ទីក្រុងប៉េកាំង ៖ ម្ចាស់ផ្ទះក្នុងប្រទេសចិនបានធ្វើកូដកម្ម ព្រោះតែតម្លៃអចលនទ្រព្យធ្លាក់ចុះក្នុងទីក្រុងជាច្រើន និងបានបង្កជាកង្វល់ថាទីផ្សារអចលនទ្រព្យរបស់ប្រទេសនេះអាចនឹងធ្លាក់ចុះ និងដាក់សម្ពាធលើសេដ្ឋកិច្ច ។
ម្ចាស់ផ្ទះនៅសៀងហៃ និងទីក្រុងធំៗដទៃបានធ្វើកូដកម្មដើម្បីទាមទារឲ្យមានការសងថវិកាដែលពួកគេបានចំណាយលើការទិញផ្ទះ បន្ទាប់ពីក្រុមហ៊ុនអចលនទ្រព្យបន្ថយតម្លៃអចលនទ្រព្យដើម្បីបង្កើនការលក់ ។
យោងតាមសេចក្តីរាយការណ៍មួយចំនួនបានឲ្យដឹងថា នៅសៀងហៃ មានម្ចាស់ផ្ទះជាច្រើនបានធ្វើដំណើរទៅកាន់ការិយាល័យលក់អចលនទ្រព្យដែលមានការបញ្ចុះតម្លៃដល់ទៅ ២៥% និងទាមទារប្រាក់សំណង បង្កឲ្យមានជម្លោះដែលធ្វើឲ្យមានការខូចខាតការិយាល័យនោះផងដែរ ។
ការធ្វើកូដកម្មដែលស្រដៀងគ្នាបានកើតមានឡើងនៅក្នុងទីក្រុងធំៗដទៃទៀតដែរដូចជា Xiamen និង Guiyang រួមទាំងទីក្រុងតូចៗចំនួនទៀត ។ វិស័យអចលនទ្រព្យត្រូវបានព្យាករណ៍ថា ស្មើនឹង១៥%នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន ។ ការធ្លាក់ចុះក្នុងវិស័យនេះអាចនឹងដាក់សម្ពាធផ្នែកហិរញ្ញវត្ថុលើក្រុមហ៊ុនអចលនទ្រព្យរបស់ប្រទេសចិនដែលជាប់បំណុលជាច្រើន ។
ភស្តុតាងបញ្ជាក់ពីការអន់ថយក៏ចាប់ផ្តើមលេចឡើងដែរ ។ យោងតាមក្រុមហ៊ុនស្រាវជ្រាវ CRIC បានឲ្យដឹងថា ចំនួនលក់បានធ្លាក់ចុះ ២៧% កាលពីខែមុន ព្រោះតែបុណ្យប្រពៃណីជាតិ ។
បើទោះជាតម្លៃផ្ទះថ្មីៗជាមធ្យមក្នុងទីក្រុងធំៗទាំង៧០របស់ប្រទេសចិនបានកើនឡើង១,៤%នៅខែសីហាពិតមែន ប៉ុន្ដែអ្នកវិភាគគិតថាការធ្លាក់ចុះនៃចំនួនលក់មានន័យថា ពេលបន្ទាបតម្លៃអចលនទ្រព្យបានចាប់ផ្តើមហើយ ។ ម្ចាស់ផ្ទះបានទាមទារឲ្យរដ្ឋាភិបាលចេញមុខក្នុងការដោះស្រាយជម្លោះជាមួយនឹងក្រុមហ៊ុនអចលនទ្រព្យ ដើម្បីបង្កើនតម្លៃអចលនទ្រព្យវិញ ។
គួរបញ្ជាក់ថា កាលពីខែមុន ក្រុមហ៊ុនអចលនទ្រព្យក្នុងប្រទេសចិនបានផ្តល់រថយន្តប្រណីតៗដោយឥតគិតថ្លៃ រួមជាមួយនឹងការលក់បញ្ចុះតម្លៃជាច្រើនដើម្បីទាក់ទាញអតិថិជន ខណៈដែលការរឹតបន្តឹងផ្នែកកម្ចី និងការទប់ស្កាត់ផ្នែកធនធានប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់ពួកគេ ។
ក្រុមហ៊ុន China Merchants Shekou Industrial Zone Holdings Co បានផ្តល់រថយន្តBMW Series 3 ឬ X1 ដល់អតិថិជនដែលទិញផ្ទះមានបន្ទប់គេងបី ឬផ្ទះប្រភេទ Townhouse ក្នុងគម្រោងរបស់ពួកគេក្នុងទីក្រុងសៀងហៃ ។ ការឲ្យរថយន្តនេះស្មើនឹងការលក់បញ្ចុះ តម្លៃប្រមាណ១០%ទៅលើតម្លៃអាផាតម៉ិនប្រមាណ ៤៥ម៉ឺនដុល្លារដែលមានទំហំ៨៩ម៉ែត្រការេ ។
ជាមួយគ្នានេះផងដែរ សម្រាប់គម្រោងរបស់China Evergrande Groupវិញ បានបង្កើនការបញ្ចុះតម្លៃពី១១ទៅ២៦% សម្រាប់អតិថិជនដែលត្រូវបានណែនាំដោយបុគ្គលិករបស់ Evergrand និងអតិថិជនមុនៗ ។
ការឲ្យរថយន្តដោយឥតគិតថ្លៃ និងការលក់បញ្ចុះតម្លៃនេះបង្ហាញឲ្យដឹងថា ក្រុមហ៊ុនអចលនទ្រព្យកំពុងតែព្យាយាមបង្កើនប្រាក់ចំណូល ។ ជាមួយគ្នានេះផងដែរ ការប្តេជ្ញារបស់ប្រទេសចិនក្នុងការទប់ស្កាត់កំណើនតម្លៃផ្ទះកាន់តែធ្វើឲ្យក្រុមហ៊ុនទាំងនេះជួបឧបសគ្គក្នុងការប្រាក់ចំណូលពីការលក់ ។
ក្រុមហ៊ុនអចលនទ្រព្យនៅហុងកុងក៏កំពុងតែផ្តល់កញ្ចប់ឥតគិតថ្លៃដែរដូចជា កញ្ចប់ធ្វើដំណើរ និងឥណទានងាយស្រួលជាដើម ដើម្បីទាក់ទាញអតិថិជន ៕
ចែករំលែកព័តមាននេះ