ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អ៊ិ​ត សំ​ហេង ៖ បញ្ហា​ប្រឈម​នានា​នៃ​ពាណិជ្ជកម្ម​ពិភពលោក​មិន​ប៉ះពាល់​ការ​បញ្ជា​ទិញ​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​លោក អ៊ិ​ត សំ​ហេង បាន​អះអាង​បញ្ហា​ប្រឈម​នានា​នៃ​ពាណិជ្ជកម្ម​លើ​ពិភពលោក​មិន​ប៉ះពាល់​ដល់​ការ​បញ្ជា​ទិញ​ទំនិញ​នៅ​កម្ពុជា​នោះ​ទេ ។ រដ្ឋមន្ដ្រីក្រសួង​បាន​លើក​ឡើង​ទៀត​ថា មូលហេតុ​បញ្ហា​ប្រឈម​នានា​នៃ​ពាណិជ្ជកម្ម​លើ​ពិភពលោក​មិន​ប៉ះពាល់​ដល់​ការ​បញ្ជា​ទិញ​នៅ​កម្ពុជា​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​លោក អ៊ិ​ត សំ​ហេង បាន​អះអាង​បញ្ហា​ប្រឈម​នានា​នៃ​ពាណិជ្ជកម្ម​លើ​ពិភពលោក​មិន​ប៉ះពាល់​ដល់​ការ​បញ្ជា​ទិញ​ទំនិញ​នៅ​កម្ពុជា​នោះ​ទេ ។

រដ្ឋមន្ដ្រីក្រសួង​បាន​លើក​ឡើង​ទៀត​ថា មូលហេតុ​បញ្ហា​ប្រឈម​នានា​នៃ​ពាណិជ្ជកម្ម​លើ​ពិភពលោក​មិន​ប៉ះពាល់​ដល់​ការ​បញ្ជា​ទិញ​នៅ​កម្ពុជា​នោះ​ទេ ដោយសារ​ដៃគូរ​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា​នៅ​តែ​បន្ដ​កិច្ច​សហប្រតិបត្ដិការ​ជាមួយ​គ្នា​ដដែល ។ ការ​អះអាង​របស់​លោក​រដ្ឋមន្ត្រី​ប្រាប់​អ្នក​សារព័ត៌មាន ក្រោយ​បញ្ចប់​ជំនួប​ពិ​ភ្សា​ការងារ​ជាមួយ​សមាគម​អ្នកបញ្ជា​ទិញ ដឹកនាំ​ដោយ​លោក Mechael Posner ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​យុត្ដិធម៌​ការងារ​របស់​សហរដ្ឋអាមេរិក (FLI) និង​រួម​ទាំង​ក្រុម​អ្នកបញ្ជា​ទិញ​ផលិតផល​សំលៀក​បំពាក់ និង​ស្បែកជើង​សម្រាប់​នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក និង​សហ​គម​អ៊ឺ​រ៉ុ​ប​នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា នៅ​ទីស្ដីការក្រសួង ។

លោក​អ៊ិ​ត សំ​ហេង រដ្ឋមន្ដ្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ក៏​បាន​ឲ្យ​ដឹង​ថា ការ​ពិភាក្សា​នា​ពេល​នេះ​ក្នុង​គោលបំណង​ពិនិត្យ​មើល​នូវ​វឌ្ឍនភាព​ទាក់ទង​ទៅ​នឹង​លក្ខខណ្ឌ​ការងារ​ការ​រៀបចំ​ប្រាក់​ឈ្នួល យន្ដការ​ដោះស្រាយ​វិវាទ​ការងារ និង​ការ​អនុវត្ដ​ច្បាប់​សហជីព​ជាដើម ។ លោក​បញ្ជាក់​ថា «​ការ​ពិភាក្សា​នេះ​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម និង​រួម​គ្នា ដើម្បី​បន្ដ​កិច្ច​សហប្រតិបត្ដិការ​ទៅ​មុខ​បន្ដ​ទៀត​» ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​រដ្ឋមន្ត្រី​ក៏​បញ្ជាក់​ថា ភាគី​ទាំង​ពីរ​សង្ឃឹមថា បញ្ហា​ប្រឈម​នានា​នៃ​ពាណិជ្ជកម្ម​លើ​ពិភពលោក​ដែល​បាន​កើតឡើង​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​មិន​ប៉ះពាល់​ដល់​កិច្ច​សហប្រតិបត្ដិការ​រវាង​ដៃគូ​នានា​ដែល​ជា​អ្នកបញ្ជា​ទិញ​ផលិតផល​សំលៀក​បំពាក់ និង​ស្បែកជើង​សម្រាប់​នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក និង​សហ​គម​អ៊ឺ​រ៉ុ​ប និង​កម្ពុជា​នោះ​ទេ ។

លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា «​យើង​ក៏​សង្ឃឹមថា បញ្ហា​ប្រឈម​នានា​ដែល​កើតឡើង​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ទាក់ទង​នឹង​បញ្ហា​ពាណិជ្ជកម្ម​របស់​ពិភពលោក គឺ​នឹង​មិន​ប៉ះពាល់​ទៅ​ដល់​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​ដៃគូ​ទាំង​អស់នោះ​ទេ ហើយ​ដៃគូ​ទាំងអស់​ជាមួយ​យើង គឺ​សុទ្ធតែ​មានគំនិត​នេះ​ដូច​គ្នា​» ។ លោក​អ៊ិ​ត សំ​ហេង ក៏​បាន​បញ្ជាក់​ដែរ​ថា ការ​ជួប​ពិភាក្សា​គ្នា​ជាមួយ​សមាគម FLA ខាងលើ​នេះ គឺ​ដើម្បី​ពិនិត្យ​ឡើង​វិញ ទៅ​លើ​វឌ្ឍនភាព​លក្ខខណ្ឌ​ការងារ ការ​រៀបចំ​ប្រាក់​ឈ្នួល យន្តការ​ដោះស្រាយ​វិវាទ និង​ការ​អនុវត្ត​ច្បាប់​សហជីព​ជាដើម ហើយ​ក្នុង​កិច្ច​ពិភាក្សា​នា​ពេល​នេះ ក៏​បាន​លើក​ឡើង​ពី​វឌ្ឍនភាព និង​បញ្ហា​ប្រឈម​នានា​ផង​ដែរ ។ តែ​ទោះជា​យ៉ាងណា​កម្ពុជា​រួម​ជាមួយ​ដៃគូ​នានា​របស់​ខ្លួន​នៅ​តែ​បន្ត​ដោះស្រាយ​រួម​គ្នា ដើម្បី​បន្ត​កិច្ច​សហប្រតិបត្តិការ​ទៅ​មុខ​ទៀត ។

សូម​ជម្រាប​ថា សមាគម​យុត្តិធម៌​ការងារ (FLA) គឺជា​សមាគម​ធំ​របស់​សហរដ្ឋអាមេរិក​ដែល​តំណាង​ឱ្យ​អ្នកបញ្ជា​ទិញ​ផលិតផល​សម្លៀក​បំពាក់ និង​ស្បែកជើង​ពី​កម្ពុជា​ទៅ​កាន់​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប ។ សមាគម​នេះ​ក៏​ជា​ដៃគូ​ចាស់​ដ៏​ល្អ​មួយ​របស់​កម្ពុជា​ផង​ដែរ ។

សូម​បញ្ជាក់​ថា យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​អឺរ៉ុប​បាន​បញ្ជាក់​ថា ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប​នឹង​ធ្វើការ​តាមដាន និង​វាយតម្លៃ​អំពី​ស្ថានភាព​ក្នុង​ប្រទេស​កម្ពុជា​រយៈពេល​៦​ខែ​ទៀត ចាប់ពី​ពេល​ជូនដំណឹង​មុន​ឈាន​ទៅ​សម្រេច​ថា តើ​គួរ​បញ្ឈប់​នីតិវិធី​លុប​ចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ជា​បណ្ដោះអាសន្ន ឬ​ធ្វើការ​លុប​ចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ជា​បណ្ដោះអាសន្ន​នេះ​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ