រាជធានីភ្នំពេញ ៖ គណៈប្រតិភូសភាកម្ពុជាចូលកិច្ចមហាសន្និបាតសហភាពអន្តរសភា (IPU) ដើម្បីពិភាក្សា និងអនុម័តលើករបៀបវារៈមួយចំនួនដែលកំពុងរសើបនៅលើសកលលោ ក ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិកដ្ឋានរដ្ឋសភាចេញផ្សាយនៅថ្ងៃទី១២ តុលានេះបានឲ្យដឹងថា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដែលដឹកនាំដោយលោកស្រី ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជានៃនយោបាយស្ត្រី នឹងចូលរួមមហាសន្និបាតសហភាពអន្តរសភាលើកទី១៣៩ នៅទីក្រុងហ្ស៊ីណែវ ប្រទេសស្វីស ពីថ្ងៃទី១២ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ។
ប្រភពបាបន្តថា សហភាពអន្តរសភា (IPU) ជាអង្គការនីតិបញ្ញត្តិធំមួយ ដែលមានសភាមកពីប្រទេសនានាជុំវិញពិភពលោកចំនួន១៧៣ជាសមាជិក ។ កំឡុងពេលមហាសន្និបាតលើកទី១៣៩នេះ លោកស្រី ឃួន សុដារី ប្រធានគណៈប្រតិភូសភាកម្ពុជានឹងឡើងថ្លែងសុន្ទរកថា ស្តីអំពី «ភាពជាអ្នកដឹកនាំសភាក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍន៍នាយុគ្គសម័យនាវានិវត្តន៍ និងបំលាស់ប្តូរបច្ចេកវិទ្យា» ទៅកាន់អង្គមហាសន្និបាត ។ ជាមួយគ្នានេះគណៈប្រតិភូសភាកម្ពុជានឹងចូលរួមកិច្ចប្រជុំជាច្រើននៅក្នុងនោះមានកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២០៣ របស់ IPU ដើម្បីអនុម័តសេចក្តីស្នើរបៀបវារៈបន្ទាន់លើបញ្ហាស៊ើបមួយចំនួនរបស់សកលោក ។ បោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់ IPU ។ ការចូលរួមផ្តល់ អនុសាសន៍អំពីសិទ្ធិមនុស្ស ការពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ IPU ។ និងការអនុម័តប្រតិទិនការងារសម្រាប់មហាសន្និបាត IPU លើកទី១៤០ នៅទីក្រុង Buenos Aires នៃប្រទេសអាហ្សង់ទីន ។
ប្រភពបានឲ្យដឹងទៀតថា នៅក្នុងមហាសន្និបាតនេះគណៈប្រតិភូមសភាកម្ពុជាក៏នឹងចូលរួមបណ្តាកិច្ចប្រជុំសំខាន់ៗមួយចំនួនទៀត ដែលមានដូចជា កិច្ចប្រជុំអាស៊ានបូក៣ កិច្ចប្រជុំសម្រួបសម្រួលរបស់សភាតំបន់អាស៊ី (APA) កិច្ចប្រជុំភូមិសាស្ត្រតំបន់អាស៊ីប៉ាស៊ីហ្វិក (APG) កិច្ចប្រជុំវេទិការសមាជិកសភាស្ត្រី កិច្ចប្រជុំវេទិការសមាជិកសភាវ័យក្មេង IPU និងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទាំង៤របស់ IPU ស្តីពី«សន្តិភាព សន្តិសុខអន្តរជាតិ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ហិរញ្ញវត្ថុ ពាណិជ្ជកម្ម ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងកិច្ចការអង្គការសហប្រជាជាតិផងដែរ ។ ជាមួយគ្នានោះដែរលោកស្រី អនុប្រធានទី២ រដ្ឋសភាក៏នឹងជួបពិភាក្សាការងារទ្វេរភាគីជាមួយលោកស្រី ហ្គាប្រីឡា គូវ៉ាស បារ៉ុន ប្រធានសហភាពអន្តរសភា IPU)ផងដែរ៕
ចែករំលែកព័តមាននេះ