ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តន្ត្រីករ​យន់ ធា​រ៉ា ម្ចាស់សំឡេង​ទ្រ​ដ៏​ពីរោះ​ស្រទន់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​បើ​និយាយ​ពី​អ្នកជំនាញ​លេង​ឧបករណ៍​តន្ត្រីបុរាណ​ខ្មែរ ជា​ពិសេស​ទ្រ​ប្រហែលជា​គ្មាន​អ្នក​ណាមួយ​អាច​ប្រៀបផ្ទឹម​ជាមួយ​លោក​យន់ សុធា​រ៉ា ឬ​យន់ ធា​រ៉ា បាន​ទេ ។ លោក​បាន​ចាប់​ជំនាញ​នេះ​តាំងពី​អាយុ​៨​ឆ្នាំ ជាមួយ​ឪពុក​ម្តាយ​ជា​សិល្បករ​បុរាណ។ លោក​យន់…

រាជធានី​ភ្នំពេញ​៖​បើ​និយាយ​ពី​អ្នកជំនាញ​លេង​ឧបករណ៍​តន្ត្រីបុរាណ​ខ្មែរ ជា​ពិសេស​ទ្រ​ប្រហែលជា​គ្មាន​អ្នក​ណាមួយ​អាច​ប្រៀបផ្ទឹម​ជាមួយ​លោក​យន់ សុធា​រ៉ា ឬ​យន់ ធា​រ៉ា បាន​ទេ ។ លោក​បាន​ចាប់​ជំនាញ​នេះ​តាំងពី​អាយុ​៨​ឆ្នាំ ជាមួយ​ឪពុក​ម្តាយ​ជា​សិល្បករ​បុរាណ។

លោក​យន់ សុធា​រ៉ា ត្រូវ​បាន​តែងតាំង​ជា​ព្រឹទ្ធបុរស​រង​មហាវិទ្យាល័យ​តូរ្យតន្ត្រី​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ក្នុង​ឆ្នាំ​១៩៩៦ ។ បើ​តាម​ប្រវត្តិ​នៅ​ឆ្នាំ​១៩៧២ លោក​ធា​រ៉ា បាន​​ផ្លាស់​ពី​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មក​រស់នៅ​ភ្នំពេញ​ជាមួយនឹង​ឪពុក និង​បង​ប្រុស​ម្នាក់ ហើយ​បាន​ផ្លាស់​ការ​សិក្សា​ពីសា​លា​ឯកជន​មួយ​ទៅ​សាលា​បាក់​ទូក និង​បន្ត​ការ​សិក្សា​នៅ​សាលា​មធ្យមសិក្សា​វិចិត្រសិល្បៈ​នៅ​ឆ្នាំ​១៩៧៣​។

ដើម្បី​រួច​ជីវិត​ពី​របប​ខ្មែរក្រហម លោក​យន់​ធា​រ៉ា បាន​ផ្លាស់​ឈ្មោះ​ពី​យន់ សុធា​រ៉ា ដែល​គេ​ស្គាល់​ច្បាស់​ថា ជា​តន្ត្រីករ​មួយ​រូប​មក​ជា​យន់ ខៀន វិញ ។

ក្រោយ​ពី​របប​ខ្មែរក្រហម​ដួល​រលំ លោក​យន់ សុធា​រ៉ា បាន​រៀន​បន្ត​រហូត​ដល់​ឆ្នាំ​១៩៨៣ ក៏​ចប់​ថ្នាក់បាក់ឌុប និង​បាន​បន្ត​ថ្នាក់​បរិញ្ញាបត្រ​នៅ​ពេល​ដែល​កម្ពុជា​ទើប​បើក​ថ្នាក់ឧត្តម​សិក្សា​ផ្នែក​តូរ្យតន្ត្រី​នៅ​ឆ្នាំ​១៩៨៨ និង​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​មួយទៀត​នៅ​ឆ្នាំ​១៩៩៥ ផ្នែក​ជាតិ​ពិន្ទុ​តូរ្យតន្ត្រី​វិទ្យា ។

លោក​យន់ ធា​រ៉ា សិល្បករ​ផ្នែក​តន្ត្រីបុរាណ​រូប​នេះ​ចាប់កំណើត​នា​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​១៩៥៨ នៅ​ខេត្តកណ្ដាល ។ បច្ចុប្បន្ន​លោក​មាន​តួនាទី​ជា​អគ្គនាយករង​ផ្នែក​បច្ចេកទេស​នៅ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ។ ក្រៅ​ពីមុខ​នាទី​ជា​អគ្គនាយករង លោក​ក៏​ជា​សាស្ត្រា​ចារ្យ​ផ្នែក​តូរ្យតន្ត្រី​បុរាណ​នៅ​សាកលវិទ្យាល័យ​វិចិត្រសិល្ប​ផង​ដែរ ។

លោក​យន់ ធា​រ៉ា បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយនឹង​លោកស្រី​សុខ សុ​ភី ហើយ​មានកូន​ស្រី​ម្នាក់ និង​កូនប្រុស​ចំនួន​២​នាក ។ ក្នុង​ចំណោម​កូន​ទាំង​បី មិន​មានកូន​ណា​ម្នាក់​មាន​ជំនាញ​ប្រើ​ឧបករណ៍​ទ្រ​ដូច​លោក​ទេ ។ កូនស្រី​របស់​លោក​ម្នាក់​ឈ្មោះ​ពុំ​ធា​រ៉ា ចិន្តា មាន​និស្ស័យ​ខាង​សិល្បៈ ហើយ​ក្លាយជា​នាដកា​របាំ​បុរាណ បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ផ្នែក​ដឹកនាំ​ការ​សម្ដែង​របាំ​បុរាណ​ពី​សាកលវិទ្យាល័យ​វិចិត្រសិល្បៈ ។

លោក​យន់ ធា​រ៉ា ធ្លាប់​ឲ្យ​ដឹង​ថា «​បច្ចុប្បន្ន​យុវវ័យ​ហាក់​មិនសូវ​ជា​ចាប់អារម្មណ៍​លើ​តន្ត្រី​បុរាណ​ច្រើន​ឡើយ ដោយសារ​កត្តា​វិ​វ​ឌ្ឍ​នៃ​សង្គម​។ មិន​ថា​នៅ​ប្រទេស​ណា​ក៏​ដោយ លំហូរ​​វប្បធម៌​បរទេស​រមែង​ជះ​ឥទ្ធិពល​អវិជ្ជមាន និង​ធ្វើ​ឲ្យ​កែប្រែ​ទំនៀមទម្លាប់ ខ្លះ​ៗ​ជា​ពុំខាន ហើយ​ការ​ប្រគំ​តូរ្យតន្ត្រី​ក៏​តាម​នោះ​ផង​ដែរ ។ សំខាន់​បំផុត យុវជន​សម័យ​បច្ចុប្បន្ន ចូល​ចិត្ត​ចាប់​យក​អ្វី​ដែល​ថ្មី និង​ទាន់សម័យ ។

ជា​ទូទៅ​ការ​ស្រឡាញ់​ចូល​ចិត្ដ​អ្វីមួយ វា​អាស្រ័យ​ចម្បង​លើ​ការ​បណ្ដុះ​គំនិត បន្ដិច​ម្ដង​ៗ។ យើង​ចូល​ចិត្ត​មើល​បាល់ទាត់​ដោយសារ​តែ​យើង​ចេះ​លេង​វា យ៉ាងណាមិញ ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​មាន​អត្ថន័យ​យ៉ាងណា វា​អាស្រ័យ​លើ​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​ខ្មែរ »​។

លោក​យន់ ធា​រ៉ា បាន​លើក​ឡើង​ថា បើ​ទោះបីជា​បច្ចុប្បន្ន​យុវវ័យ​ហាក់​មិនសូវ​ចាប់​អារម្មណ៍​ខ្លាំង​លើ​ឧបករណ៍​តន្ត្រីបុរាណ​ខ្មែរ​ក៏​ដោយ ប៉ុន្តែ​តន្ត្រីបុរាណ​នឹង​មិន​បាត់បង់​ឡើយ ដោយសារ​តែ​បរទេស​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង និង​តែងតែ​អញ្ជើញ​អ្នក​ជំនាញ​ភ្លេងខ្មែរ​ឲ្យ​ទៅ​ប្រគំ​ក្នុង​កម្មវិធី ផ្សេង​ៗ​នៅ​បរទេស​ជាមួយនឹង​អ្នកភ្លេង​បរទេស ។

ទន្ទឹម​នឹង​ការ​អភិវឌ្ឍ លោក​ក៏​រំពឹង​ផង​ដែរ​ថា លក្ខណៈ​ដើម​នៃ​ភ្លេងបុរាណ​នឹង​ត្រូវ​អភិរក្ស​ផង​ដែរ​តាម​រយៈ​ការ​ចងក្រង​រក្សា​ទុក​ឯកសារ​បទ​ភ្លេងបុរាណ​ខ្មែរ​រាប់​ពាន់​បទ​ទុក​នៅ​ក្រសួង​វប្បធម៌ ដែល​មាន​ដូច​ជា​ភ្លេង​មហោរី​ជិត​៥០០​បទ បា​សាក់​ជាង​១០០​បទ យីកេ ១០០​បទ ព្រមទាំង​ប្រភេទ​ភ្លេងបុរាណ ផ្សេង​ៗ​ទៀត​ដូច​ជា​អា​យ៉ៃ អា​ប៉េ និង​ពិណពាទ្យ​ជាដើម​។

លោក​យន់ សុធា​រ៉ា បាន​និយាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ដើម្បី​ឲ្យ​តន្ត្រីបុរាណ​ខ្មែរ​រស់រាន​បន្ត​ទៀត គឺ​ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​កាន់​ច្រើន ក៏​ដូច​ជា​ថត​ចូល​ស៊ី​ឌី និង​ចងក្រង​ជា​ឯក​សារ​ទុក ចែកចាយ​ដោយ​ឥត​គិតថ្លៃ​ដល់​បណ្តា​ផ្សារ ធំ​ៗ ដើម្បី​ឲ្យ​ជួយ​បញ្ជ្រាប​បទ​ភ្លេង​បុរាណ​​ខ្មែរ​ទៅ​ដល់​សាធារណជន​ឲ្យ​ស្គាល់​កាន់តែ​ច្បាស់ និង​ចែកចាយ​ទៅ​ដល់​មន្ទីរ​ខេត្ត ស្រុក​នានា​ឲ្យ​ជួយ​ផ្សព្វផ្សាយ​បន្ត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ