រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ពីការចូលជាសមាជិកអាស៊ានផ្អែកលើកកត្តាចំនួន៤ ក្នុងនោះមានការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង បណ្តាប្រទេសជាសមាជិក ។
ការបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាលធ្វើខណៈពេលអនុញ្ញាតឲ្យឱ្យប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ដឹកនាំដោយលោកណៃ សេម ណារ័ត្ន ជួបសំណេះសំណាល និងទទួលអនុសាសន៍នាព្រឹកថ្ងៃទី១៦ តុលា នៅវិមានសន្តិភាព ។ យោងតាមបណ្តាញសង្គមផ្លូវសម្តេចតេជោបានឲ្យដឹងថា ក្នុងជំនួបលោក ណៃ សេម ណារ័ត្ន បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា ការចូលរួមនៅក្នុងនាវាយុវជនអាស៊ីអាគ្នេយ៍លើកនេះមានសមាជិកចំនួន២៩រូប ។ លោកបានឲ្យដឹងថា នេះជាលើកទី៤៥ហើយ ដែលនាវាយុវជនអាស៊ីអាគ្នេយ៍នេះចាប់តាំងពីការចាប់ផ្ដើមមក ។ នៅក្នុងដំណើរនេះមានរយៈពេល៥២ថ្ងៃ ចាប់តាំងពីថ្ងៃទី២៣ តទៅដែលចាប់ផ្ដើមដំណើរចេញពីប្រទេសជប៉ុននឹងធ្វើដំណើរឆ្លងកាត់១១ប្រទេសឆ្លងកាត់ប្រទេសជប៉ុន ប្រ៊ុយណេ ប្រទេសហ្វីលីពីន ប្រទេសវៀតណាម ហើយនឹងធ្វើការត្រឡប់ទៅប្រទេសជប៉ុនវិញ ។
ក្នុងដំណើរទស្សនកិច្ចនេះតំណាងឱ្យប្រតិភូទាំងមូលលោកណៃសេម ណារ័ត្ន បានគោរពសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រីមុននឹងការធ្វើដំណើរចូលរួមជាមួយយុវជនអាស៊ីអាគ្នេយ៍នេះ ។ ក្នុងជំនួបនោះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ជម្រាបជូនប្រតិភូទាំងមូលអំពីប្រវត្តិកម្ពុជាយើងដែលចាប់ផ្ដើមពីការកសាងរាជធានីភ្នំពេញដោយសម្ដេចពញ្ញាយ៉ាតមក រហូតមកដល់ឆ្នាំ១៩៩៨ប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ ហើយនៅពេលនោះឯងដែលរាជរដ្ឋាភិបាលបានដាក់ចុះនូវយុទ្ធសាស្ត្រត្រីកោណដោយមុំទី១ ធ្វើសន្តិភាវូបនីយកម្ម និងមុំទី២ធ្វើសមាហរណកម្មចូលក្នុងឆាកអន្តរជាតិ និងមុំទី៣ ឈរលើកត្តាអនុគ្រោះទាំងក្នុង និងក្រៅប្រទេសជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ។
សម្ដេចតេជោហ៊ុន សែន ក៏បានបញ្ជាក់ថា អំពីមូលហេតុដែលកម្ពុជាយើងដាក់អាទិភាពចូល ជាសមាជិកអាស៊ាននោះ គឺផ្អែកលើកត្តា៤កត្តា ទី១ គឺគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង កត្តាទី២ គឺស្មារតីសហគមន៍នោះ គឺអ្វីៗសម្រេចដោយកុងសង់ស៊ីសមិនមែនសម្រេចដោយការបោះឆ្នោត ឬមិនមែនសម្រេចដោយការដាក់ទណ្ឌកម្មនោះទេ ទី៣ ផលប្រយោជន៍នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ។ កត្តានេះនៅពេលដែលយើងចូលសមាជិកសមាគមន៍អាស៊ាន ហើយអាស៊ានមានដៃគូជាច្រើនពេលដែលយើងចូល ហើយដៃគូអាស៊ានក៏ជាដៃគូរបស់ យើងដែរ រីឯកត្តាទី៤ គឺជាច្រកចេញការទូតរបស់កម្ពុជាយើង ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានធ្វើការណែនាំដល់ប្រតិភូទាំងមូលសូមឲ្យក្នុងការធ្វើ ដំណើរនេះប្រឹងប្រែងធ្វើយ៉ាងណារៀបចំខ្លួនជាកូនខ្មែរពិតពិត ព្រោះប្រតិភូទាំងមូលជាតំណាងឲ្យប្រជាជនខ្មែរប្រមាណ១៦លាននាក់ ដែលនៅពីក្រោយ ហើយធ្វើយ៉ាងណាកសាងមិត្តឲ្យបានច្រើន ដើម្បីថ្ងៃអនាគតទៅអាចក្លាយទៅជាដៃគូរសហប្រតិបត្តិការផងដែរ ៕
ចែករំលែកព័តមាននេះ