ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​៖​ចិន​មិន​ទាន់​ត្រៀមខ្លួន​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម

5 ឆ្នាំ មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​និយាយ​ថា ប្រទេស​ចិន​មិន​ទាន់​ត្រៀមខ្លួន​រួច​ក្នុង​ការ​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​មួយ​ជាមួយនឹង​សហរដ្ឋអាមេរិក​ទេ និង​បាន​លើក​ឡើង​សា​ជា​ថ្មី​ថា លោក​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ដាក់​ពន្ធ​បន្ថែម​លើ​ប្រទេស​ចិន…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​និយាយ​ថា ប្រទេស​ចិន​មិន​ទាន់​ត្រៀមខ្លួន​រួច​ក្នុង​ការ​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​មួយ​ជាមួយនឹង​សហរដ្ឋអាមេរិក​ទេ និង​បាន​លើក​ឡើង​សា​ជា​ថ្មី​ថា លោក​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ដាក់​ពន្ធ​បន្ថែម​លើ​ប្រទេស​ចិន ។

លោក​ប្រធានាធិបតី​រូប​នេះ​បាន​ប្រាប់​ដល់​អ្នក​សារព័ត៌​មាននៅ White House កាលពី​ថ្ងៃ​អង្គារ​មក​ថា ៖« ប្រទេស​ចិន​ចង់បាន​ការ​ព្រមព្រៀង​មួយ ហើយ​ខ្ញុំ​គិត​ថា​ពួក​គេ​មិន​ទាន់​ត្រៀមខ្លួន​រួច​ទេ »​។

សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក​មិន​បាន​បង្ហាញ​មុខសញ្ញា​ថា​អាច​នឹង​បញ្ចប់​ក្នុង​ពេល​ឆាប់​ៗ​នេះ​ទេ ដែល​បង្ក​ជា​ការ​ព្រួយបារម្ភ​ថា​នឹង​ប៉ះពាល់​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច​ពិភពលោក​នៅ​ឆ្នាំ​នេះ និង​ឆ្នាំ​២០១៩ ។

លោក​ត្រាំ​បាន​មាន​ប្រសាសន៍​ដូច​ខាងលើ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ឯកអគ្គរដ្ឋទូត​ចិន​នៅ​សហ​រដ្ឋអាមេរិក​លោក Cui Tiankai និយាយ​ថា​ប្រទេស​របស់​លោក​បាន​ត្រៀមខ្លួន​រួច​ក្នុង​ការ​សម្រេច​បានការ​ព្រមព្រៀង​ដើម្បី​បញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម ។

លោក​បាន​បន្ត​ថា ៖« គោល​ជំហរ​របស់​សហរដ្ឋអាមេរិក​ផ្លាស់​ប្តូរ​ម្តង​ហើយ​ម្តងទៀត ដូច្នេះ​ពួក​យើង​មិនដឹង​ឡើយ​ថា​សហរដ្ឋអាមេរិក​ចង់​ផ្តោត​សំខាន់​លើ​អ្វី​ជាងគេ »​។

លោក Cui បាន​ឲ្យ​ដឹង​ទៀត​ថា ប្រទេស​ចិន​ប្តេជ្ញា​ចេញ​វិធានការ​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​របស់​អា​មេ​រិ​ក​ជាមួយនឹង​ប្រទេស​ចិន និង​កែទម្រង់សេដ្ឋកិច្ច​ផង​ដែរ ប៉ុន្តែ​លោក​បាន​បន្ត​ថា​សហរដ្ឋអាមេរិក​ត្រូវ​តែ​បញ្ជាក់​សា​ជា​ថ្មី​ពី​អ្វី​ដែល​ពួក​គេ​ចង់បាន ។

គួរ​បញ្ជាក់​ដែរ​ថា ប្រទេស​ចិន​បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា កំពុង​បង្ខំ​ខ្លួន​ឲ្យ​ចុះចាញ់ បន្ទាប់​ពី​រដ្ឋាភិបាល​លោក​ត្រាំ​ប្រកាស​ពី​ពន្ធ​ថ្មី​កាលពី​ចុងខែ​កញ្ញា​លើ​ផលិត​ផល​ចិន​ប្រមាណ​២០០​ប៊ី​លាន​ដុល្លារ​។

ជា​ការ​ឆ្លើយ​តប ប្រទេស​ចិន​បាន​ប្រកាស​ថា​ពួក​គេ​នឹង​ដាក់​ពន្ធ​៥%​ទៅ​១០% លើ​ផលិតផល​អា​មេ​រិ​ក​ប្រមាណ​៦០​ប៊ី​លាន​ដុល្លារ​វិញ ។

លោក​ត្រាំ​បាន​បន្ថែម​ថា លោក​បាន​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​ដាក់​ពន្ធ​លើ​ផលិតផល​ចិន ២៦៧​ប៊ី​លាន​ដុល្លារ​បន្ថែម​ទៀត ប្រសិនបើ​ប្រទេស​ចិន​ចេញ​សកម្មភាព​ឆ្លើយ​តប​លើ​កសិករ​និង​ឧស្សាហកម្ម​របស់​ពួក​គេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ