ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលស្រុកក្រគរបានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន០៧នាក់ ដែលបានធ្វើសកម្មភាពស្ទាក់អ្នកជិះម៉ូតូតាមផ្លូវទារលុយ ដើម្បីយកទៅទិញគ្រឿងស្រវឹងផឹកបន្ត ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១៨និង៣៧ នាទីយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ នៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ។
លោកវរៈសេនីយ៍ឯក ឯម រុន អធិការនគរបាលស្រុកក្រគរបានឲ្យដឹងថា កាលពីព្រលប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ មានក្មេងស្ទាវមួយក្រុមបាននាំគ្នាផឹកស៊ីលើផ្លូវសាធារណៈក្នុងភូមិទទឹង ដោយមានចាក់ធុងបាសរាំយ៉ាងអាណាធិបតេយ្យ ។ មិនតែប៉ុណ្ណោះពេលឃើញប្រជាពលរដ្ឋស្លូតត្រង់ និងកម្មការិនីរោងចក្រកាត់ដេរធ្វើដំណើរឆ្លងកាត់ពួកគេបានឃាត់ជំរឹតទាលុយ ដើម្បីទិញស្រាផឹកបន្ត បើមិនឲ្យទេពួកគេរារាំងមិនឲ្យទៅមុខទេ ។
លោកអធិការបន្តទៀតថា បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកបានសុំបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្ត និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តដឹកនាំកម្លាំងចុះទៅបង្ក្រាបជាបន្ទាន់ ដោយឃាត់ខ្លួនបានចំនួន០៧នាក់ ដែលមានឈ្មោះដូចខាងក្រោម ១-ឈ្មោះ ឡាយ កុម្ភៈ អាយុ ១៧ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ នៅភូមិទទឹង , ២- ឈ្មោះ រី សោម អាយុ១៧ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ, ៣-ឈ្មោះ សុះ គ្រីយ៉ា អាយុ១៨ឆ្នាំ ភេទប្រុស ជនជាតិខ្មែរឥស្លាម ទាំង០២នាក់នេះនៅភូមិចុងខ្លុង ឃុំអូសណ្តាន់ ស្រុកក្រគរ, ៤-ឈ្មោះ គាង ធារ៉ា អាយុ១៦ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ នៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ, ៥-ឈ្មោះ សារី ដារ៉ា អាយុ១៦ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ, ៦-ឈ្មោះ ហ៊ីង រ៉ាណន អាយុ២១ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ ទាំង០២នាក់នេះរស់នៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ និង៧-ឈ្មោះ សី មករា អាយុ១៧ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ នៅភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ។
ក្មេងទំនើងទាំង៧នាក់ដែលឃាត់ខ្លួននេះសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការបន្តតាមនីតិវិធីថា តើត្រូវអប់រំ ឫក៏យ៉ាងណា ? ៕
ចែករំលែកព័តមាននេះ