ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​លើក​វិធានការ​៥​ចំណុច​ទប់ស្កាត់​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​លុប​បំ​បាច់​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​នោះ​ភាគី​កម្ពុជា​បាន​លើក​វិធានការ​៥​ចំណុច ដើម្បី​ទប់ស្កាត់​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់ ក្នុង​សន្និសីទ​ស្តី​ពី​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់ លើក​ទី​៤​នៃ​ចក្រភព​អង់គ្លេស ។ សម្តេច​ក្រឡាហោម ស ខេ​ង…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​លុប​បំ​បាច់​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​នោះ​ភាគី​កម្ពុជា​បាន​លើក​វិធានការ​៥​ចំណុច ដើម្បី​ទប់ស្កាត់​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់ ក្នុង​សន្និសីទ​ស្តី​ពី​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់ លើក​ទី​៤​នៃ​ចក្រភព​អង់គ្លេស ។

សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ជូន​អង្គ​សន្និសីទ កាលពី​ថ្ងៃ​ទី​១១ តុលា​នេះ​យ៉ាង​ដូច្នេះ​ថា កម្ពុជា​មិនមែន​ជា​ប្រទេស​ដែល​អនុញ្ញាត​ឲ្យ​មានការ​ជួញដូរ​ផលិតផល​សត្វព្រៃ​ស្របច្បាប់​នោះ​ទេ ហើយ​ក៏​មិនមែន​ជា​ប្រទេស​ដែល​មាន​តម្រូវការ​ផលិតផល​សត្វព្រៃ​សម្រាប់​ការ​ប្រើប្រាស់​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​នោះ​ដែរ ប៉ុន្តែ​ការ​វិវត្តន៍​នៃ​ស្ថានភាព​សកលលោក​នា​ពេល​បច្ចុប្បន្ន​នេះ​ក៏​បាន​រុញច្រាន​កម្ពុជា​ទៅ​ជា​ប្រទេស​ឆ្លងកាត់​សម្រាប់​ឧក្រិដ្ឋជន​ក្នុង​ការ​ដឹក​ជញ្ជូន និង​ចរាចរណ៍​ផលិតផល​សត្វព្រៃ​ខុសច្បាប់ ។

សម្តេច​ក្រឡាហោម​មាន​ប្រសាសន៍​ថា «​បទល្មើស​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​មិន​ត្រឹមតែ​នាំ​មក​នូវ​មហន្តរាយ​ដល់​និរន្តរភាព​បរិស្ថាន និង​ធនធានធម្មជាតិ​នៃ​ភព​ផែនដី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថវិកា​ដែល​ទទួល​បាន​ពី​ការ​ប្រព្រឹត្ត​បទល្មើស​នេះ​ក៏​បាន​នាំ​ដល់​ការ​បង្កើត​នូវ​បញ្ហា​ដ៏​ស្មុគស្មាញ​ជា​ច្រើន​ក្នុង​សង្គម និង​សកលលោក​ជា​ពិសេស​បទល្មើស​ពាក់ព័ន្ធ​ដទៃ​ទៀត​ដូច​ជា ការ​សម្អាត​ប្រាក់​អំពើ​ភេរវកម្ម​ការ​ជួញដូរ​មនុស្ស ការ​ជួញដូរ​គ្រឿងញៀន ការ​ជួញដូរ​អាវុធ​ខុសច្បាប់ ។

សម្តេច​គូសបញ្ជាក់​បន្ថែម​ថា ក្នុង​ស្មារតី​រួមចំណែក​ដល់​សន្និសីទ​ប្រឆាំង​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​លើក​ទី​៤​នេះ​ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​ក្រឡាហោម​បាន​លើក​ពី​ការ​ប្តេជ្ញា​ចិត្ត​បន្ត​អនុវត្ត​នូវ​គោលការណ៍ និង​វិធានការ​សំខាន់​ៗ​មួយ​ចំនួន​ដែល​រាជរដ្ឋាភិបាល​កម្ពុជា និង​សន្និសីទ​លើក​ទី​៣ កន្លង​មក​បាន​ដាក់​ចេញ​ដូច​ជាទី​១- បន្ត​កែ​លំអ​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ដែល​មាន​ស្រាប់​តាម​រយៈ​ការ​ធ្វើ​វិសោធនកម្ម និង​ការ​បង្កើត​លិខិត​បទដ្ឋាន​គតិ​យុទ្ធ​ថ្មី​ៗ​បន្ថែម​តាម​ការ​ចាំបាច់ ដើម្បី​បម្រើ​ដល់​ការ​រៀបចំ​គោលនយោបាយ​គាំពារ និង​ការ​គ្រប់គ្រង​ថែរក្សា​អភិរក្ស​សត្វព្រៃ​ឲ្យ​កាន់តែ​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​សំដៅ​ឆ្លើយ​តប​ជាក់ស្តែង​ចំពោះ​ស្ថានការណ៍​វិ​វត្ត​ជាស​កល​នៃ​ការ​គ្រប់គ្រង​ធនធានធម្មជាតិ ។ ទី​២- បន្ត​ពង្រឹង​ការ​អនុវត្តន៍​ច្បាប់​ឲ្យ​កាន់តែ​តឹង​រឹង តាម​រយៈ​ការ​រឹត​បន្តឹង​ការ​ដាក់​ទោសទណ្ឌ ឬ​ការ​ផ្តន្ទាទោស​ចំពោះ​សកម្មភាព​ល្មើសច្បាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់ ។ ទី​៣ – សហការ​កៀរគរ​ការ​ចូលរួម​ពី​គ្រប់​សមាសភាព​ពាក់ព័ន្ធ​ទាំង​នៅ​ថ្នាក់​ជាតិ និង​អន្តរជាតិ ព្រមទាំង​ស្ថាប័ន​រដ្ឋាភិបាល​គ្រឹះស្ថាន​ឯកជន​អង្គការ​សង្គម​ស៊ី​វិល​ដៃគូ​ពាក់ព័ន្ធ​ជាតិ​-​អន្តរជាតិ ។

ដើម្បី​ចូលរួម​អនុវត្ត និង​ប្រមូលផ្តុំ​ការ​គាំទ្រ​ក្នុង​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​នៅ​កម្ពុជា​ក្នុង​តំបន់ និង​សកលលោក ។ ទី​៤- បន្ត​ផ្សព្វផ្សាយ​បង្កើន​ការ​យល់​ដឹង តាម​រយៈ​ការ​អប់រំ​ណែនាំ​សាធារណៈជន​ទូទៅ​ឲ្យ​យល់​ដឹង​អំពី​តម្លៃ និង​សារៈសំខាន់​នៃ​ធនធានធម្មជាតិ និង​សត្វព្រៃ​ដែល​ជា​សមាសធាតុ​ដ៏​ចាំបាច់​នៃ​ប្រព័ន្ធ​អេកូ​ឡូ​ហ្ស៊ី​សំដៅ​រួម​គ្នា​ចូលរួម​កាត់​បន្ថយ​ឲ្យ​បានជា​អតិបរមា​នូវ​តម្រូវការ​ទីផ្សារ​សត្វព្រៃ​ដូច​ជា ការ​បរិភោគ ការ​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាដើម ។ និង​ទី​៥- បន្ត​ផ្សារ​ភ្ជាប់​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និទ្ធ​ជាមួយ​ស្ថាប័ន​អនុវត្ត​ច្បាប់​ក្នុង​ការ​ចែករំលែក​បទ​ពិសោធន៍ និង​ព័ត៌មាន​ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជួញដូរ​សត្វព្រៃ​ឆ្លង​ដែន​គ្រប់​ទម្រង់ ព្រមទាំង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​ការ​ពង្រឹងសមត្ថភាព​កងកម្លាំង​អនុវត្ត​ច្បាប់​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។

សូម​ជម្រាប​ថា សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចូលរួម​សន្និសីទ​ស្តី​ពី​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​លើក​ទី​៤ នៅ​ទីក្រុង​ឡុ​ង​ដ៍​ចក្រភព​អង់គ្លេស​ដែល​មាន​ប្រទេស​ចូលរួម​ជាង​៨០​ប្រទេស (​ថ្នាក់​ប្រ​ធានា​ធីប​តី នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​មន្ត្រីជាន់ខ្ពស់ សង្គម​ស៊ី​វិល និង​វិស័យ​ឯកជន​ជាង​១០០០​នាក់​ចូលរួម​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ