ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​10​កន្លែង​នៅ​កំពង់ស្ពឺ បើ​មិន​បាន​ទៅ​លេង​គួរ​ឱ្យ​ស្ដាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខេត្តកំពង់ស្ពឺ​ជា​ទឹកដី​សម្បូរ​ដោយ​សម្បត្តិ​ធម្មជាតិ​មួយ​ដែល​នៅ​មិន​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ ប៉ុន្ដែ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ហាក់​មើល​រំលង និង​ទៅ​ហួស​មក​ហួស ដោយសារ​តែ​ខេត្ត​នេះ​មិន​ទាន់​រៀបចំ​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​ដែល​មាន​ស្រាប់​ឲ្យ​ក្លាយជា​តំបន់​ទាក់ទាញ​នៅឡើយ ។ ទោះជា​យ៉ាងនេះ​ក្ដី បន្ទាប់​ពី​ប្រែ​មុខមាត់​ថ្មី…

រាជធានី​ភ្នំពេញ ៖ ខេត្តកំពង់ស្ពឺ​ជា​ទឹកដី​សម្បូរ​ដោយ​សម្បត្តិ​ធម្មជាតិ​មួយ​ដែល​នៅ​មិន​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ ប៉ុន្ដែ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ហាក់​មើល​រំលង និង​ទៅ​ហួស​មក​ហួស ដោយសារ​តែ​ខេត្ត​នេះ​មិន​ទាន់​រៀបចំ​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​ដែល​មាន​ស្រាប់​ឲ្យ​ក្លាយជា​តំបន់​ទាក់ទាញ​នៅឡើយ ។ ទោះជា​យ៉ាងនេះ​ក្ដី បន្ទាប់​ពី​ប្រែ​មុខមាត់​ថ្មី និង​កំពុង​តែ​រត់ប្រណាំង​ប្រកួតប្រជែង​ជាមួយ​បណ្តា​ខេត្ត​ដទៃ​ទៀត ខេត្ត​កំពុង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ក្នុង​នោះ​មាន​ទាំង​វិស័យ​ទេសចរណ៍​ផង​ដែរ ។

បើ​តាម​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​បញ្ជាក់​ថា ខេត្តកំពង់ស្ពឺ​មាន​រមណីយដ្ឋាន​ទេសចរណ៍​ចំនួន​១០​កន្លែង រួម​ទាំង​ផលិតផល​ទេសចរណ៍​ដែល​កើតឡើង​ថ្មី​ៗ​មួយ​ចំនួន​ទៀត កំពុង​តែ​បង្អួត​សម្រស់​ទាក់ទាញ​ភ្ញៀវ​ទេសចរ ប្រសិនបើ​មិន​បាន​ទៅ​លេង​គួរ​ឲ្យ​ស្ដាយ ពិសេស​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​នេះ ។

លោក សៅ សា​រ៉ា​ន់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹង​ថា ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន​បាន​និង​កំពុង​កែប្រែ​មុខមាត់​លើ​គ្រប់​វិស័យ ក្នុង​នោះ​វិស័យ​ទេសចរណ៍​ក៏​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ជួរ​នៃ​ការ​ប្រឡងប្រណាំង​ជាមួយ​បណ្តា​ខេត្ត​ដទៃ​ទៀត​ផង​ដែរ ។ ផ្តើម​ពី​នោះ​ហើយ ទើប​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ ចាប់ផ្ដើម​មក​សម្រាក​កម្សាន្ត​និង​ទស្សនា​ខេត្តកំពង់ស្ពឺ មាន​កំណើន​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់ ។ លោក​បាន​បញ្ជាក់​ថា ៖« ទូ​ទាំង​ខេត្ត​មាន​រមណីយដ្ឋាន​ចំនួន​១០​កន្លែង ក្នុង​នោះ​ក៏​មាន​ផលិតផល​ទេសចរណ៍​ថ្មី​មួយ​ចំនួន​ផង​ដែរ »​។ លោក​ថា ៖«​រមណីយដ្ឋាន​ទាំង​១០​នោះ​រួម​មាន រមណីយដ្ឋាន​ប្រភេទ​កែ​ច្នៃ​២​កន្លែង​គឺ អំពែ​ភ្នំ និង​វី​គី​រី​រម្យ​ផា​ញ​រី​សត (A2A​ថោ​ន​) ។ បន្ទាប់​មក រមណីយដ្ឋាន​អេកូ​ទេសចរណ៍​ជីវៈចម្រុះ​មាន​៤​កន្លែង គឺ​ទឹកធ្លាក់​ចំបក់ ,​ទឹកធ្លាក់​ភ្នំ​ជ្រាវ​ ក្នុង​នោះ​ឧទ្យាន​ជាតិ​គី​រី​រម្យ ក៏​ត្រូវ​បាន​បែងចែក​ជា​២​ប្រភេទ គឺ​មណ្ឌល​សាសនា និង​រមណីយដ្ឋាន គី​រី​រម្យ​ក្រោម ( អូ​រំ​ចត ) »​។ លោក​បន្ដ​ថា ៖« ទន្ទឹម​នោះ​រមណីយដ្ឋាន​ប្រភេទ​បុរាណវិទ្យា​មាន​២​កន្លែង​គឺ ភ្នំ​ចាស់ និង​ភ្នំ​ព្រះ ខណៈ​ដែល​រមណីយដ្ឋាន​ប្រភេទ​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​មាន​១​កន្លែង គឺ​ទេ​ទឹក​ពុះ និង​រមណីយដ្ឋាន ប្រភេទ​កីឡា មាន​១​កន្លែង​គឺ​ទីលានកីឡា​វាយ​កូន​ហ្គោ​ល »​។

លោក​ប្រធាន​មន្ទីរ បាន​បន្ថែម​ថា ចំពោះ​ទីធ្លា​សួនច្បារ​, បរិវេណ​សួន​កុមារ​ខាងកើត​, ទីលានកីឡា​, ផ្សារ​រាត្រី​, ទំនប់​តា​អួន ដងស្ទឹង​ព្រែក​ត្នោត​,​កន្លែង​ហាត់ប្រាណ និង​សួន​កុមារ​ខាងលិច​វិមាន​ឯករាជ្យ ដែល​ទើប​កសាង​ឡើង​ក្នុង​រយៈពេល​ជាង​៣​ឆ្នាំ​មកនេះ ក៏​កំពុង​ទាក់ទាញ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​យ៉ាងច្រើន​កុះករ​ផង​ដែរ គឺ​ប្រមាណ​ពី​២.៥០០ ដល់​៣.០០០​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ ។

លោក សៅ សា​រ៉ា​ន់ បាន​បញ្ជាក់​បន្ថែម​ថា ចំពោះ​សេវា​ស្នាក់​នៅ​សរុប​ទូ​ទាំង​ខេត្ត​បច្ចុប្បន្ន នេះ​មាន​១២៨​កន្លែង ក្នុង​នោះ​សណ្ឋាគារ​ចំនួន​៥​កន្លែង ផ្ទះសំណាក់​ចំនួន​៣៥​កន្លែង ផ្ទះ​ជួល​ចំនួន ៨៨​កន្លែង​, មណ្ឌល​កម្សាន្ត​ទេសចរណ៍​សម្រាប់​មនុស្ស​ពេញវ័យ​ចំនួន​២៨​កន្លែង ។ ដោយឡែក សេវា​ម្ហូបអាហារ​ដូច​ជា ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​មាន​ចំនួន​៨០​កន្លែង ខណៈ​ដែល​សេវា​សុខភាព ម៉ាស្សា​មាន​ចំនួន​៣​កន្លែង ។
ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០១៨​នេះ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​បាន​មក​ទស្សនា​ខេត្តកំពង់ស្ពឺ​មាន​ចំនួន​២២៥.៧៣៦​នាក់ កើនឡើង ប្រមាណ​១៥% បើ​ធៀប​នឹង​គ្រា​ដូច​គ្នា​នៃ​ឆ្នាំ​២០១៧ ។ ក្នុង​នោះ​ភ្ញៀវ​អន្តរជាតិ មាន​ចំនួន​១១.៤៨៣​នាក់ កើនឡើង​ប្រមាណ​៤% បើ​ធៀប​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន ។ នេះ​បើ​តាម​លោក​ប្រធាន​មន្ទីរ​បាន​បង្ហាញ ។ លោក​បន្ត​ថា វិស័យ​ទេសចរណ៍​នៅ​ខេត្តកំពង់ស្ពឺ​ក៏​បាន​ផ្តល់​ឱកាស​ដល់​ប្រជាពលរដ្ឋ សំខាន់​យុវជន យុវនារី បាន​ចូល​បម្រើ​ការងារ​ក្នុង​វិស័យ​អាទិភាព​មួយ​នេះ បាន​ចំនួន​២.៨៣០​នាក់​ផង​ដែរ ក្នុង​នោះ​ស្រី​៩៨០​នាក់ ហើយ​ក៏​នឹង​បាន​ផ្តល់​ឱកាស​ការងារ​ជា​បន្តបន្ទាប់​ទៀត ខណៈ​ដែល​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​កំពុង​មានការ​អភិវឌ្ឍ​គួរ​ឲ្យ​ចាប់អារម្មណ៍​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ។

លោក សៅ សា​រ៉ា​ន់ បាន​បញ្ជាក់​ថា ប្រសិនបើ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ចូល​មក​ទស្សនា​ឬ សម្រាក​កម្សាន្ត​នៅ​ខេត្តកំពង់ស្ពឺ​ដែល​កំពុង​ប្រែ​មុខមាត់​ថ្មី​នោះ នឹង​ធ្វើ​ឲ្យ​ភ្ញៀវ​ជាតិ​អន្តរជាតិ​ប្លែក​អារម្មណ៍ សប្បាយ​រីករាយ ដែល​វា​ខុស​ឆ្ងាយ​ពី​ស្ថានភាព​ខេត្តកំពង់ស្ពឺ​នា​ពេល​កន្លង​ទៅ​។ ដូច្នេះ បើ​មិន​បាន​មក​លេង​ពិតជា​គួរ​ឲ្យ​ស្ដាយ​។ លោក​ថា ៖« បើ​ភ្ញៀវ​ធ្វើ​ដំណើរ​ឆ្លងកាត់​ខេត្តកំពង់ស្ពឺ ហើយ មិន​ឆ្លៀត​ចូល​មួយ​ភ្លែត​នោះ នឹង​ស្ដាយក្រោយ ព្រោះ​សព្វថ្ងៃ​អ្វី​ៗ​ពិតជា​ប្លែក​ចម្លែក​អារម្មណ៍ ខុស​ពី​ឆ្នាំ​មុន​ៗ​ឆ្ងាយ​ណាស់ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ