ខេត្តឧត្តរមានជ័យ ៖ ជនជាតិវៀតណាម២នាក់ចូលមកលាក់ខ្លួនពួនសំង្ងំរកស៊ីដោយខុសច្បាប់ត្រូវបានកំលាំងប៉ូលិសគ្រប់គ្រងជនបរទេស ធ្វើការសហការជាមួយកំលាំងប៉ូលិសអធិការក្រុងសំរោងចុះត្រួតពិនិត្យរកជនបរទេសវៀតណាមស្នាក់នៅដោយខុសច្បាប់កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២០ តុលា ២០១៨ នៅបូរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
លោកវរសេនីយ៍ឯកហម ភិរម្យ អធិការក្រុងសំរោងបានឱ្យដឹងថា កំលាំងគ្រប់គ្រងជនបរទេសបានធ្វើការសហការជាមួយកំលាំងអធិការក្រុងចុះធ្វើការត្រួតពិនិត្យរកជនបរទេសចូលមកស្នាក់នៅ ខណៈបានជួបប្រទះជនជាតិវៀតណាម២នាក់ដែលចូលមករកស៊ីដោយខុសច្បាប់ពុំមានឯកសារត្រឹមត្រូវ មានកាន់តែអត្តសញ្ញាណប័ណ្ណជនជាតិរបស់ខ្លួនប៉ុណ្ណោះ។
លោកវរសេនីយ៍ឯកដដែលបានបញ្ជាក់ថា ជនជាតិវៀតណាម២នាក់ដែលចូលមករស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ ម្នាក់ឈ្មោះវ៉ូ វ៉ាន់អើន ភេទប្រុស អាយុ៥៥ឆ្នាំ មានស្រុកកំណើតនៅភូមិយ៉ាវទៀន ឃុំ យ៉ៅធុយ ខេត្តណាំឌិន កាន់អត្តសញ្ញាណប័ណ្ណវៀណាមលេខ១៦០៣៦៥៥៧៩ ចុះថ្ងៃទី១០-០២-២០១៥ និងម្នាក់ទៀតឈ្មោះតឿង វ៉ាន់បាក់ ភេទប្រុស អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅភូមិឃុំជាមួយគ្នា កាន់អត្តសញ្ញាណប័ណ្ណវៀណាមលេខ ២២១៤៦៧៣១០ ចុថ្ងៃទី០៦-១១-២០១៥ ។
សមត្ថកិច្ចជំនាញបានកសាងជារបាយការណ៍បញ្ជូនទៅអគ្គនាយកដ្ឋាននគបាលអន្តោប្រវេសន៍ចាត់ការទៅតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ