រាជធានីភ្នំពេញ ៖ ផ្ទះហ្គេមបាញ់ត្រីមួយកន្លែងនៅតំបន់មិនរៀបរយក្រោយប៉ុស្តិ៍ទួលសង្កែ១ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សីកែវ ចុះបង្ក្រាបដោយឃាត់ខ្លួន ស្ត្រីជាបុគ្គលិកម្នាក់ និងដកហូតទូហ្គេមចំនួន២គ្រឿង។
ការបង្ក្រាបល្បែងស៊ីសងនេះបានធ្វើឡើង កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ ២០១៨ បន្ទាប់ពីមានបទបញ្ជាពីលោកវរសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌឬស្សីកែវ ។
ស្ត្រីដែលត្រូវឃាត់ខ្លួនឈ្មោះសំ ស្រីដា អាយុ២៨ឆ្នាំ មុខរបរជាអ្នកមើលកាលខុសត្រូវ មានលំនៅផ្ទះស្នាក់នៅផ្ទះជួលគ្មានលេខផ្លូវ១៣៦ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ។
តាមព័ត៌មានអោយដឹងថា ផ្ទះបើកហ្គេមនេះបានដំណើរការជាយូរមកហើយ ដោយមានការត្រូវគ្នាជាមួយសមត្ថកិច្ចមួយចំនួនផងដែរ ។ ដោយមានបទបញ្ជាពីលោកអធិការ ខណ្ឌដែលទើបឡើង ថ្មី ក៍បានចុះបង្ក្រាបតែម្តង ។
នៅក្នុងការបង្ក្រាបល្បែងស៊ីសងនោះសមត្ថកិច្ចដកហូតបានទូហ្គេមចំនួន២គ្រឿង សៀវភៅកត់ពង់១ក្បាល និងប្រាក់ចំនួន៥០០០០រៀល។
ទាក់ទិនការបង្ក្រាបល្បែងស៊ីសងនេះទទួលបាននូវការគាំទ្រពីប្រជាពលរដ្ឋ ។
ទោះបីជាយ៉ាងណា ប្រជាពលរដ្ឋ ក៏បានធ្វើការរិះគន់ថា នៅក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ នៅមានល្បែងស៊ីសងជាច្រើនទៀត ដូចជាហ្គេមបាញ់ត្រី កត់ ភ្នាល់បាល់ ឆ្នោតនិង ផ្ទះអ៊ិនធើណេត នៅតាមផ្លូវជាតិលេខ៥ក្នុងសង្កាត់ឬស្សីកែវ ដែលកន្លង មកផ្ទះទាំងនោះត្រូវបានអាជ្ញាធរ ចុះបង្ក្រាបហើយ រួចបានដំណើរការឡើងវិញ ដោយដោះស្លាកចេញតែបុណ្ណោះ៕
ចែករំលែកព័តមាននេះ