រាជធានីភ្នំពេញ៖ តារាសម្តែងសិចស៊ីកញ្ញាបេននី យ៉ាំង ដើម្បីលើកសម្រស់របស់ខ្លួនមួយកម្រិតទៀតនោះបានវះកាត់កែខ្ទង់ច្រមុះរបស់ខ្លួន នៅឯបរទេស ។ ក្រោយពេលកែនោះមកមានអ្នកនិយាយថា បេននី យ៉ាំង អាចនឹងកើតជំងឺមហារីកច្រមុះ ! តើវាដូចអ្វីដែលគេនិយាយនោះទេ ហើយបេននី យ៉ាំង ផ្ទាល់មានប្រតិកម្មបែបណា ?
នាពេល ថ្មីៗកន្លងមកមានសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយពាក់ព័ន្ធរឿងនេះ ។ បេននី យ៉ាំង បានសរសេរបង្ហោះតាមហ្វេសប៊ុកកាលពីថ្ងៃទី៣ តុលា ២០១៨ ឆ្លើយតបថា នាងមិនមានជំងឺមហារីកណាមួយដូចទៅនឹងព័ត៌មានដែលបានចុះផ្សាយនោះឡើយ ។ បេននី យ៉ាំង បានចាត់ទុកព័ត៌មានដែលផ្សាយនោះគឺជាបំផ្លើស និងជាការប្រមាថលើអាយុជីវិតរបស់នាង ដ្បិតការចុះផ្សាយនោះមិនបានសួរនាំដោយផ្ទាល់ជាមួយនាងទេ ។
ជាមួយនឹងការបដិសេធនោះបេននី យ៉ាំងបានប្រើភាសាប្រមាថតបវិញ ដោយនាងចាត់ទុកការសសេរព័ត៌មាននោះគឺជាមនុស្សគ្មានការងារថ្លៃថ្នូរ ហើយជាព័ត៌មានដែលគ្មានអ្នកមើល ។ នាងសរសេរថា «កុំនិយាយពាក្យថាបានជួបសួរ ឬទាក់ទងមកមិនចូល ក៏មិនច្បាស់ ពួកអាឯងយើងមិនដែលលឺសំឡេងមកសួរយើងម្ដងណាទេ…មិនដឹងជាស្អីទេព័ត៌មាន មួយៗយូរទៅគេលេងមើលអស់ហើយ…ដោយសារតែគ្មានខួរដូចអាដែលសរសេរបំផ្លើសហ្នឹងឯង ! មហារីកនេះខ្ញុំពុំមានទេ »។
សារព័ត៌មាននៅក្នុងស្រុកមួយបានចុះផ្សាយដោយលើកឡើងពីក្តីបារម្ភពីទស្សនិកជនអំពីអាការច្រមុះរបស់បេននី យ៉ាំង ដែលរហូតមកដល់ពេលនេះនៅមិនទាន់វិលមករកសភាពដើមនៅឡើយ ។ កត្តានេះហើយដែលពួកគេគិតថាច្រមុះបេននី យ៉ាំង ទំនងជាមិនអាចជា ឬក៏អាចក្លាយទៅជាមហារីក ជាហេតុធ្វើឲ្យនាងអាចនឹងបាត់បង់រូបសម្រស់ និងការងារសិល្បៈផងដែរ។ ក្តីបារម្ភរបស់មហាជនបានកើតឡើង បន្ទាប់ពីការបង្ហាញរូបភាពច្រមុះលើបណ្ដាញសង្គមរបស់នាងបេននី យ៉ាំង ឃើញថាច្រមុះនាងក្លាយទៅជាហើមខូង ។
តារាសម្តែងកញ្ញាបេននី យ៉ាំង បានជួបបញ្ហាច្រមុះជាយូរឆ្នាំណាស់មកហើយ ក្រោយពីបានទៅវះកាត់កែកុននៅប្រទេសថៃ ។ ក្រោយពេលត្រឡប់មកពីកែលើកទី១ លទ្ធផលមិនល្អ នាងត្រឡប់ទៅធ្វើម្ដងទៀត ហើយលទ្ធផលគឺរលាក និងឈានទៅដុះសាច់ច្រមុះ។ ដូច្នេះហើយពេលបេននី យ៉ាំង បង្ហោះរូបភាពនៅលើហ្វេសប៊ុក ឬចេញទៅក្រៅ ម្តងៗនាងតែងតែពាក់ម៉ាស់ជាប្រចាំ ៕
ចែករំលែកព័តមាននេះ