រាជធានីភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីថ្លែងការណ៍សម្តែងការសោកស្តាយចំពោះសហភាពអ៊ឺរ៉ុបដែលបានដំណើរការនីតិវិធីជាផ្លូវការសម្រាប់ការដកជាបណ្តោះអាសន្ននូវការផ្តល់ភាពអនុគ្រោះពន្ធ ក្រោមកម្មវិធី«គ្រប់មុខទំនិញលើកលែងសព្វាវុធ« EBA» សម្រាប់ប្រទេសកម្ពុជា ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចេញផ្សាយនៅថ្ងៃទី១០ តុលានេះ ហើយត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១១ តុលានេះបានលើកឡើងរាជរដ្ឋាភិបាលកម្ពុជាបានកត់សម្គាល់នូវលិខិតរបស់លោកស្រី ហ្វេរដ៏រីកាម៉ូហ្គេវីនី និងលោកស្រី សេស៊ីល្យ៉ា ម៉ាលស្គ្រម ចុះថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ ផ្ញើជូនរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។ ទោះបីជាមានការបំភ្លឺជាបន្តបន្ទាប់ដោយប្រតិភូនៃហភាពអ៊ឺរ៉ុបប្រចាំនៅកម្ពុជាក៏ដោយក៏រាជរដ្ឋាភិបាលសំដែងនូវការខកចិត្តចំពោះការសម្រេចរបស់សហភាពអ៊ឺរ៉ុបក្នុងការដាក់ចេញនូវដំណើរការនីតិវិធីជាផ្លូវការសម្រាប់ការដកជាបណ្តោះអាសន្ននូវការផ្តល់ភាពអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងសព្វាវុធ (EBA)» សម្រាប់ប្រទេសកម្ពុជា ។
ថ្លែងការណ៍បន្តថា រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកការសម្រេចចិត្តនេះថា ជាភាពអយុត្តិធម៌បំផុត ព្រោះ នេះបង្ហាញឲ្យឃើញថាសហភាពអ៊ឺរ៉ុបបានបដិសេធដោយចំហរអំពីវឌ្ឍនភាពគួរឲ្យកត់សម្គាល់ដែលប្រទេសកម្ពុជាសម្រេចបានទោះបីជារងគ្រោះដោយសោកនាដកម្មកន្លងមកថ្មីៗនេះយ៉ាងណាក៏ដោយក្នុងការអនុវត្តអនុសញ្ញាអន្តរជាតិជាច្រើនដែលត្រូវបានផ្សារភ្ជាប់នឹង កម្មវិធីនេះ ជាពិសេសនៅក្នុងវិស័យសិទ្ធិការងារ និងសិទ្ធិដីធ្លី ។
ប្រភពបញ្ជាក់ថា « រាជរដ្ឋាភិបាលសោកស្តាយយ៉ាងខ្លាំងចំពោះការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងរាជរដ្ឋាភិបាលដោយឈរលើមូលដ្ឋាននៃរបាយការណ៍បេសកម្មរបស់សហភាពអ៊ឺរ៉ុប កាលពីខែកក្កដាកន្លងទៅ ។ រាជរដ្ឋាភិបាលមានការខកចិត្តចំពោះកង្វះតម្លាភាពរបស់សហភាពអឺរ៉ុបបានយកធ្វើជាមូលដ្ឋាននៃសចក្តីសម្រេចចិត្តលំអៀងរបស់ខ្លួន» ។ ចាប់តាំងពីប្រទេសកម្ពុជាសម្រេចបានសន្តិភាពពេញលេញ និងការផ្សះផ្សារជាតិឡើងវិញមកកម្ពុជាបានអនុវត្តក្នុងកាលៈទេសៈដ៏លំបាកបំផុតការស្តារឡើងវិញនូវការគោរពសិទ្ធិមនុស្ស និងសិទ្ធិនយោបាយជាមូលដ្ឋានដែលសូម្បីដែលប្រទេសអឺរ៉ុបខ្លួនឯងក៏ត្រូវចំណាយពេលខិតខំប្រឹងប្រែងអស់ជាច្រើនសតវត្សរ៍ទម្រាំតែពួកគេអាចសម្រេចបានផ្នែកខ្លះ ។
សិទ្ធិជាមូលដ្ឋានដូចជា សិទ្ធិទទួលបានម្ហូបអាហារ សុខភាព ការអប់រំ លំនៅដ្ឋាន និងការងារ គឺជាបុរេល័ក្ខខ័ណ្ឌសំខាន់បំផុតសម្រាប់លទ្ធិប្រជាធិបតេយ្យមួយដ៏សមរម្យ ។ សហភាពអឺរ៉ុបមិនត្រឹមតែបដិសេធចោលតថភាពដូចនេះទេ ប៉ុន្តែភាពស្ងប់ស្ងៀម និងការគាំទ្រជាចំហររបស់ខ្លួនចំពោះសកម្មភាពសុខច្បាប់ និងប្រាសចាកលទ្ធិប្រជាធិបតេយ្យនៃក្រុមមួយចំនួនដោយមានកិច្ចការពារពីស្ថាប័នខ្លះរបស់សហភាពអឺរ៉ុប ច្បាប់ណាស់ថា ការវៀរចាកយ៉ាងឆ្ងាយពីគន្លងនៃភាពត្រឹមត្រូវ ។ ដោយហេតុនេះវាជាការច្បាស់ណាស់ថា ពិតជាមានហេតុផលខាងនយោ បាយ នៅពីក្រោយសេចក្តីសម្រេចមកលើកប្រទេសកម្ពុជា ។
ថ្លែងការណ៍គូសបញ្ជាក់ទៀតថា «ដោយអនុវត្តវិធានការដកភាពអនុគ្រោះនេះ គណៈកម្មការអឺរ៉ុបប្រថុយប្រថានមិនទទួលស្គាល់ដល់កិច្ចការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ដ៏មានតម្លៃអស់រយៈពេល២០ឆ្នាំកន្លងមកនេះ ដែលរាជរដ្ឋាភិបាលកម្ពុជាបានព្យាយាមជួយទាញមនុស្សប្រុសស្រី រាប់លាននាក់ឲ្យរួចផុតពីភាពក្រីក្រ ។ ជាលទ្ធផលនោះការសម្រេចបែបនេះអាចនឹងធ្វើឲ្យបាត់ បង់ទាំងស្រុងនូវលទ្ធផលជាវិជ្ជាមានដ៏ច្រើននៃគោលនយោបាយអឺរ៉ុបដែលកម្ពុជាទទទួលបាន ប្រយោជន៍រហូតដល់ពេលនេះ ។ កាជ្រើសរើសយកវិធានការដាក់ទណ្ឌកម្មយ៉ាងតឹងរឹងបែប នេះជាជាងការប្រកាន់យកកិច្ចសន្ទនាប្រកបដោយលក្ខណៈស្ថាបនានោះអាចនឹងផ្តល់ផលអវិជ្ជមានបញ្ច្រាសមកវិញទេ» ។ ស្ថាប័នអឺរ៉ុបតែងតែបដិសេធមិនទទួលស្គាល់ហេតុការណ៍មិនអាចប្រកែកបានដែលនាំឲ្យរាជរដ្ឋាភិបាលប្រើប្រាស់នូវបុព្វសិទ្ធិនៃរដ្ឋឯករាជ្យ និងអធិបតេយ្យភាពក្នុងការចាត់វិធានការនានតាមផ្លូវច្បាប់កន្លងមក ។
ប្រសិនបើស្ថាប័នអឺរ៉ុបសម្រេចដាក់ទណ្ឌកម្មមកលើកកម្ពុជាផ្អែកលើជំហរនេះវានឹងធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជាតាំងចិត្តកាន់តែមុតមាំថែមទៀត ក្នុងការការពារ និងរក្សាសកម្មភាពត្រឹមត្រូវ និងស្របច្បាប់របស់ខ្មែរ ។ ថ្លែងគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលកម្ពុជាបានតាំងចិត្តកសាងរដ្ឋប្រជាធិបតេយ្យ ដោយគោរពសិទ្ធិប្រជាពលរដ្ឋទាំងអស់ស្របតាមគុណតម្លៃ និងប្រពៃណីរបស់ខ្លួន ប៉ុន្តែនៅក្នុងក្របខណ្ឌនៃនីតិរដ្ឋដែលគ្មាននរណាម្ចាក់ ស្ថិតនៅលើច្បាប់បានឡើយ ទោះបីជាសកម្មជននយោបាយក្តី ឬជាសមាជិកនៃក្រុមសង្គមស៊ីវិលក្តី ។ ប្រទេសកម្ពុជាសូមឲ្យមានការគាំទ្រពីសំណាក់សហភាពអឺរ៉ុប ដើម្បីជួយធ្វើឲ្យសម្រេចគោលដៅដ៏ពិសិដ្ឋនេះដោយមានការគោរពដល់អធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូរបស់កម្ពុជា» ។
យ៉ាងណាក្តីទាក់ទិននឹងការដកអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបមកលើកម្ពុជានេះត្រូវបានអតីតមេបក្សប្រឆាំងលោក សម រង្ស៊ី បានអះអាងថា សហភាពអឺរ៉ុបចាប់ផ្តើមរៀបចំដាក់ទណ្ឌកម្មពាណិជ្ជកម្មមកកម្ពុជានេះដោយមានការព្រមានជាច្រើនលើកច្រើនសារួចមកហើយ ឲ្យបញ្ឈប់ការរំលោភសិទ្ធិមនុស្ស និងការបំបាត់សេរីភាពប្រជាពលរដ្ឋខ្មែរ ៕
ចែករំលែកព័តមាននេះ