ប៉ាឡេស្ទីន-អ៊ីស្រាអែល ៖ មនុស្សជាច្រើនពាន់នាក់កាលពីថ្ងៃទី១៣ តុលា បានលើកគ្នាចូលរួមក្នុងការបញ្ចុះសពជនប៉ាឡេស្ទីន៧នាក់ ដែលត្រូវកងទាហានអ៊ីស្រាអែលសម្លាប់នាពេលមុននេះ នៅព្រំដែនរវាងជ្រោយហ្គាហ្សា និងអ៊ីស្រាអែល។
មានវត្តមានក្នុងពិធីបញ្ចុះសពជនប៉ាឡេស្ទីនទាំង៧នាក់នោះ ប្រមុខក្រុមហាម៉ាស់ជាចលនាអ៊ីស្លាមនិយមកាន់អំណាចនៅហ្គាហ្សាជាច្រើនរូប បានស្រែកជាមួយបណ្ដាមនុស្សច្រើនពាន់នាក់នូវពាក្យពេចន៍ទាំងឡាយប្រឆាំងអ៊ីស្រាអែល។
យោងតាមកងទ័ពអ៊ីស្រាអែលថា ជនប៉ាឡេស្ទីន៥នាក់បានត្រូវបាញ់សម្លាប់ បន្ទាប់ពីពួកគេមានះឆ្លងកាត់របាំងសន្តិសុខ ដែលមានកិច្ចការពារសន្តិសុខខ្ពស់បំផុត រវាងជ្រោយហ្គាហ្សា និងអ៊ីស្រាអែល ហើយវាយប្រហារប៉ុស្តិ៍សន្តិសុខមួយរបស់កងទ័ពដែលនៅក្បែរ។ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលបញ្ជាក់ថា ជនប៉ាឡេស្ទីន២០នាក់បានជ្រៀតចូលក្នុងដែនដីអ៊ីស្រាអែល នាឱកាសនៃការវាយប្រហារ បន្ទាប់ពីបំផ្ទុះគ្រាប់បែកបំផ្លាញរបាំងសន្តិសុខ។
ចំណែកក្រសួងសុខាភិបាលប៉ាឡេស្ទីននៅជ្រោយហ្គាហ្សាបញ្ជាក់ថា ជនប៉ាឡេស្ទីន៧នាក់ត្រូវសម្លាប់ ពេលបាតុករច្រើនពាន់នាក់លើកគ្នាទៅកៀករបាំងសន្តិសុខ។
ជនប៉ាឡេស្ទីនយ៉ាងតិច២០៥នាក់ហើយបានត្រូវស្លាប់ដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែលចាប់តាំងពីថ្ងៃទី៣០មីនាមក ភាគច្រើននាឱកាសនៃបាតុកម្មតវ៉ាតាមបណ្ដោយព្រំដែន ព្រមទាំងដោយសារការបាញ់របស់រថក្រោះឬការវាយប្រហារតាមអាកាសពីសំណាក់កងទ័ពអ៊ីស្រាអែល៕
ចែករំលែកព័តមាននេះ