ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ថា​សង្ស័យ​មក​ពី​កាណូត​បូម​ខ្សាច់ ទើប​បាក់​ផែ​ឯកជន​ចូល​ទៅ​ក្នុង​ទន្លេមេគង្គ

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ផែ​ឯកជន​មួយ​កន្លែង​មាន​ម្ចាស់​ដី​ឈ្មោះ សុខ ជាតិ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ត្រង់​ទីតាំង ភូមិ​ដូន​ម៉ៅ​លើ ឃុំ​ទន្លេ​បិទ…

ខេត្ត​ត្បូងឃ្មុំ ៖ ផែ​ឯកជន​មួយ​កន្លែង​មាន​ម្ចាស់​ដី​ឈ្មោះ សុខ ជាតិ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ត្រង់​ទីតាំង ភូមិ​ដូន​ម៉ៅ​លើ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ បាន​បាក់​ប្រវែង​៣០​ម៉ែត្រ​ចូល​ទៅ​ក្នុង​ទឹកទន្លេ​រួម​ទាំង​ជើង​រ៉ៃ​ដឹក​ទំនិញ កាល​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៥ តុលា ២០១៨​។ រហូត​មក​ដល់​ព្រឹក ថ្ងៃ​ទី​១៦ តុលា ក៏​ពលរដ្ឋ​រស់នៅ​ក្បែរ​នោះ នាំ​គ្នា​ព្រួយបារម្ភ​ខ្លាច​បាក់​ដល់​ផ្ទះ​របស់​ពួក​គាត់​ថែម​ទៀត​ផង​។ មូលហេតុ​បាក់​នេះ​ត្រូវ​បាន​ដាក់​ការ​សង្ស័យ ដោយសារ​តែ​មានការ​លួច​បូម​យក​ខ្សាច់ នៅ​ក្បែរ​ច្រាំង​នោះ​តែ​ម្តង​។

ស្ត្រី​ចំណាស់​ម្នាក់​ឈ្មោះ ឆេ​ង លាង អាយុ​៦៥​ឆ្នាំ បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៤ តុលា ២០១៨ មាន​កាណូត​ធំ​ៗ​មក​បូម​យក​ខ្សាច់​នៅ​ក្រោយ​ភូមិ ដែល​មើលទៅ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ច្រាំង​ទន្លេ​នោះ​ទេ​។ លុះ​មក​ដល់​រសៀល​ថ្ងៃ​ទី​១៥ តុលា ស្រាប់តែ​បាក់​ច្រាំង​ទន្លេ ដោយ​យក​ទាំង​ទីតាំង​ផែ​សម្រាប់​លើកដាក់​ទំនិញ​ទៅ​បាត់​ចូល​ទឹកទន្លេ​រួម​ទាំង​ឫស្សី​មួយ​គុម្ព​ធំ​នៅ​ក្រោយ​ផ្ទះ​គាត់ ក៏​ត្រូវ​បាន​បាក់​ស្រុត​យក​ទៅ​ផង​ដែរ​។ លោក គឺ​ន ផល អាយុ​៥៥​ឆ្នាំ ប្រាប់​ថា គាត់​បាន​មក​រត់​នៅ​ភូមិ​ដូន​ម៉ៅ​លើ​នេះ តាំង​តាំងពី​ឆ្នាំ​១៩៨៩​មក​ម្លេះ មិន​ដែល​បាក់​ច្រាំង​នោះ​ទេ ដី​ក្រោយ​ផ្ទះ​មាន​ចម្ងាយ​ប្រមាណ​១៥០​ម៉ែត្រ ត្រូវ​បាន​បាក់​ចូល​ទៅ​ក្នុង​ទន្លេ​ជា​បន្តបន្ទាប់​។

កន្លង​មក​មាន​កាណូត​ធំ​ៗ​បាន​ធ្វើ​សកម្មភាព​លួច​បូម​ខ្សាច់ នៅ​ពេល​យប់​ទៀប​ភ្លឺ​នៅ​កៀក​នឹង​ច្រាំង​ក្រោយ​ផ្ទះ លុះ​ពេល​ដែល​មេឃ​ភ្លឺ​បាន​បើក​ចុះ​ទៅ​ក្រោយ​ទៀត បូម​ខ្សាច់​ចៀសវាង​កុំ​ឲ្យ​ពលរដ្ឋ​ស្តីបន្ទោស​។ កាលពី​២​ទៅ​៣​ថ្ងៃមុន បាក់​ផែ​ក៏​មាន​កាណូត​មក​បូម​ខ្សាច់ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ច្រាំង​ទន្លេ​នោះ​ទេ ហើយ​នៅ​ថ្ងៃ​ទី​១៤ តុលា សា​ឡង់​ដឹក​គ្រាប់ពោត​ធុន​ធំ​០១​គ្រឿង បានឃើញ​បេតុង​នៅ​កំពង់​ផែ​ញែក​ហែក​សាច់​បេតុង​។ ដឹង​មិន​ស្រួល​បាន​បើក​សា​ឡង់​ចេញ​ទៅ​ចត​ជិត កណ្តាលទន្លេ បាន​១​ថ្ងៃ​ក៏​ផែ​បាន​បាក់​ចូល​ទន្លេ​រួម​ទាំង​ជើង​រ៉ៃ សម្រាប់​លើកដាក់​ទំនិញ​ក៏​បាក់​ធ្លាក់​ចូល ទៅ​អណ្តែត​តែ​ចុង​ចេញពី​ផ្ទៃ​ទឹក​ប៉ឹម​ៗ​ប៉ុណ្ណោះ​។

ពួក​គាត់​សំណូមពរ​ដល់​ស្ថាប័ន​ជំនាញ និង​លោក លី ឡេ​ង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មេត្តា​មាន​វិធានការ​ជួយ​អន្តរាគមន៍​ដល់​ពួក​គាត់​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​កាណូត​មក​បូម​ខ្សាច់ នៅ​កៀក​ច្រាំង​បន្ត​ទៀត បើ​ពុំនោះ​ទេ​នឹង​បន្ត​បាក់​ដល់​លំនៅ​ឋាន​របស់​ពួក​គាត់​ហើយ​។ លោក ប៊ុ​ន ធឿ​ន ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា កន្លង​មក​រូប​លោក​ធ្លាប់​បាន​ណែនាំ​ដល់​ពលរដ្ឋ​ក្នុង​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ បើសិនជា​មាន​កាណូត​ណា​មក​បូម​ខ្សាច់​នៅ​កៀក​នឹង​ច្រាំង​ទន្លេ​ត្រូវ​រាយការណ៍​មក​ស្ថាប័ន​ជំនាញ។

ចំពោះ​ទីតាំង​ដែល​បាក់​ផែ​របស់​ឯកជន​ខាងលើ មិន​មាន​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​ណាមួយ​មក​បូម​ខ្សាច់ ត្រើយ​ទន្លេ​បិទ​នោះ​ទេ​។ គឺ​មានច្បាប់​ដែល​ត្រូវ​បាន​បូម​នៅ​ត្រើយ​ខាង​ខេត្តកំពង់ចាម ហើយ​ខ្សាច់​នៅ​ខាង​ទន្លេ​បិទ ជា​ប្រភេទ​ខ្សាច់​ហ្មត់​មិន​អាចយ​កមក​ប្រើ​ការ​លើ​វិស័យ​សំណង់​កើត​ទេ​ព្រោះ​មាន​លាយ​ភក់​ច្រើន​៕


https://www.youtube.com/watch?v=6ifeWct5cUw

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ