ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ដ​ជាង​2,5​លាន​នាក់​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​អះអាង​ថា ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ប្រមាណ​២,៥​លាន​នាក់ បាន​ធ្វើ​ដំណើរ​កម្សាន្ដ​តាម​រមណីយ​ដ្ឋា​នានា​នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ដែល​ទើប​បញ្ចប់​ទៅ​ថ្មី​ៗ​នេះ ។ យោង​តាម​របាយការណ៍​ស្ថិតិ​របស់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ភ្ញៀវ​ទេសចរ…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​អះអាង​ថា ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ប្រមាណ​២,៥​លាន​នាក់ បាន​ធ្វើ​ដំណើរ​កម្សាន្ដ​តាម​រមណីយ​ដ្ឋា​នានា​នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ដែល​ទើប​បញ្ចប់​ទៅ​ថ្មី​ៗ​នេះ ។

យោង​តាម​របាយការណ៍​ស្ថិតិ​របស់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ភ្ញៀវ​ទេសចរ និង​បងប្អូន​ប្រជាពលរដ្ឋ ដែល​ដើរ​កម្សាន្ដ​នៅ​តាម​រមណីយដ្ឋាន​ទេសចរណ៍​នានា​ក្នុង​ឱកាស​ឈប់​សម្រាក​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​(៨-១០ ខែតុលា ឆ្នាំ​២០១៨) មាន​ចំនួន​១.២៦១.៦៩១ កើនឡើង​២០,៤២% ក្នុង​នោះ​ភ្ញៀវ​ជាតិ​១.២១៣.៦៨៧ កើនឡើង​២០,២៩% និង​ភ្ញៀវ​អន្តរជាតិ​៤៨.០០៤​នាក់ កើនឡើង​២៣.៩៣% បើ​ធៀប​នឹង​គ្រា​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

បើ​តាម​លោក​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​១១ តុលា ម្សិលមិញ​ថា តួលេខ​នៅ​ក្នុង​របាយការណ៍​ខាងលើ​នេះ គឺ​គិតតែ​រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​បើ​គិត​ទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​វិញ ចំនួន​ភ្ញៀវ​គឺ​កើន​រហូត​ដល់​ទ្វេ​ដង​ឯណោះ ។ លោក​បន្ត​ថា ជា​ទូទៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ប្រជាពលរដ្ឋ​ពិតជា​រីករាយ ដោយ​បាន​ចេញដំណើរ​កម្សាន្ដ​ច្រើន ប៉ុន្តែ​ភាគ​និរតី​មិនសូវ​មាន​ភ្ញៀវ​ទៅ​ទស្សនា​ទេ តែ​ភ្ញៀវ​ទេសចរ​បាន​ទៅ​កាន់​ភូមិភាគ​ពាយ័ព្យ និង​ភូមិភាគ​ឦសាន​ច្រើន ។
លោក​បន្ត​ថា ៖« ខ្ញុំ​គិត​ថា​ប្រជាជន​ចំណាយ​ច្រើន​សម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ ដោយ​មនុស្ស​ម្នាក់​ចេញដំណើរ​មួយ​លើក ចំណាយ​មិន​ក្រោម​៥០​ដុល្លារ​អា​មេ​រិ​ក​នោះ​ទេ »​។

តាម​របាយការណ៍​របស់​មន្ទីរ​រាជធានី​ខេត្ត ដដែល​បាន​សង្កេត​ឃើញ​ផង​ដែរ​ថា ការ​រៀបចំ​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​នានា​មានការ​រីក​ចម្រើន​កាន់តែ​ប្រសើរ ដោយ​ក្នុង​នោះ អាច​ទប់ស្កាត់​ការ​តម្លើង​ថ្លៃ​ហួសហេតុ​លើ​ម្ហូបអាហារ និង​សេវាកម្ម​ទេសចរណ៍ ដោយ​មានការ​បិទ​តម្លៃ​ជម្រាប​ជូន​ភ្ញៀវ​ជា​មុន​បាន​ត្រឹមត្រូវ ។ ចំពោះ​បញ្ហា​បរិស្ថាន​អនាម័យ​ល្អ​ប្រសើរ​ជាង​មុន ដោយ​ភ្ញៀវ​ទេសចរ និង​បងប្អូន​ប្រជាពលរដ្ឋ​មានការ​យល់​ដឹង​និង​ភ្ញាក់រលឹក​ច្រើន និង​ដោយ​មានការ​ចុះ​អប់រំ​ណែនាំ​ពី​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ ជា​ពិសេស​មន្ទីរ​ទេសចរណ៍ បាន​ចាត់តាំង​ក្រុមការងារ​ចុះ​អប់រំ​ផ្ទាល់​ដល់​រមណីយដ្ឋាន បើ​ទោះបីជា​ការ​ទុកដាក់​សំរាម នៅ​តែ​ជា​បញ្ហា​ដែល​ត្រូវ​យកចិត្តទុកដាក់​បន្ថែម ក្ដី តែ​ជា​រួម​គឺ​មាន​ភាព​ប្រសើរ​ឡើង ។ ចំណែក​បញ្ហា​សន្តិសុខ សុវត្ថិភាព ក៏​មាន​ភាពល្អ​ប្រសើរ ដោយ​មន្ទីរ​ទេសចរណ៍​បាន​សហការ​យ៉ាង​ជិត​ស្និត​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច ចាត់តាំង​ក្រុមការងារ​ប្រចាំការ​នៅ​តាម​គោលដៅ​ទេសចរណ៍​សំខាន់​ៗ និង​មានការ​លើក​ស្លាក​សញ្ញា​គ្រោះថ្នាក់ នៅ​តាម​តំបន់​ដែល​ងាយ​រងគ្រោះ ។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក ហូ វ​ណ្ឌី បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ផង​ដែរ​ថា តាម​ការ​ព្យាករ​របស់​លោក​បាន​គិត​ថា ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ​ចេញ​ទៅ​ទស្សនា និង​សម្រាក​កម្សាន្ដ​នៅ​តាម​រមណីយដ្ឋាន​ទេសចរណ៍​នានា​ទូ​ទាំង​ប្រទេស គឺ​មាន​ចំនួន​ច្រើន​ជាង​របាយការណ៍​របស់​ក្រសួងទេសចរណ៍​ទៅ​ទៀត ព្រោះ​បើ​គិត​ពី​ប្រជាជន​នៅ​រាជធានី​ភ្នំពេញ ប្រមាណ​៨០% បាន​ចាកចេញ​ទៅ​តាម​បណ្តា​ខេត្ត​នានា ហើយ​ចំនួន​នេះ​មិន​ទាន់​គិត​បញ្ចូល​អ្នក​នៅ​រាជធានី​ភ្នំពេញ និង​អ្នក​នៅ​តាម​បណ្តា​ខេត្ត​នានា ដែល​បាន​ចល័ត​ដើរ​កម្សាន្ដ​ពី​ខេត្ត​មួយ ទៅ​កាន់​ខេត្ត​មួយ​នៅឡើយ​ទេ ។ លោក​បន្ត​ថា ៖« បើ​គិត​លើ​ការ​ចំណាយ​វិញ ខ្ញុំ​គិត​ថា​ជា​មធ្យម​ប្រជាជន​ម្នាក់​ចំណាយ​ប្រាក់​ចន្លោះ​ពី​៧០​ទៅ​៨០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ម្នាក់ ហេតុនេះ​ប្រជាជន​ទូ​ទាំង​ប្រទេស អាច​ចំណាយ​ពី​៨៨​លាន​ដុល្លារ​ទៅ​១០០​លាន​ដុល្លារ​ក្នុង​ពិធី​នេះ »​។

លោក ហូ វ​ណ្ឌី បាន​បន្ត​ថា ជា​ទូទៅ​ការ​ដើរ​កម្សាន្ដ​ក្នុង​រយៈពេល​៣​ថ្ងៃនេះ មាន​ភាពល្អ​ប្រសើរ ប៉ុន្តែ​មាន​បញ្ហា​កកស្ទះ​ចរាចរណ៍ បញ្ហា​អនាម័យ និង​បញ្ហា​ឡើងថ្លៃ​ម្ហូបអាហារ​នៅ​តំបន់​មួយ​ចំនួន​មានការ​ហក់​ខ្ពស់​ឡើង​វិញ ដែល​បញ្ហា​នេះ​ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់​បន្ថែម​ទៀត ។

ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​នៃ​ក្រសួងទេសចរណ៍ លោក ជុក ជំនោ បាន​ថ្លែង​ដែរ​ថា ៖« កំណើន​នៃ​ការ​ធ្វើ​ដំណើរ​កម្សាន្ដ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​រមណីយដ្ឋាន​នានា ដោយសារ​តែ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ទៅ​ដល់​គោលដៅ​បាន​ល្អ បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ និង​មួយវិញទៀត ដោយសារ​តែ​ជីវភាព​របស់​បងប្អូន​កាន់តែ​ប្រសើរ​ឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ៗ ហើយ​អ្វី​ដែល​ជា​កត្តា​សំខាន់​នោះ គឺ​ប្រទេស​ជាតិ​មាន​សុខ​សន្ដិភាព និង​ស្ថិរភាព​នយោបាយ​ពេញលេញ ។ ទន្ទឹម​នឹង​នេះ បណ្តា​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ភាគច្រើន​ខិតខំ​ប្រឹងប្រែង​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​ដើម្បី​បំពេញ​សេចក្ដី​ត្រូវការ​របស់​ភ្ញៀវ និង​សុទ្ធតែ​បាន​ធ្វើ​របាយការណ៍​ជូន​ក្រសួង​ដោយ​បាន​កត់សម្គាល់​ពី​ការ​រៀបចំ​សណ្តាប់ធ្នាប់ មាន​របៀបរៀបរយ បញ្ហា​បរិស្ថាន សន្តិសុខ និង​សេវាកម្ម​ដល់​ភ្ញៀវ​ទេសចរ​នៅ​តាម​តំបន់​គោលដៅ​មាន​លក្ខណៈ​កាន់តែ​ល្អ​ប្រសើរ​ឡើងជា​លំដាប់ »៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ