រាជធានីភ្នំពេញ ៖ តំបន់ស្វាយជ្រុំ ស្ថិតក្នុងឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាតំបន់ដែលស្ថិតក្នុងផែនការកាត់បញ្ចូលក្នុងទីក្រុង ដើម្បីអភិវឌ្ឍន៍នៅពេលអនាគត ។ បច្ចុប្បន្ននេះ សកម្មភាពវិនិយោគនៅតំបន់នេះ បាននិងកំពុងចាប់ផ្តើមយ៉ាងសកម្ម ខណៈរដ្ឋាភិបាលគ្រោងសាងសង់ស្ពានទៅកាន់តំបន់នេះ ដែលធ្វើឲ្យអ្នកវិនិយោគ និងប្រជាជនរស់នៅតាមតំបន់នេះកំពុងទទួលបានផលប្រយោជន៍ យ៉ាងច្រើនពីដីឡើងថ្លៃ ។
លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា តំបន់នេះកំពុងមានអនាគតល្អ ដោយសារទីតាំងនេះ មានភូមិសាស្ត្រស្ថិតនៅកៀករាជធានីភ្នំពេញ និងមានបរិស្ថានល្អ ព្រោះមានទន្លេចំនួនពីរអមសងខាង ដែលធ្វើឲ្យអាកាសធាតុតំបន់នេះមានសំណើមល្អ។
លោកបន្តថា ដោយសារមានដងទន្លេ និងជាតំបន់ដែលមានប្រជាពលរដ្ឋរស់នៅច្រើន និងហេដ្ឋារចនាសម្ព័ន្ឋល្អ ពិសេសគម្រោងសាងសង់ស្ពានទៅតំបន់នេះ ពិតជាសសៃឈាមមួយ ដែលរួមចំណែកលើកស្ទួយការអភិវឌ្ឍតំបន់នេះនាពេលអនាគត ។
លោកបន្តថា ៖« ក្រោយពេលរាជរដ្ឋាភិបាលភ្ជាប់ស្ពានទៅកាន់តំបន់នេះ នឹងធ្វើឲ្យមានសក្តានុពលខ្លាំងឡើង ហើយតម្លៃដីធ្លីនឹងកើនឡើងបន្ថែមទៀត »។
លោកឧកញ៉ាបានបន្តថា តំបន់ស្វាយជ្រុំមានចម្ងាយពីរគីឡូម៉ែត្រប៉ុណ្ណោះបើគិតពីវិមានឯករាជ្យ និងមានចម្ងាយប្រមាណ៥គីឡូម៉ែត្រពីវត្តភ្នំ ដូច្នេះវាស្ថិតនៅចម្ងាយជិតទីប្រជុំជនក្រុង ដែលធ្វើឲ្យមានភាពទាក់ទាញដល់អ្នកវិនិយោគនិងប្រជាពលរដ្ឋចូលទៅរស់នៅតំបន់នេះ ។
នាយកប្រតិបត្តិក្រុមហ៊ុន Focus Property លោក ប៉ូ អ៊ាវគង់ បានថ្លែងកាលពីពេលថ្មីៗនេះដែរថា តម្លៃដីធ្លីនៅតំបន់នេះហាក់ស្ងប់បន្តិចនាឆ្នាំនេះ ហើយសកម្មភាពទិញលក់ក៏មានភាពស្ងប់ស្ងាត់ផងដែរ បន្ទាប់ពីបានកញ្ជ្រោលឡើងចាប់តាំងពីឆ្នាំ២០១៣កន្លងមក ព្រោះគម្រោងសាងសង់ស្ពានរបស់រដ្ឋាភិបាល មិនទាន់កំណត់ពេលវេលាច្បាស់លាស់នៅឡើយ ប៉ុន្តែប្រសិនជាមានស្ពានភ្ជាប់ទៅកាន់តំបន់នេះ នឹងធ្វើឲ្យតម្លៃដីធ្លីកើនឡើងបន្ថែមទៀត ព្រោះតំបន់នេះមានបរិស្ថានល្អ ដូច្នេះការអភិវឌ្ឍតំបន់នេះយឺតឬលឿន អាស្រ័យលើពេលវេលា និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ។
លោកបន្តថា ៖« បរិយាកាស ភូមិសាស្ត្រតំបន់នេះពិតជាល្អ តែអ្វីដែលខ្វះខាតនាពេលនេះគឺហេដ្ឋារចនាសម្ព័ន្ធមិនទាន់មានការអភិវឌ្ឍបានគ្រប់គ្រាន់នៅឡើយ »។ លោកថា ៖« ពេលនេះអ្នកវិនិយោគក្នុង និងក្រៅប្រទេសកំពុងស្ថិតក្នុងដំណាក់កាលរង់ចាំ »។
តើការសាងសង់ស្ពាននឹងចាប់ផ្តើមនៅពេលណា ?
លោក ផែន វិជ្ជានោ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានបដិសេធមិនអត្ថាធិប្បាយ តែបើតាមលោក វ៉ាស៊ឹម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងកន្លងមកថា កូរ៉េកំពុងសិក្សាគម្រោងសាងសង់ស្ពានពីតំបន់ជ្រោយចង្វា ទៅកាន់ទឹកដីស្វាយជ្រុំនេះ ជាស្ពានចំណងដៃរបស់កូរ៉េ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានស្នើសុំភាគីកូរ៉េជួយ ។
លោកបន្តថា ៖« ទោះជាយ៉ាងណាខ្ញុំមិនដឹងថាការសិក្សានឹងបញ្ចប់ និងការសាងសង់ស្ពាននេះ នឹងចាប់ផ្តើមនៅពេលណាទេ »៕
ចែករំលែកព័តមាននេះ