ទីក្រុងឡុងដ៍ ៖ ពាណិជ្ជករធំៗទូទាំងពិភពលោកបាននិយាយកាលពីថ្ងៃពុធកន្លងមកថា តម្លៃប្រេងមិនធ្លាក់ចុះក្រោម៦៥ដុល្លារក្នុងមួយធុងទេ ហើយអាចនឹងកើនលើស១០០ដុល្លារក្នុងមួយធុងទៅទៀតនៅឆ្នាំក្រោយនេះ នៅពេលដែលការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែលនាំឲ្យកាត់បន្ថយការនាំចេញប្រេងពីប្រទេសអ៊ីរ៉ង់ ។
តម្លៃប្រេងបានកើនឡើងនៅឆ្នាំនេះ ព្រោះតែមានការគិតថាការដាក់ទណ្ឌកម្មដែលនឹងចាប់មានប្រសិទ្ធភាពនៅថ្ងៃទី៤ ខែវិច្ឆិកា ខាងមុខ នឹងសាកល្បងសមត្ថភាពរបស់អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងប្រទេសដទៃក្នុងការបូមប្រេងបំពេញការធ្លាក់ចុះនៃការផ្គត់ផ្គង់របស់អ៊ីរ៉ង់ ។
តម្លៃប្រេងឆៅរបស់ក្រុមហ៊ុន Brent បានកើនដល់៨៦,៧៤ដុល្លារក្នុងមួយធុងកាលពីសប្តាហ៍មុន ដែលជាកម្រិតខ្ពស់ជាងគេតាំងពីឆ្នាំ ២០១៤មក ។
ប៉ុន្តែសម្រាប់ឆ្នាំ២០១៩វិញ អ្នកព្យាករណ៍ដូចជាភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឲ្យដឹងថា វិបត្តិក្នុងទីផ្សារកំពុងលូតលាស់ និងជម្លោះពាណិជ្ជកម្ម អាចនឹងប៉ះពាល់ដល់តម្រូវការប្រេងជុំវិញពិភពលោក ខណៈដែលការផ្គត់ផ្គង់ពីប្រទេសមិនមែនជាសមាជិក OPEC កើនឡើង ។
លោក Alex Beard នាយកប្រតិបត្តិប្រចាំ Glencore បានព្យាករណ៍ដែរថា តម្លៃប្រេងនៅពាក់កណ្តាលឆ្នាំក្រោយ នឹងស្មើប្រមាណពី៨៥ទៅ៩០ដុល្លារក្នុងមួយធុង ។ ប៉ុន្តែពាណិជ្ជករដទៃគិតថា មានកត្តាមួយចំនួននៅទីផ្សារកំពុងលូតលាស់អាចប៉ះពាល់ដល់តម្រូវការ និងការលូតលាស់នៃតម្លៃប្រេង។
លោក Torbjorn Tornqvist នាយកប្រតិបត្តិរបស់ Gunvor បាននិយាយថា តម្លៃប្រេងនឹងធ្លាកចុះនៅឆ្នាំក្រោយមកស្មើប្រមាណពី៧០ទៅ៧៥ដុល្លារក្នុងមួយធុង ព្រោះតែការអន់ថយនៃតម្រូវការ ខណៈដែលការផ្គត់ផ្គង់ក្នុងទីផ្សារនៅរឹងមាំល្អ ៕
ចែករំលែកព័តមាននេះ