រាជធានីភ្នំពេញ៖ តារាសម្តែងមួយគូទៀតហើយត្រូវទស្សនិកជនផ្គូផ្គងជាគូស្នេហ៍នឹងគ្នាឲ្យដូចនឹងសាច់រឿង ។ អ្នកគាំទ្រថាពួកគេសមគ្នា ហើយទាក់ទាញផលិតករឲ្យជ្រើសរើសចូលរួមសម្ដែងរួមគ្នាជាបន្តបន្ទាប់ ។ តារាទាំង២ដួងនេះគឺកញ្ញារចនា រ៉ាវាឌី និងលោកមុំ សុធារ៉ា ។ តើអ្នកទាំងពីរមានជំហរបែបណាចំពោះការផ្គូផ្គងនេះ ?
ទាំងកញ្ញារចនា រ៉ាវាឌី និងលោកមុំ សុធារ៉ា គឺជាតារាសម្តែងកំពុងកាក់កបនឹងអាជីពសម្តែងដោយមានផលិតកម្មជាច្រើនផ្តល់ឱកាសឲ្យចូលរួមសម្តែង ដោយពួកគេមានទេពកោសល្យល្អ។ ក្រោយពេលសម្តែងរួមគ្នាជាច្រើនរឿងមក ទស្សនិកជននិយាយថាស្រីស្អាត និងប្រុសស្អាតមួយគូនេះសមគ្នាណាស់ ។ ក្នុងពិភពសិល្បៈតារាប្រុសស្រីសមគ្នាមានគៀត សុវណ្ណាឡាង ជាមួយលឹម ជាឡាយ កញ្ញាឌុច លីដា និងលោកណាខុន លោកអាឡិច ហ្សូរ៉ា និងឌី សូនី ។
លោកមុំ សុធារ៉ា និយាយកាលពីពេល ថ្មីៗកន្លងមកថា រវាងលោក និងកញ្ញាផប់ រចនា ដែលទើបផ្លាស់ឈ្មោះថារចនា រ៉ាវាឌី មានអារម្មណ៍ត្រូវគ្នាក្រោយពីមានឱកាសបានសម្ដែងជាតួប្ដីប្រពន្ធ ឬជាគូស្នេហ៍នឹងគ្នាជាច្រើនរឿង ។ ទោះជាយ៉ាងណាក្តីរវាងរូបលោក និងរ៉ាវាឌី ស្និទ្ធស្នាលគ្នាក្នុងនាមជាតារាដែលមានការងាររួមគ្នាច្រើនប៉ុណ្ណោះ មិនគិតដល់រឿងផ្លូវចិត្ត ឬស្នេហាឡើយ ។ នៅខាងក្រៅសិល្ប: លោក និងនាង តែងតែណាត់គ្នាញាំអី ឬជជែកគ្នាលេង តែមិនឈានដល់រឿងស្នេហាទេ ។
លោកមុំ សុធារ៉ា និយាយថា«ក្នុងសាច់រឿង ស្ទើរមិនមានឈុតណាដែលខ្ញុំ និងនាងមិនកៀកកិតគ្នា មិនអោបរឹតគ្នា ឬមិនផ្អែមល្ហែមដាក់គ្នានោះទេ ហើយបើទោះជាមានតារាសិល្ប: និងទស្សនិកជនចំអន់ថាបើបានក្លាយជាគូស្នេហ៍មែនដូចក្នុងរឿងមិនដឹងជាល្អយ៉ាងណា ? មិនអាចទៅរួចទេ ! នោះគឺដោយសារតែខ្ញុំមានចំណូលចិត្តនឹងនារីដែលស្ថិតនៅក្នុងបេះដូងមិនដូចរចនា រ៉ាវាឌី ហើយសម្រាប់នាងវិញ ក៏មានក្ដីស្រមៃចង់បានបុរសជាគូស្នេហ៍មិនមែនដូចលោកដែរ »។
លោកមុំ សុធារ៉ា និងកញ្ញារចនា រ៉ាវាឌី បានចូលរួមជាមួយគ្នានៅក្នុងពិធីក្រុងពលីរឿងភាគ«មិត្តប្ញស្យា»របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ កាលពីព្រឹកថ្ងៃទី២ តុលា ២០១៨ ។ រឿងថ្មីនេះសម្តែងដោយលោកមុំ សុធារ៉ា និងរចនា រ៉ាវាឌី ផងដែរ ។
ភាពយន្តរឿង«មិត្តប្ញស្យា»នឹងចេញថតនៅអំឡុងមុនពេលសម្រាកបុណ្យភ្ជុំ ដោយក្នុងការថតនេះកំណត់ឲ្យថតឈុតឆាកទៅវត្តជាក់ស្តែងកុំឲ្យពិបាករៀបប្លង់ ៕
ចែករំលែកព័តមាននេះ