ខេត្តកំពង់ធំ ៖ ស្ត្រីម្នាក់ចុះដកព្រលឹត ហើយបានលង់ទឹកស្លាប់ត្រូវបានពលរដ្ឋប្រទះឃើញកាលពីវេលា ម៉ោង២រសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅចំណុចតាម៉ូងបាក់ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិពង្រលីញ ឃុំក្រវា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ករណីមនុស្សលង់ទឹកស្លាប់ ខាងលើនេះ សពជនរងគ្រោះឈ្មោះ ទឹម រដ្ឋ ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិពង្រលីញ ឃុំក្រវ៉ា ស្រុកបារាយណ៍។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋប្រាប់ថា ជនរងគ្រោះបានបាត់ខ្លួន តាំងពីថ្ងៃទី១៤ ខែតុលា មកម្ល៉េះ រហូតដល់រសៀលថ្ងៃទី១៦ ខែតុលា ទើបមានប្រជាពលរដ្ឋដែលយក គោទៅឃ្វាលនៅក្បែរទីនោះបានធុំក្លិនស្អុយយ៉ាងខ្លាំង ដែលធ្វើឲ្យគាត់មានចម្ងល់ សង្ស័យមានអ្វីស្លាប់ ហើយមើលទៅ បានជាធុំក្លិនយ៉ាងដូច្នេះ គាត់ក៏រកមើលក៏ប្រទះឃើញសាកសពហើមអណ្ដែតក្នុងស្រះទឹក ខាងលើ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចបានចុះទៅធ្វើកំណត់ហេតុ សន្និដ្ឋានថា ជនរងគ្រោះស្រវឹងស្រាចុះបេះព្រលឹតក៏បណ្តាលឲ្យ លង់ទឹកស្លាប់តែម្តង។ ពលរដ្ឋបញ្ជាក់ថា ជនរងគ្រោះជាមនុស្សញៀនស្រាម្នាក់ គាត់ផឹកជាប្រចាំ ដល់យូរៗទៅសឹងតែគ្រប់គ្រងខ្លួនឯងលែងបាន៕
ចែករំលែកព័តមាននេះ