រាជធានីភ្នំពេញ ៖ ក្នុងគោលបំណងទប់ស្កាត់ការធ្វើពាណិជ្ជកម្មសត្វព្រៃខុសច្បាប់នោះសម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រីបានដឹកនាំគណៈប្រតិភូចូលរួមសន្និសីទស្តីពី ពាណិជ្ជកម្មសត្វព្រៃខុសច្បាប់ នៅចក្រភពអង់គ្លេស ។
សម្តេចក្រឡាហោ ស ខេង បានសរសេរលើបណ្តាញសង្គមយ៉ាងដូច្នេះថា «តបតាមការ អញ្ជើញរបស់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស ខ្ញុំបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អន្តរក្រសួង នៃរាជរដ្ឋាភិបាលកម្ពុជាចូលរួមសន្និសីទលើកទី៤ស្ដីពីពាណិជ្ជកម្មសត្វព្រៃខុសច្បាប់ដែលនឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងឡុងចក្រភពអង់គ្លេសដែលចូលរួមពីប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលវិស័យឯកជន និងអង្គការអន្តរជាតិមកពីបណ្ដាតំបន់នានាលើសកលលោក» ។
សម្តេចលើកឡើងទៀតថា សន្និសីទស្ដីពីការជួញដូរសត្វព្រៃខុសច្បាប់ត្រូវបានប្រារព្ធធ្វើឡើង លើកដំបូង ក្រោមគំនិតផ្ដួចផ្ដើមរបស់អង្គម្ចាស់ Charles នៃចក្រអង់គ្លេសកាលពីឆ្នាំ២០១៣ នៅទីក្រុងឡុងក្នុងគោលបំណងកៀរគរការចូលរួមថែរក្សា និងអភិរក្សធនធានធម្មជាតិព្រមទាំងពង្រឹងការអនុវត្តន៍ច្បាប់សំដៅការពារ និងទប់ស្កាត់ការធ្វើពាណិជ្ជកម្មខុសច្បាប់នូវសត្វព្រៃកម្រ និងផលិតផលសត្វព្រៃដូចជា ភ្លុកដំរី ស្នែង រមាស ជាដើម ។
សម្តេចបានបន្តថា ប្រធានបទសំខាន់មួយក្នុងប្រធានបទសំខាន់ដែលនឹងត្រូវលើកយកមកពិភាក្សានៅក្នុងសន្និសីទ លើកទី៤ គឺពាក់ព័ន្ធទៅនឹងឥទ្ធិពលវិសាលភាពនៃបទល្មើសជួញដូរ សត្វព្រៃខុសច្បាប់ ដោយថវិកាដែលបានមកពីកាជួញដូរខុសច្បាប់ក៏បាននាំទៅដល់ការ ប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរមានអង្គការចាត់តាំងដទៃទៀតដូចជា ការសំអាតប្រាក់អំពើភេវរកម្ម ការជួញដូរមនុស្ស ការជួញដូរអាវុធខុសច្បាប់ ។
ក្នុងន័យនេះសន្និសីទលើកទី៤ស្ដីពីការជួញដូរសត្វព្រៃខុសច្បាប់មិនត្រឹមតែជាវេទិកាគាំពារ ដល់និរន្តភាព បរិស្ថាន និងធនធានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែ គឺជាឱកាសក្នុងការបង្កើតសម្ព័ន្ធភាពជិតស្និទ ដើម្បីរួមគ្នាការពាររឹងមាំនូវសន្តិសុខនៅក្នុងប្រទេសតំបន់ និងសកលលោក ដែលសន្តិសុខ និងសន្តិភាព គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់បម្រើដល់ការអភិវឌ្ឍន៍សង្គមប្រកបដោយចីរភាព ៕
ចែករំលែកព័តមាននេះ