សិល្បករ​បុរាណ​៣​នាក់កំពុង​ញាំញី​ដោយ​រោគា


រាជធានី​ភ្នំពេញ​៖ សិល្បករ​ជើង​ចាស់​លោកតា​ប្រាជ្ញ ឈួ​ន លោកតា​គង់ ណៃ និង​លោក​ឈិ​ន ឈាង កំពុង​តែ​ធ្លាក់ខ្លួន​ឈឺ​តំណាលគ្នា ជាមួយនឹង​ភាព​ជរា​របស់​ពួក​គាត់​ផង ។ ពួក​គាត់​ទាំង​បី​នាក់​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​ជំងឺ​ធ្វើ​ទុក ។

លោក​គង់ បុរាណ កូនប្រុស​របស់​លោក​គង់ ណៃ កាលពី​ថ្ងៃ​ទី​១៧ តុលា ២០១៨ ឲ្យ​ដឹង​ថា ឪពុក​របស់​លោក​ចាប់ផ្តើម​មាន​អាការ​ខ្សោយ​អស់កម្លាំង​តាំងពី​មុន​បុណ្យ​ភ្ជុំ ប៉ុន្តែ​ដោយ​សារ​គាត់​ទ្រាំ​បាន​ទើប​មិន​ទាន់​យក​ទៅ​មន្ទីរពេទ្យ ។ នៅ​ក្រោយ​បុណ្យ​ភ្ជុំ អាការ​ឪពុក​លោក​បាន​ចាប់ផ្តើម​ធ្ងន់ ទើប​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុងស្រុក​កំពង់ត្រាច ខេត្តកំពត ។

លោក​គង់ បុរាណ បញ្ជាក់​ថា តាម​ការ​បញ្ជាក់​ពី​ក្រុម​គ្រូពេទ្យ ឪពុក​របស់​លោក​មាន​បញ្ហា​លើស​ជាតិ​ស្ករ​ក្នុង​កម្រិត​ខ្ពស់ ហើយ​អាច​វិ​វ​ឌ្ឍ​ទៅ​រក​ជំងឺ​ទឹកនោមផ្អែម ។ បន្ទាប់​ពី​ទទួល​ការ​ព្យាបាល​អាការ​ជំងឺ​របស់​លោកតា​គង់ ណៃ បាន​គ្រាន់បើ​បន្តិច​ហើយ ប៉ុន្តែ​នៅ​ហេវ​ហត់​អស់កម្លាំង​ដដែល ដោយសារ​តែ​គាត់​មាន​ភាព​ចាស់ជរា ដែល​គិត​មក​ដល់​ពេល​នេះ​ចូល​វ័យ​៧៦​ឆ្នាំ​ហើយ ។

ចំណែក​ព្រឹទ្ធាចារ្យ​ភិ​រម្យ​ប្រាជ្ញ ឈួ​ន កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ដែរ​។ លោកតា​ប្រាជ្ញ ឈួ​ន ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ជា​ច្រើន​ឆ្នាំ កំពុង​សម្រាក​ព្យាបាល​នៅ​ឯ​ស្រុក​កំណើត​ស្ថិត​ក្នុងភូមិ​សម៉ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ ដោយ​សុខភាព​របស់​គាត់​កាន់តែ​ដុនដាប​ហើយ ។

លោក​ប្រាជ្ញ ឆាត ជា​កូន​បាន​អះអាង​ថា សុខភាព​ឪពុក​របស់​លោក​កាន់តែ​ធ្លាក់​ចុះ​ខ្លាំង​ជាង​២​ស​ប្ដា​ហ៍​មកនេះ ពោល​គឺ​តាំង​មុន​ភ្ជុំបិណ្ឌ ដោយ​មិនសូវ​ជា​នឹកនា​បាយ​ទឹក ហើយ​វង្វេង​ម្ដងម្កាល ។ ដោយ​សុខភាព​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង​កាន់តែ​ទ្រុឌទ្រោម​បែប​នេះ លោក​ប្រាជ្ញ ឆាត ប្រាប់​ថា កាលពី​រដូវ​ភ្ជុំ ព្រះសង្ឃ​ចំនួន​២​វត្ត បាន​ដឹកនាំ​ញាតិ​ញោម​ក្នុងភូមិ​ធ្វើ​ពិធីសូត្រមន្ត​ឲ្យ​គាត់​ចំនួន​២​ថ្ងៃ ព្រមទាំង​ជូន​ប្រាក់ និង​សម្ភារ​មួយ​ចំនួន ។

ក្រៅពី​ពិធី​តាម​ផ្លូវ​ព្រះធម៌ លោកតា​ព្រឹទ្ធាចារ្យ​ប្រាជ្ញ ឈួ​ន ទទួល​ការ​ព្យាបាល​ជា​ប្រចាំ​ពី​គ្រូពេទ្យ ក្នុងភូមិ​ដែល​ត្រូវជា​ចៅ ។ លោកតា​ប្រាជ្ញ ឈួ​ន មាន​វ័យ​៨២​ឆ្នាំ​ហើយ​។

ដោយឡែក​ព្រឹទ្ធាចារ្យ​អា​យ៉ៃ​លោក​ឈិ​ន ឈាង ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​ជំងឺ​ប្រចាំ​កាយ​រើ​ឡើង​គួរ​ឲ្យ​ព្រួយបារម្ភ ។ បច្ចុប្បន្ន​គាត់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល​ម៉ែ​ត ហើយ​មាន​អ្នកសិល្បៈ​ជា​ច្រើន​ទៅ​សួរសុខទុក្ខ​ជា​បន្តបន្ទាប់ ៕

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ