ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​កម្សាន្ត​តាម​រទេះគោ​​ស្ទើរតែ​បាត់បង់​ទៅ​ហើយនា​ពេល​បច្ចុប្បន្ន​នេះ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកណ្តាល​បាន​លើក​ឡើង​ថា ក្រៅពី​តំបន់​ទេសចរណ៍ និង​រមណីយដ្ឋាន​ទេសចរណ៍ សំខាន់​ៗ មួយ​ចំនួន​នៅ​ក្នុង​ខេត្តកណ្តាល រមណីយដ្ឋាន​ទេសចរណ៍​ភ្នំ​ព្រះរាជ​ទ្រព្យ កំពុង​តែ​ស្រូប​យក​អ្នកទេសចរ​ឲ្យ​ទៅ​កាន់​ទីនោះ​ច្រើន​គួរ​ឲ្យ​កត់សម្គាល់ ។…

ខេត្តកណ្តាល ៖ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកណ្តាល​បាន​លើក​ឡើង​ថា ក្រៅពី​តំបន់​ទេសចរណ៍ និង​រមណីយដ្ឋាន​ទេសចរណ៍ សំខាន់​ៗ មួយ​ចំនួន​នៅ​ក្នុង​ខេត្តកណ្តាល រមណីយដ្ឋាន​ទេសចរណ៍​ភ្នំ​ព្រះរាជ​ទ្រព្យ កំពុង​តែ​ស្រូប​យក​អ្នកទេសចរ​ឲ្យ​ទៅ​កាន់​ទីនោះ​ច្រើន​គួរ​ឲ្យ​កត់សម្គាល់ ។ មន្ទីរ​ទេសចរណ៍​បាន​រៀបចំ​ដំណើរ​កម្សាន្ត​តាម​រទេះគោ​ដែល​ស្ទើរតែ​បាត់បង់​អស់​ទៅ​ហើយ នា​ពេល​បច្ចុប្បន្ន​នេះ ។​

​លោក​ជួប សោ​ភ័​ណ្ឌ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា តាម​រយៈ​នៃ​ការ​រៀបចំ​ឲ្យ​មានការ​ធ្វើ​ដំណើរ​កម្សាន្ត​តាម​រយៈ​ការ​ជិះ​រទេះគោ ភ្ញៀវ​មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង ហើយ​ការ​ធ្វើ​ដំណើរ​តាម​រទេះគោ​ហាក់​ធ្វើ​ឲ្យ​ពួក​គេ​នឹកឃើញ​ដល់​អតីតកាល ។ រទេះគោ​ដែល​ដាក់​បម្រើភ្ញៀវ​ទេសចរ​នៅ​ទីនោះ​ជា​របស់​សហគមន៍ ហើយ​ពួក​គាត់​បាន​តុបតែង​រទេះគោ​ដឹក​ភ្ញៀវ​គួរ​ឲ្យ​ទាក់ទាញ ។​
​លោក​ជួប សោ​ភ័​ណ្ឌ ថ្លែង​ថា «​រទេះគោ​ទាំង​អស់នោះ​យើង​បាន​រៀបចំ​ជា​របៀប​រទេះគោ បុរាណ​សុទ្ធសាធ ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរ​បាន​ស្គាល់​អំពី​ទ្រង់ទ្រាយ និង​ស្នាដៃ​នៃ​ប្រជាជន​កម្ពុជា ។ ខ្ញុំ​រំពឹង​ថា ការ​ជ្រើស​យក​រទេះគោ​បែប​បុរាណ​សម្រាប់​ភ្ញៀវ​ទេសចរ​ជិះ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ភ្នំ​ព្រះរាជ​ទ្រព្យ​នេះ គឺជា​ការ​អភិរក្ស​រទេះគោ​ផង និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ផង ហើយ​ក៏​ជា​ផលិតផល​ថ្មី​សម្រាប់​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍​ផង​ដែរ »​។​

​ដូច​ការ​រំពឹង​ទុក​ភ្ញៀវ​ទេសចរ​ចូល​ចិត្ត​ជិះ​រទេះគោ​ដែល​ធ្វើ​ឲ្យ​កំណើន​ភ្ញៀវ​ទេសចរ​ទៅ​កាន់​រមណីយដ្ឋាន​ភ្នំ​ព្រះរាជ​ទ្រព្យ​កាន់តែ​ច្រើន​ឡើង ។ លោក​ជួប សោ​ភ័​ណ្ឌ យល់​ថា ហេតុ​ដែល​ភ្ញៀវ​ទៅ​កម្សាន្ត​ច្រើន​នៅ​ភ្នំ​ព្រះរាជ​ទ្រព្យ ក៏​ព្រោះតែ​រមណីយដ្ឋាន​នេះ​ស្ថិត​នៅ​ជិត​រាជធានី​ភ្នំពេញ​ផង និង​ជា​តំបន់​ប្រវត្តិសាស្ត្រ ខណៈ​ដែល​តំបន់​នេះ​ជាទី​តាំង​រាជធានី​នៃ​ប្រទេស​កម្ពុ​ជានា​សម័យ​បុរាណ​ផង​ដែរ ។​ ​មន្ត្រី​ជំនាញ​បាន និង​កំពុង​យកចិត្តទុកដាក់​បង្កើត​ផលិតផល​ទេសចរណ៍ ថ្មី​ៗ​បន្ថែម​ទៀត ដែល​មាន​លក្ខណៈ​បែប​ប្រពៃណី​បុរាណ​សម្រាប់​បម្រើភ្ញៀវ​ទេសចរ​នៅ​តំបន់​នោះ ។​

​លោក​ប្រធាន​មន្ទីរ​លើក​ឡើង​ថា ប្រសិនបើ​ការ​រៀបចំ​រមណីយដ្ឋាន​ភ្នំ​ព្រះរាជ​ទ្រព្យ​ទទួល បាន​ជោគជ័យ​នោះ លោក​នឹង​ឈាន​ទៅ​រៀបចំ​រមណីយដ្ឋាន​មួយ​ចំនួន​ទៀត​ក្នុង​ខេត្តកណ្តាល ដោយ​យក​លំនាំ​តាម​ការ​រៀបចំ​នៅ​ភ្នំ​ព្រះរាជ​ទ្រព្យ ពិសេស​រទេះគោ​បុរាណ​តែ​ម្តង ។ លោក​អះអាង​ថា «​ការ​រៀបចំ​រមណីយដ្ឋាន​ប្រកបដោយ​ជោគជ័យ​បាន លុះត្រាតែ​ប្រជាពលរដ្ឋ​សហគមន៍​ទទួល​បាន​ផលប្រយោជន៍ ហើយ​ផ្តើម​ពី​នោះ​ពួក​គាត់​នឹង​ចូលរួម​ជាមួយ​យើង ។ ដូច្នេះ​តួនាទី​ប្រជាពលរដ្ឋ​នោះ​សំខាន់​ខ្លាំង​ណាស់ មិន​អាច​មើល​រំលង​បាន​ទេ ។ អ៊ីចឹង​ហើយ​បានជា​មន្ទីរ​ទេសចរណ៍​យកចិត្តទុកដាក់​ក្នុង​ការ​ពន្យល់​និង​បង្ហាញ​ប្រជាពលរដ្ឋ​អំពី​អត្ថប្រយោជន៍​ដែល​ពួក​គាត់​ទទួល​បាន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ