រាជធានីភ្នំពេញ ៖ ផ្សារមូលបត្រកម្ពុជារហូតមកដល់បច្ចុប្បន្ននេះ បានដំណើរអាជីវកម្មរបស់ខ្លួនអស់រយៈពេលប្រមាណ៦ឆ្នាំមកហើយ ដោយមានក្រុមហ៊ុនចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុនជាបន្ដបន្ទាប់ ដែលគិតរហូតមកដល់ពេលនេះមានក្រុមហ៊ុនចំនួន៥ហើយ និងមានក្រុមហ៊ុនមួយចំនួនទៀតកំពុងត្រៀមចូលខ្លួនផងដែរ ។
បច្ចុប្បន្នទីផ្សារនេះ ក្នុងមួយថ្ងៃមានការជួញដូរភាគហ៊ុនជាមធ្យមប្រមាណ១,៣ម៉ឺនដុល្លារ ដែលចំនួននេះបើធៀបនឹងទីផ្សារមូលបត្រនៅប្រទេសជាតិខាង គឺមានទំហំតិចតួចនៅឡើយ ។ ទោះយ៉ាងនេះក្ដី អ្នកជំនាញមើលឃើញថា នៅថ្ងៃអនាគត វិស័យមួយនេះ មានសារសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចកម្ពុជា ។
បើតាមអគ្គនាយករងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា លោក HA Jong Weon មានប្រសាសន៍ថា ទីផ្សារមូលបត្រមានសារសំខាន់ណាស់ក្នុងការជួយពង្រឹងសេដ្ឋកិច្ចប្រទេសជាតិ ដោយសារទីផ្សារមូលបត្រវាជួយបែងចែកមូលធននៅក្នុងសេដ្ឋកិច្ចជាតិមានប្រសិទ្ធភាព ហើយលំហូរសាច់ប្រាក់ពីបុគ្គលដែលមានធនធាន នឹងហូរទៅបុគ្គលដែលត្រូវការធនធានដើម្បីពង្រីកអាជីវកម្ម ។ លោកបន្ដថា ៖« វិស័យមួយនេះ ជួយបង្កើតការងារបន្ថែមសម្រាប់សេដ្ឋកិច្ចជាតិ ពិសេសការងារនៅក្នុងវិស័យហិរញ្ញវត្ថុ ។ ជួយបង្កើតនូវតួអង្គបន្ថែមទៀត ហើយតួអង្គទាំងនោះគឺជាអ្នកផ្តល់ប្រភពចំណូលជាតិដ៏ធំតាមរយៈការបង់ពន្ធទៅកាន់រាជរដ្ឋាភិបាល និងការបែងចែកទ្រព្យសម្បត្តិនៅក្នុងសេដ្ឋកិច្ច »។ លោកបញ្ជាក់ថា ៖« ការវិនិយោគនៅក្នុងវិស័យនេះគឺមានភាពងាយស្រួល និងអាចចាប់ផ្តើមបានជាមួយការប្រើដើមទុនតិច ដោយអ្នកណា ក៏អាចចូលរួមនៅក្នុងវិស័យនេះបានដែរ ដើម្បីទទួលយកផលចំណេញពីករកើនឡើងនៃ សេដ្ឋកិច្ចជាតិកំពុងលូតលាស់ »។
លោកអគ្គនាយករងបានបន្ថែមថា វិស័យមួយនេះ បានទាក់ទាញលំហូរវិនិយោគពីបរទេស ដោយសារវិនិយោគិនបរទេសភាគច្រើនចង់ទាញយកផលប្រយោជន៍ពីសេដ្ឋកិច្ចពីប្រទេសដែលកំពុងមានការលូតលាស់ តួយ៉ាងដូចប្រទេសកម្ពុជា ។
អ្នកស្រី ហ៊ លីគា ប្រធាននាយកដ្ឋានស្រាវជ្រាវបណ្តុះបណ្តាលអភិវឌ្ឍន៍ទីផ្សារមូលបត្រ និងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មការមូលបត្រកម្ពុជា មានប្រសាសន៍ថា ទីផ្សារមូលបត្រគឺជាកន្លែងមួយផ្តល់នូវដើមទុនរយៈពេលវែងសម្រាប់ពង្រីកអាជីវកម្មឱ្យដំណើរការល្អជាងមុននិងចូលរួមជំរុញការនាំចេញដល់កំណើនសេដ្ឋកិច្ចនិងបង្កើតការងារបន្ថែមដល់ពលរដ្ឋ ។ អ្នកស្រីបន្ដថា ៖« ទីផ្សារមូលបត្រមានសារសំខាន់ណាស់ទាំងនៅក្នុងផ្នែកវិនិយោគិន និងក្រុមហ៊ុន »។ អ្នកស្រីថា ៖« ខាងក្រុមហ៊ុន គឺគាត់អាចរកប្រភពទុនមួយក្រៅពីប្រភពទុនរបស់ធនាគារ ប៉ុន្តែមកដល់ឥឡូវនៅពេលយើងមានផ្សារមូលបត្រ គាត់អាចមានជម្រើសពីការខ្ចីលុយខាងធនាគារ មកបោះហ៊ុននៅលើទីផ្សារវិញ ។ រីឯខាងផ្នែកវិនិយោគិនវិញដែលមានទុននៅសល់ច្រើន គាត់អាចយកមកវិនិយោគនៅលើផ្សារយើងបានដើម្បីទទួលបានប្រាក់ចំណេញត្រឡប់ទៅវិញ »។ ទោះបីទីផ្សារមូលបត្រមានសារសំខាន់ តែជាក់ស្តែងសព្វថ្ងៃកម្ពុជាទើបមានក្រុមហ៊ុនតិចតួចប៉ុណ្ណោដែលបានបោះផ្សាយលក់ភាគហ៊ុនរបស់ខ្លួន ហើយទំហំនៃការជួញដូរប្រចាំថ្ងៃជាមធ្យមប្រមាណ១,៣ម៉ឺនដុល្លារក្នុងមួយថ្ងៃ គឺតិចតួចនៅឡើយ ។
លោក HA Jong Weon អគ្គនាយករងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាមានប្រសាសន៍ថា ៖« យើងត្រូវការការគាំទ្រពីរាជរដ្ឋាភិបាល ពិសេសពីធនាគារជាតិនៃកម្ពុជា ដោយសារបច្ចុប្បន្នយើងឃើញថា ស្ថាប័នដែលសាកសមចុះបញ្ជីជាងគេ គឺគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ព្រោះពួកគាត់ជាស្ថាប័នមានការគោរពនូវបទប្បញ្ញត្តិ និងទទួលបានប្រាក់ចំណេញមានការទាក់ទាញ »។ លោកបន្ដថា ៖« បើពួកគាត់ចូលរួមមកចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា នឹងធ្វើសកម្មភាពច្រើនជាងមុននៅក្នុងទីផ្សារមូលបត្រ និងផ្តល់ការអភិវឌ្ឍកាន់តែមានស្ថិរភាពដល់សេដ្ឋកិច្ចជាតិ »៕
ចែករំលែកព័តមាននេះ