី​នៅ​តាម​ទីទួល ឬ​ជម្រាលភ្នំ​សម្រាប់​ត្រៀម​បម្រុង​ការ​ផ្គត់ផ្គង់​ក្នុង​គ្រួសារ​តែ​ប៉​ណ្ណោះ ។ ការ​ធ្វើ​ស្រូវ​ភាគច្រើន​គាត់​ងាក​មក​ធ្វើ​នៅ​ដី​ច្រប់​ដែល​ប្រភព​ទឹក​ធ្វើស្រែ ហើយ​គាត់​យក​ដីចម្ការ​ដាំដំឡូង ដូច្នេះ​ដីស្រែ​កើនឡើង​ដោយសារ​ច្រប់​ប្រភព​ទឹក ។ ពូជស្រូវ​ចម្ការ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​មិន​មាន​រសជាតិ​ឆ្ងាញ់​ដូច​ពូជស្រូវ​របស់​កសិករ​ខ្មែរ​ដែល​ធ្វើស្រែ​សន្ទូង ឬ​ស្រែពង្រោះ​មាន​រសជាតិ​ឆ្ងាញ់ និង​មាន​ដាក់​លក់​តាម​ទីផ្សារ​ក្នុងស្រុក និង​នាំ​ចេញ​ទៅ​ទីផ្សារ​បរទេស​មាន​តម្លៃ​ខ្ពស់​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ