ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចុប្បន្ន​ចំនួន​អ្នក​រង​គ្រោះ​ដោយសារ​គ្រាប់​មីន​នៅ​ខេត្តព្រះវិហារថយ​ចុះ

5 ឆ្នាំ មុន
  • ព្រះវិហារ

​ខេត្តព្រះវិហារ ៖ មន្ត្រី​ស្រាវជ្រាវ​ទិន្នន័យ​ជន​រង​គ្រោះ​ដោយសារ​គ្រាប់​មីន​នៅ​ខេត្តព្រះវិហារ​ឱ្យ​ដឹង​ថា ចំនួន​អ្នក​រង​គ្រោះ​ដោយសារ​គ្រាប់​មីន ក្នុង​រយៈពេល​៩​ខែ ក្នុង​ឆ្នាំ​២០១៨ នេះ​គឺ​មានការ​ថយ​ចុះ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន ។​ ​លោក…

​ខេត្តព្រះវិហារ ៖ មន្ត្រី​ស្រាវជ្រាវ​ទិន្នន័យ​ជន​រង​គ្រោះ​ដោយសារ​គ្រាប់​មីន​នៅ​ខេត្តព្រះវិហារ​ឱ្យ​ដឹង​ថា ចំនួន​អ្នក​រង​គ្រោះ​ដោយសារ​គ្រាប់​មីន ក្នុង​រយៈពេល​៩​ខែ ក្នុង​ឆ្នាំ​២០១៨ នេះ​គឺ​មានការ​ថយ​ចុះ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន ។​

​លោក ធន់ សុធា មន្ត្រី​ស្រង់​ទិន្នន័យ​ជន​រង​គ្រោះ​ដោយសារ​គ្រាប់​មីន​របស់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) ប្រចាំ​ខេត្តព្រះវិហារ​ឱ្យ​ដឹង​ថា ចាប់តាំងពី​ខែមករា រហូត​មក​ដល់ ខែកញ្ញា ឆ្នាំ​២០១៨ នេះ អ្នក​រង​គ្រោះ​ដោយសារ​គ្រាប់​មីន​មាន​ចំនួន​៦​នាក់ ។​

​តួលេខ​នេះ​មានការ​ថយ​ចុះ​ប្រមាណ​១៤% បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​៩​ខែ​ដូច​គ្នា កាលពី​ឆ្នាំ​២០១៧ ដែល​មាន​ចំនួន​ជន​រង​គ្រោះ​ដោយសារ​គ្រាប់​មីន​ដល់​ទៅ​៧​នាក់ ។​ ​ទោះជា​យ៉ាងណា​ក៏​ដោយ​គេ​ដឹង​ថា​នៅ​ខេត្តព្រះវិហារ ក្នុង​ចំណោម​ក្រុង​និង​ស្រុក​ចំនួន​៧​គឺ​ស្រុក​ចំនួន​៣ ដែល​ស្ថិត​នៅ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ នៅ​មាន​សេសសល់​គ្រាប់​មីន​និង​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅឡើយ ។​

​កាលពី​ថ្ងៃ​ទី​២៦ ខែកញ្ញា ពលរដ្ឋ​ចំនួន​៣​នាក់​នៅ​ភូមិ​សែន​តេជៈ ឃុំ​ម​ក៌​ត ស្រុក​ជាំ​ក្សាន្ត បាន​រង​របួស​ធ្ងន់ធ្ងរ ដោយសារ​តែ​ដើរ​ជាន់​គ្រាប់​មីនតោន​ប្រឆាំង​រថក្រោះ ដែល​សេសសល់​ពី​សម័យ​សង្គ្រាម​នៅ​កប់​ក្រោម​ដី ។​

​លោក ធន់ សុធា​បន្ត​យ​ថា តំបន់​ដែល​នៅ​សេសសល់​គ្រាប់​មីន​នៅ​ក្នុង​ខេត្តព្រះវិហារ​ដូច​ជា ស្រុក​ជាំ​ក្សាន្ត មាន​អត្រា​អ្នក​រង​គ្រោះ​ដោយសារ​គ្រាប់​មីន​ច្រើន​ជាងគេ បន្ទាប់​មក​គឺ​ស្រុក​គូលែន ស្រុក​រវៀង ដោយសារ​តែ​ស្រុក​ទាំង​បី​នេះ គឺ​បាន​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ខ្មែរក្រហម និង​រដ្ឋាភិបាល​ចុង​ក្រោយ​គេ នៅ​អំឡុង​ឆ្នាំ​១៩៩៨ ។​

​ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០១៨​នេះ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​(CMAC)​បាន​រំដោះ​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ បាន​ចំនួន​ជាង​៦០​គ្រាប់ ចេញពី​ផ្ទៃដី ដែល​ជា​អតីត​តំបន់​ប្រយុទ្ធ​រវាង​ទាហាន​រដ្ឋាភិបាល និង​ក្រុម​ឧទ្ទាម​ខ្មែរក្រហម ។​

​យោង​តាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​បោសសម្អាត​មីន និង​កាក​សំណល់​សង្គ្រាម បាន​ឲ្យ​ដឹង​ថា រយៈពេល​៨​ខែ ឆ្នាំ​២០១៨ នេះ​អត្រា​គ្រោះថ្នាក់​មាន​ចំនួន ៣២​នាក់ គឺ​កើន​ទ្បើ​ង ៣​ភាគរយ​ធៀប​ឆ្នាំ​២០១៧ ដែល​មាន​តែ​ចំនួន​ប្រមាណ​៩​នាក់ ។ បើ​គិត​ពី​ឆ្នាំ ១៩៧៩ ដល់​ឆ្នាំ​២០១៧ អ្នក​រងគ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម មាន​ចំនួន​ជាង​៦៤,៧២០​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ