ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកតាមដាន​ថា៖ «ពិត​ណាស់​ បង្ក​ដោយ​មនុស្ស​ដែល​​ពួក​នាង​ៗស្គាល់»

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អំពើ​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​យង់ឃ្នង​ទៅ​លើ​កុមារី​២​នាក់​បងប្អូន​ដោយ​គ្មាន​ធម៌​មេត្តា រួច​ញាត់ សព​ចូល​កេស​ដែក ​(​មុន​នេះ​ថាកេស​ឈើ​) បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ទូ​ទាំង​ប្រទេស​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ព្រោះ​ជា​សកម្មភាព​ដ៏សាហាវ គ្រា​ដែល​ឪពុក​ម្តាយ​ក្មេង​ស្រី​មិន​នៅផ្ទះ​។ បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​ពី​អំពើ​ឃាតកម្ម…

ខេត្តកំពង់ឆ្នាំង ៖ អំពើ​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​យង់ឃ្នង​ទៅ​លើ​កុមារី​២​នាក់​បងប្អូន​ដោយ​គ្មាន​ធម៌​មេត្តា រួច​ញាត់ សព​ចូល​កេស​ដែក ​(​មុន​នេះ​ថាកេស​ឈើ​) បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ទូ​ទាំង​ប្រទេស​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ព្រោះ​ជា​សកម្មភាព​ដ៏សាហាវ គ្រា​ដែល​ឪពុក​ម្តាយ​ក្មេង​ស្រី​មិន​នៅផ្ទះ​។ បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​ពី​អំពើ​ឃាតកម្ម លើ​កុមារី​២​នាក់​បងប្អូន​នេះ ក៏​មាន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ក្តី​មេត្តា​អាណិតអាសូរ​កុមារី​រង​គ្រោះ បាន​ទៅ​ចូលរួម​បុណ្យសព និង​ខ្លះ​ផ្ញើ​លុយកាក់​ទៅ​ចូល​បុណ្យសព ហើយ​អ្វី​ដែល​សំខាន់​ទៀត​នោះ គឺ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ក៏​បាន​ឧបត្ថម្ភ​ក្នុង​ពិធី​បុណ្យសព​កុមារី​រង​គ្រោះ​ដ៏​សន្ធឹកសន្ធាប់​ផង​ដែរ ។

នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ក្រៅពី​សប្បុរសជន​ជិត​ឆ្ងាយ គេ​សង្កេត​ឃើញ​មាន​លោកស្រី ហួ​ន ច័ន្ទ​បូ​រ៉ា នាយិកា​នាយកដ្ឋាន​ទំនាក់ទំនង​កាកបាទ​ក្រហម​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​នាំ​យក​ថវិកា​និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​របស់​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ទៅ​ចូលរួម​បុណ្យសព​កុមារី​រង​គ្រោះ​ដល់​វត្ត​ធម្មទាន​វ័ន ស្ថិត​ក្នុងភូមិ​ថ្មី ឃុំ​ផ្សារ ស្រុក​បរិបូណ៌ ។

នៅ​ក្នុង​ឱកាស​នោះ លោកស្រី ហួ​ន ច័ន្ទ​បូ​រ៉ាមាន​ប្រសាសន៍​ថា ដោយ​ក្តី​អាណិតអាសូរ​ចំពោះការ​បាត់​បង់ ជីវិត​កុមារី​រង​គ្រោះ​ទាំង​២​នាក់​បងប្អូន សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន កាក បាទ ក្រហមកម្ពុជា បាន​ចាត់តាំង​លោកស្រី​ឲ្យ​ដឹកនាំ​ប្រតិភូ​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​មួយ​ចំនួន​មក​ឧបត្ថម្ភ​ដល់​ពិធី​បុណ្យសព ក្នុង​នោះ​មាន​អង្ករ​២០០​គីឡូក្រាម មី​៧​កេស ត្រីខ​៧​យួរ ទឹកបរិសុទ្ធ​៧​កេស និង​ថវិកា​ចំនួន​២០​លាន​រៀល ។ លោកស្រី សូម​ពាំនាំ​នូវ​បណ្តាំ​ផ្តាំផ្ញើ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន សូម​ចូលរួម​សោកស្តាយ​និង​រំលែក​ទុក្ខ​ដ៏​សែន​ក្រៀមក្រំ​នេះ និង​សូម​ផ្តាំផ្ញើ​ដល់​ឪពុក​ម្តាយ​កុមារី​រង​គ្រោះ ត្រូវ​ពង្រឹងស្មារតី​ខិតខំ​តស៊ូ​ក្នុង​ជីវិត​បន្ត​ទៀត និង​ផ្ចង់ស្មារតី​រៀបចំ​ធ្វើ​បុណ្យសព​កូន​ទៅ​តាម​គន្លង​ប្រពៃណី​ផង​ដែរ ។

នៅ​ក្នុង​ឱកាស​នោះ លោក ប៊ិ​ន សុ​ផា​ន មេឃុំ​ផ្សារ តាង​នាម​ជំនួស​មុខ​ឱ្យ​ក្រុម​គ្រួសារ នៃ​សព​កុមារី​រង​គ្រោះ បាន​លើកដៃ​សំពះ​ថ្លែង​អំណរ​គុណ​ដល់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ដែល​ជា​និច្ចកាល​តែង​យកចិត្តទុកដាក់​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ធម្មជាតិ និង​រង​គ្រោះ​ដោយ​កត្តា​ផ្សេង​ៗ ។ ជាក់ស្តែង​ថ្ងៃនេះ​អំណោយ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មាន​ចំនួន​សន្ធឹកសន្ធាប់ ។ ជាមួយ​គ្នា​នេះ ក៏ សូមថ្លែង អំណរគុណ​សប្បុរសជន​ជិត​ឆ្ងាយ ដែល​បាន​មក​ចូលរួម​បុណ្យសព​កុមារី​រង​គ្រោះ​ក្នុងថ្ងៃនេះ​ផង​ដែរ ។

សូម​រំឭក​ថា កុមារី​រង​គ្រោះ​២​នាក់​បងប្អូន​ត្រូវ​បាន​ឪពុក​ម្តាយ​ទៅ​ធ្វើការ​នៅ​ស្រុក​ឆ្ងាយ ក្នុងនោះ​ឪពុក​ឈ្មោះ ប្រាក់ ជា ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ឯ​ម្តាយ​ឈ្មោះ អុល ធីតា ទៅ​ធ្វើការ​នៅ​ភ្នំពេញ ហើយ​ទុក​កូន​ទាំង​២​នាក់​ឲ្យ​នៅ​ចាំផ្ទះ ដោយ​គ្រាន់តែ​ផ្តាំផ្ញើ​មាមីង​ឲ្យ​ជួយ​មើល​ប៉ុណ្ណោះ ។ នៅ​យប់​ថ្ងៃ​ទី​១៧ ខែតុលា កុមារី​ជា​បង​ឈ្មោះ អ៊ុ​ន ល​ក្ខិ​ណា អាយុ​១៤​ឆ្នាំ និង​ប្អូនស្រី​ឈ្មោះ ជន់ មេត្តា អាយុ​៧​ឆ្នាំ ទាំង​២​នាក់​ត្រូវ​បាន​ឃាតករ​មិន​ស្គាល់​មុខ​ឡើង​សម្លាប់​ដល់​លើ​ផ្ទះ រួច​ញាត់​សព​ចូល​ក្នុង​ហិប​ដែក ។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១៨ ខែតុលា វេលា​ម៉ោងជាង​១១​ព្រឹក ឪពុកមា​ឈ្មោះ ភី វុ​ទ្ធី បាត់​ក្មួយ​ស្រី​ទាំង​២​នាក់​យូរ​ពេក មានការ​សង្ស័យ​ក៏​តាម​រក​ស្រាប់​ឃើញ​ក្មួយ​ស្រី​ទាំង​២​នាក់​ត្រូវ​ឃាតករ​សម្លាប់​រួច​ញាត់​ចូល​ក្នុង​ហិប​ដែក​នៅ​លើ​ផ្ទះ ទើបបណ្ដាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង ។

ជាមួយ​គ្នា​នេះ បន្ទាប់​ពី​មាន​សារព័ត៌មាន​នានាបាន​ចុះ​ផ្សាយ​ពី​អំពើ​ឃាតកម្ម​ដ៏​សាហាវយង់ឃ្នងនេះ ក៏​មាន​សប្បុរសជន​ជា​ច្រើន​បាន​ទៅ​ជួយ​ឧបត្ថម្ភ​ជា​បន្តបន្ទាប់ ដែល​តាម​លោក​មេឃុំ​ផ្សារបាន​ឲ្យ​ថា ថវិកា​ចូលរួម​បុណ្យសព​កុមារី​រង​គ្រោះ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៩ តុលា មាន​ចំនួន​ជាង​៣៤​លាន​រៀល ក្នុង​នោះ​២០​លាន​រៀល ជា​អំណោយ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ។

ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​បាន​បញ្ជាក់​ថា អំពើ​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​នេះ មាន​ប្តី​ប្រពន្ធ​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​មក​សាកសួរ ។ អ្នកតាមដាន​បាន​និយាយ​ក្រៅផ្លូវការ​នៅឡើយ​ថា ការ​សម្លាប់​ក្រោយ​ចាប់រំលោភ​នាង​បង​នោះ គឺ​ពិត​ណាស់​បង្ក​ដោយ​មនុស្ស​ដែល​ពួក​នាង​ស្គាល់ ទើប​ឈាន​ដល់​ការ​សម្លាប់​បំបិទមាត់ ។ បើ​បែប​នេះ​មែន​មិនយូរ​ទេ ឃាតករ​ឈាមខ្មៅ​នោះ​ច្បាស់​ជា​ចុះ​នរក​មិន​ខាន ៕

អត្ថបទសរសេរ ដោយ