ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ប្រហែល​មិន​អាច​ដាក់​ពន្ធ​លើ​រថយន្ត​ជប៉ុន​ទេ

5 ឆ្នាំ មុន

ទីក្រុង​តូ​ក្យូ ៖ សេដ្ឋវិទូ​បាន​ឲ្យ​ដឹង​ថា សហរដ្ឋអាមេរិក​ប្រហែលជា​មិន​បង្កើន​ពន្ធ​លើ​រថយន្ត​​នាំ​ចូល​ពី​ប្រទេស​ជប៉ុន​ទេ ព្រោះ​ប្រទេស​ទាំង​ពីរ​បាន​ព្រមព្រៀង​ថា​នឹង​ចាប់ផ្តើម​ការ​ចរចា​ពាណិជ្ជកម្ម​ថ្មី ប៉ុន្តែ​សេដ្ឋវិទូ​ភាគច្រើន​គិត​ថា​ជម្លោះ​ពាណិជ្ជកម្ម​រវាង​អា​មេ​រិ​ក​និង​ចិន និង​ប្រទេស​ដទៃ នឹង​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រទេស​ជប៉ុន ។ សហរដ្ឋអាមេរិក​បាន​គំរាម​ថា…

ទីក្រុង​តូ​ក្យូ ៖ សេដ្ឋវិទូ​បាន​ឲ្យ​ដឹង​ថា សហរដ្ឋអាមេរិក​ប្រហែលជា​មិន​បង្កើន​ពន្ធ​លើ​រថយន្ត​​នាំ​ចូល​ពី​ប្រទេស​ជប៉ុន​ទេ ព្រោះ​ប្រទេស​ទាំង​ពីរ​បាន​ព្រមព្រៀង​ថា​នឹង​ចាប់ផ្តើម​ការ​ចរចា​ពាណិជ្ជកម្ម​ថ្មី ប៉ុន្តែ​សេដ្ឋវិទូ​ភាគច្រើន​គិត​ថា​ជម្លោះ​ពាណិជ្ជកម្ម​រវាង​អា​មេ​រិ​ក​និង​ចិន និង​ប្រទេស​ដទៃ នឹង​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រទេស​ជប៉ុន ។

សហរដ្ឋអាមេរិក​បាន​គំរាម​ថា នឹង​ដាក់​ពន្ធ ២៥%​លើ​រថយន្ត​នាំ​ចូល​ពី​ប្រទេស​ជប៉ុន ប៉ុន្តែ​អា​មេ​រិ​កបាន​ព្រមព្រៀង​ថា​នឹង​មិន​ធ្វើ​ដូច្នេះ ខណៈ​ដែល​កំពុង​ចរចា​ពាណិជ្ជកម្ម​ជាមួយ​ជប៉ុន ។

លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ឲ្យ​ដឹង​ច្បាស់​ថា លោក​មិន​សប្បាយ​ចិត្តនឹង​អតិរេក​ពាណិជ្ជកម្ម​ប្រមាណ ៦៩​ប៊ី​លាន​ដុល្លារ​របស់​ជប៉ុន​ជាមួយនឹង​សហរដ្ឋអាមេរិក​ឡើយ ។

យោង​តាម​ការ​ស្ទង់​មតិ​មួយ​បាន​ឲ្យ​ដឹង​ថា មាន​អ្នកវិភាគ ២៧​នាក់​ក្នុង​ចំណោម​៣៥​នាក់​គិត​ថា លទ្ធភាព​ដែល​សហរដ្ឋអាមេរិក​អាច​ដាក់​ពន្ធ​លើ​រថយន្ត​ជប៉ុន​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ឬ​មធ្យម ។ ប៉ុន្តែ​អ្នកវិភាគ​ជា​ច្រើន​ព្យាករណ៍​ថា​សហរដ្ឋអាមេរិក​អាច​នឹង​បង្កើន​ពន្ធ​ដែល​បច្ចុប្បន្ន​ស្មើ ២,៥% លើ​រថយន្ត​ជប៉ុន និង​២៥%​លើ​រថយន្ត​ដឹក​ទំនិញ ។

លោក Atsushi Takeda ប្រធាន​សេដ្ឋវិទូ​ន​នៅ​វិទ្យាស្ថាន Itochu Economic Research Institute បាន​ឲ្យ​ដឹង​ថា ៖« គោល​ជំហរ​របស់​សហរដ្ឋអាមេរិក​មិន​ផ្លាស់​ប្តូរ​ទេ ហើយ​ពួក​គេ​នៅ​តែ​ទាមទារ​ឲ្យ​ជប៉ុន​កាត់​បន្ថយ​អតិរេក​ពាណិជ្ជកម្ម​របស់​ខ្លួន​ជាមួយនឹង​សហ​រដ្ឋ​អាមេរិក​។ ដូច្នេះ សហរដ្ឋអាមេរិក​នៅ​តែ​អាច​អនុម័ត​ការ​ហាមឃាត់​មួយ​ចំនួន​លើ​ការ​នាំ​ចេញ​យានយន្ត​ជប៉ុន​ទៅ​កាន់​សហរដ្ឋអាមេរិក​ដែល​រួម​មាន​បង្កើន​ពន្ធ​ជាដើម »​។

ទាក់ទិន​នឹង​ផល​ប៉ះពាល់​នៃ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​ទៅ​លើ​ជប៉ុន​វិញ អ្នកវិភាគ​ចំនួន​២៥​នាក់​ក្នុង​ចំណោម ៣៤​នាក់​គិត​ថា វា​នឹង​មានការ​ប៉ះពាល់​យ៉ាង​ខ្លាំងក្លា​ឬ​ច្រើន ។

គួរ​រំឭក​ថា សហរដ្ឋអាមេរិក និង​ប្រទេស​ជប៉ុន បាន​ចរចា​ជា​ជំហាន​ដំបូង​ម្ដង​រួច​ហើយ ជុំវិញ​ផែនការ​ដាក់​ពន្ធ​លើ​យានយន្ដ​របស់​ជប៉ុន​ពី​សំណាក់​រដ្ឋាភិបាល​លោក​ដូ​ណា​ល់ ត្រាំ ប៉ុន្ដែ​ការ​ចរចា​នោះ ពុំ​ទទួល​បាន​លទ្ធផល​ផ្លែផ្កា​ឡើយ ដោយហេតុ​ថា ប្រទេស​ជប៉ុន​ចង់​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ក្នុង​វេទិកា​ដូច​ជា កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក ប៉ុន្តែ​សហរដ្ឋអាមេរិក​ចង់បាន​កិច្ចព្រមព្រៀងទ្វេភាគី​ទៅ​វិញ ។

យ៉ាងណា​ក្តី ប្រទេស​ជប៉ុន​អាច​នឹង​ព្រម​ទទួល​កិច្ចព្រមព្រៀងទ្វេភាគី ប្រសិនបើ​សហ​រដ្ឋ​អាមេរិក មិន​ដាក់​ពន្ធ​បន្ថែម​លើ​វិស័យ​យានយន្ត​។ អ្នកវិភាគ​បាន​ឲ្យ​ដឹង​ថា លោក​ប្រធានា​ធិបតី​ត្រាំ អាច​នឹង​ងាក​មក​ចាប់អារម្មណ៍​លើ​ជប៉ុន បន្ទាប់​ពី​លោក​ដោះស្រាយ​បញ្ហា​ជា​មួយ​នឹង​ចិន និង​ការ​ចរចា​លើ​កិច្ចព្រមព្រៀង NAFTA ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ