ខេត្តកំពង់ស្ពឺ ៖ រណ្តៅដីជាច្រើនកន្លែងរបស់ក្រុមឈ្មួញរកស៊ីជីកកាយយកអាចម៍ដីលក់ ត្រូវបានប្រជាពលរដ្ឋប្រាប់ឱ្យដឹងថា រណ្តៅដីទាំងអស់នោះ មិនមានច្បាប់អនុញ្ញាតនោះទេ គឺមានការឃុបឃិត ជាមួយអាជ្ញាធរ ទើបក្រុមឈ្មួញបានដៃជីកកាយមិនញញើត មានរណ្តៅខ្លះជិតដល់ក្បាលប្រេត ទៅហើយ។ បើទោះបីជាជំនាញក្រសួងរ៉ែ និងថាមពលថ្នាក់លើៗចុះមកពិនិត្យក៏ដោយ ក៏ជំនាញរ៉ែ និងថាមពលស្រុក-ខេត្ត នាំគ្នាពង្វាងមិនឱ្យចូលពិនិត្យមើលរណ្តៅដីអត់ច្បាប់នោះដែរ ពីព្រោះគឺជាឆ្នាំងបាយរបស់អស់លោក។ គេនាំឱ្យទៅចុះពិនិត្យមើលតែរណ្តៅដីណាមានច្បាប់ទម្លាប់ ត្រឹមត្រូវ និងបានគោរពច្បាប់ ទៅក្រសួងស្របច្បាប់តែប៉ុណ្ណោះ។
ជាក់ស្តែងរណ្តៅដីមួយកន្លែងនៅ ខាងកើតភ្នំជ្រៃហូរភ្នៅ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មិនត្រឹមតែជីកកាយដីនោះទេ ថែមទាំងជីក កាយយកថ្មភ្នំថែមទៀតផង។ ដោយម្ចាស់ក្រុមហ៊ុន និងគ្រឿងចក្រមិនខ្លាចញញើតច្បាប់ឡើយ ដោយគេអាងមន្ត្រីការិយាល័យរ៉ែ និងថាមពលស្រុកគងពិសីម្នាក់ជាអ្នកកាងផងដែរ។ ដោយឡែករណ្តៅដីមួយកន្លែងដែលអត់ច្បាប់ទៀតនោះ នៅម្តុំខាងលិចឃុំអង្គពពេល ស្រុកគងពិសី ដែលជីកជិតដល់ក្បាលប្រេតដែរ។ ជាងនេះទៅទៀតរណ្តៅដីមួយកន្លែងនៅភូមិឫស្សី ឃុំរកាកោះ ស្រុកគងពិសី ដែលមានម្ចាស់ឈ្មោះ ជុំ ដាណែត បានធ្វើសកម្មភាពកាយដីជិតដល់ក្បាលប្រេតទៅហើយនោះ ត្រូវបានមន្ត្រីជំនាញអះអាងថា កំពុងសុំច្បាប់ទៅក្រសួង។
ជាក់ស្តែងកាលពីពេលថ្មីៗកន្លងទៅមានអធិការកិច្ចរបស់ក្រសួងមួយក្រុមដែលមានអនុប្រធានមន្ទីរមួយរូប ព្រមទាំងមន្ត្រីក្រោមឱវាទបានចុះត្រួតពិនិត្យតាមរណ្តៅដីទូទាំងស្រុក(ខេត្ត) មិនត្រូវបានជំនាញនាំចុះទៅ ពិនិត្យរណ្តៅដីរបស់ឈ្មោះ ជុំ ដាណែត ឡើយ។ មិនដឹងថា តើអស់លោកមន្ត្រីជំនាញទាំងនោះ ត្រូវគ្នាកម្រិតណាឡើយ ទើបប្រឹងនាំគ្នាបិទបាំងដូច្នេះ។ បើតាមសម្តីរបស់ម្ចាស់រណ្តៅដីមួយចំនួន ដែលបានសុំច្បាប់ត្រឹមត្រូវនោះបានលើកឡើងថា ពួកគាត់មិនតូចចិត្តទេ ការរកស៊ីស្របច្បាប់បង់ពន្ធ ចូលរដ្ឋអស់ហើយ ស្រាប់តែមានមន្ត្រីមួយចំនួនមកគោះម្តងម្កាលៗ មិនថាអីទេ ប៉ុន្តែគ្រាន់តែថ្នាក់លើ ចុះពិនិត្យនោះ គ្រាន់តែថ្លៃហូបបាយមួយពេល២ទៅ៣រយដុល្លារទៅហើយ។
ចុះរណ្តៅដីគេគ្មានច្បាប់ ទម្លាប់នោះ ម៉េចក៏មិននាំថ្នាក់លើទៅពិនិត្យផង ? លើសពីនេះទៀតនៅភូមិត្រពាំងឈូក ឃុំពោធិអង្ក្រង ស្រុកបសេដ្ឋឯណោះវិញ ជាប់ស្ទឹងស្លាគូរឈ្មួញម្នាក់ឈ្មោះសុខ ដែលជំនាញអះអាងថា មានអាជ្ញាប័ណ្ណក្រសួងនោះកំពុងធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋរស់នៅទីនោះយ៉ាងខ្លាំង ដោយគេសុំច្បាប់បូមខ្សាច់ និងកាយដីស្ទឹង តែខាងស្រុកត្រាំកក់ (ស្ទឹងស្លាគូរ) ឯណោះទេ តែការកាយ និងបូមយូរៗទៅដីស្ទឹងកាន់តែបាក់ធំឡើងៗរហូតដល់ស្រែប្រជាពលរដ្ឋ បើទោះជាពលរដ្ឋម្ចាស់ស្រែតវ៉ាយ៉ាងណា ក៏គេមិនញញើតឡើយ។
ជាងនេះទៅទៀតមេការរបស់ថៅកែសុខម្នាក់ឈ្មោះ បេន បាននិយាយទៅកាន់ម្ចាស់ស្រែថា បើស្រែណាបាក់ចូលរណ្តៅដីគេ ហើយមិនលក់ក៏គេមិនថាដែរ តែនៅពេលដែលដីបាក់កុំបន្ទោសគេ ហើយបើគេទិញវិញ គឺវាស់ជំហានដើរមិនបាច់វាស់ដោយម៉ែត្រនោះទេ។ ជាពិសេសបើម្ចាស់ស្រែណា មិនលក់ ពេលគេទិញស្រែជុំវិញបាន ហើយគេនឹងកាយដីផ្តាច់ផ្លូវមិនឱ្យចូលទៅស្រែបានឡើយ៕
ចែករំលែកព័តមាននេះ