ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​អស់​ច្រើន​ខ្នង និង​របួស​មនុស្ស​៣​នាក់​នៅ​ស្រុក​បាកាន

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​៖ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៦​ខ្នង ខ្លះ​របើក​ដំបូល ខ្លះ​ធ្លាក់​ពីលើ​ជើង​តាង និង​ខ្លះ​ទៀត​រលំ​រាប​ដល់​ដី ដោយសារ​ឥទ្ធិពល​នៃ​ខ្យល់​កន្ត្រាក់​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៨ នៅ​ភូមិ​ទួល​រគាំង ឃុំ​អូរ​តា​ប៉ោង…

ខេត្តពោធិ៍សាត់​៖ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៦​ខ្នង ខ្លះ​របើក​ដំបូល ខ្លះ​ធ្លាក់​ពីលើ​ជើង​តាង និង​ខ្លះ​ទៀត​រលំ​រាប​ដល់​ដី ដោយសារ​ឥទ្ធិពល​នៃ​ខ្យល់​កន្ត្រាក់​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៨ នៅ​ភូមិ​ទួល​រគាំង ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន ខេត្តពោធិ៍សាត់​។ ក្នុង​ហេតុការណ៍​នេះ​ក៍បាន​ធ្វើ​ឲ្យ​មនុស្ស​ចំនួន​៣​នាក់​រង​របួសធ្ងន់ និង​ស្រាល​ផង​ដែរ​។

​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ដឹង​ថា កាលពី​ចន្លោះ​ម៉ោង​ប្រមាណ​៤​ទៅ​៥​ទៀប​ភ្លឺ​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៨ នៅ​ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន មាន​ភ្លៀង​មួយ​មេ​យ៉ាង​ធំ​លាយឡំ​ដោយ​ផ្លេកបន្ទោរ ខ្យល់​បោកបក់ និង​ផ្គរលាន់​យ៉ាង​កក្រើក​ដី​គួរ​ឲ្យ​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ដេក​លង់លក់​នៅ​ក្នុងផ្ទះ ។

ភ្លៀង​ប្រហែល​តែ​កន្លះ​ម៉ោង​ប៉ុណ្ណោះ​ក៍រលឹម​ជាប់​រហូត​ដល់​ភ្លឺ ព្រមទាំង​បាន​បង្ក​ជា​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​៦​ខ្នង​ទៀត​ផង​។ អាជ្ញាធរ​ឲ្យ​ដឹង​ទៀត​ថា ផ្ទះ​ទាំង​៦​ខ្នង​នេះ​ធ្វើ​អំពី​ឈើ ប្រក់​ក្បឿង ប្រក់​សង្ក​សី មាន​ទំហំ​១០​ម៉ែត្រ​គុណ​នឹង​១៥​ម៉ែត្រ និង​៤​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ ខ្លះ​ទ្រេត ខ្លះ​ធ្លាក់​ពីលើ​ជើង​តាង និង​ខ្លះ​ទៀត​របើក​ដំបូល​ខូចខាត​ទាំងស្រុង​។

ជាមួយ​គ្នា​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ចំនួន​៣​នាក់​របួស​បែកក្បាល​ដោយសារ​ក្បឿង​និង​ឈើ​រនង​ផ្ទះ​ធ្លាក់​ត្រូវ​។

ជន​រង​គ្រោះ​ទាំង​៣​នាក់​ខាងលើ​រួម​មាន​១-​ឈ្មោះ សំ ឡី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ បាន​របួសធ្ងន់ ២-​ឈ្មោះ ដា ភូ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ បាន​រង​របួសធ្ងន់ និង​៣-​ឈ្មោះ សាន ភក្ត្រា ភេទ​ប្រុស អាយុ​២០​ឆ្នាំ បាន​រង​របួសស្រាល​)​។ ជន​រង​គ្រោះ​ទាំង​៣​នាក់​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​បាកាន​។

​សព្វ​ថ្ងៃនេះ​អាកាសធាតុ​មានការ​ប្រែប្រួល​ខុស​ប្លែក​ពី​ធម្មតា ជាក់ស្ដែង​មក​ដល់​រដូវវស្សា​នេះ​ហើយ កន្លែង​ខ្លះ​ភ្លៀង​ធ្លាក់​ជោគ​ជាំ ឯ​កន្លែង​ខ្លះ​ទៀត​បែរជា​រាំង​ស្ងួត​ទៅ​វិញ ធ្វើ​ឲ្យ​ដំណាំ​ស្រូវ​របស់​ប្រជា​កសិករ​ក្រៀម​ស្វិត តែបើ​មាន​ភ្លៀង​វិញ​បង្ក​ជា​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​និង និង​រន្ទះបាញ់​មនុស្ស​ស្លាប់​ជា​បន្តបន្ទាប់​។ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ពេល​មាន​ភ្លៀង​ធ្លាក់​ម្ដង​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ