ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​សមាគម​ភាពយន្ត​នឹង​ធ្វើ​ «​បញ្ជីខ្មៅ​» ​តារា​សម្តែង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា និង​ជា​ចាងហ្វាង​ផលិតកម្ម​ដើម​ត្នោត​លោក​ឆាយ បូ​រ៉ា បាន​ប្រកាស​នឹង​រៀបចំ​ធ្វើ​បញ្ជីខ្មៅ ហើយ​ចែកចាយ​ដល់​ផលិតករ​នានា សម្រាប់​តារា​ណា​ដែល​បង្ក​ផល​លំបាកផ្សេង​ៗ ដោយសារ​បញ្ហា​នេះ​បាន និង​កំពុង​កើត​មាន​ជា​បន្តបន្ទាប់ ។…

រាជធានី​ភ្នំពេញ​៖ ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា និង​ជា​ចាងហ្វាង​ផលិតកម្ម​ដើម​ត្នោត​លោក​ឆាយ បូ​រ៉ា បាន​ប្រកាស​នឹង​រៀបចំ​ធ្វើ​បញ្ជីខ្មៅ ហើយ​ចែកចាយ​ដល់​ផលិតករ​នានា សម្រាប់​តារា​ណា​ដែល​បង្ក​ផល​លំបាកផ្សេង​ៗ ដោយសារ​បញ្ហា​នេះ​បាន និង​កំពុង​កើត​មាន​ជា​បន្តបន្ទាប់ ។

លោក​ឆាយ បូ​រ៉ា ចាត់​ទុក​បញ្ហា​ដែល​បង្ក​ឡើង​ដោយ​តួ​សម្តែង​មក​លើ​ផលិតករ ដូច​ជា​មក​យឺត គេចវេះ​ពី​ការ​សម្តែង មិន​គោរព​តាម​កិច្ចសន្យា និង​បញ្ហា ផ្សេង​ៗ​ទៀត​គឺជា​ការ​ធ្វើ​ឲ្យ​បាត់បង់​សេចក្តី​ថ្លៃថ្នូរ​ក្នុង​វិស័យ​សិល្បៈ​ភាពយន្ត​ខ្មែរ ។

ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា លោក ឆាយ បូ​រ៉ា បាន​លើក​ឡើង​កាលពី​ពេល ថ្មី​ៗ​កន្លង​​មក​ថា «​ផលិតករ​ភាពយន្ត​ខ្មែរ​ខិតខំ​ក្រាញននៀល តស៊ូ​គ្រប់​បែប​យ៉ាង​ដើម្បី​បង្កើត​ការងារ​ដល់​ក្រុម​ផលិត ដល់​តួ​សម្តែង ទ្រទ្រង់ វិស័យ​មួយ​នេះ កុំ​ឲ្យ​លិចលង់ ការពារ​កុំ​ឲ្យ ភាពយន្ត​បរទេស​ជាន់ឈ្លី​ភាពយន្ត​ខ្មែរ ទាំង​នឿយហត់ ទាំង​ខាតបង់ ។

ខ្ញុំ​ទប់ទល់​នឹង​ឥទ្ធិពល​ភាពយន្ត​បរទេស ខ្ញុំ​មិន​នឿយហត់​ទេ តែ​ខ្ញុំ​នឿយណាយ​នឹង​តួ​សម្តែង​ខ្មែរ​គ្នា​ឯង​ដែល​បង្ក​បញ្ហា​ឥត​ឈប់​ឈរ ។ ខ្ញុំ​ជួប​ស្ទើរ​គ្រប់​រឿង ដូច​ផលិតករ​ដទៃ​ដែរ ។ ខ្ញុំ​អត់ធ្មត់ សន្តោស​ច្រើន ថែម​ទាំង​ប្រាប់​ផលិតករ​ដទៃ​ឲ្យ​បន្ត​ការ​អត់ធ្មត់ ដើម្បី​រក្សា​សេចក្តី​ថ្លៃថ្នូរ​ក្នុង​វិស័យ​ភាពយន្ត ។

ឆ្នាំ​២០១៧ លើកទោស​ឲ្យ​ម្នាក់​ហើយ ឃើញ​ថា​បន្ទាប់​ពី​ពេល​នោះ​មក​មិន​មាន​អ្នក​ហៅ​គាត់​ថត​ទៀត​ទេ ។ តែ​ថា​នឹង​មិន​អត់ធ្មត់​ទៀត​ទេ ដើម្បី​ឲ្យ​អ្នក​ដែល​តាំងខ្លួន​ជាតា​រា​បាន​ភ្ញាក់ខ្លួន​ខ្លះ​។ ព្យួរ​ការ​សម្តែង​១​ឆ្នាំ មិន​សម​ល្មម​ទេ ។ ១​សង ១០​លើ​ថ្លៃ​ផលិត​តាម​កិច្ច​សន្យា បាន​មាន​ប្រសិទ្ធភាព​ជាង ។

រើស​តួ​សម្តែង​ត្រូវ​ប្រយ័ត្នប្រយែង​ផង មិត្ត ផលិតករ ។ យើង​នឹង​ធ្វើ​បញ្ជីខ្មៅ (black list) ហើយ​ចែកចាយ​ដល់​ផលិតករ​ទាំងអស់ ដើម្បី ប្រុង​ប្រយ័ត្ន »​។

ក្នុង​ពិភព​សិល្បៈ​នា​ពេល​បច្ចុប្បន្ន​រមែង​កើត​មាន​ទំនាស់​រវាង​ផលិតករ ឬ​អ្នកដឹកនាំ​រឿង ជាមួយ​តួ​សម្តែង ។ ទំនាស់​មាន​ច្រើន​រូបភាព​ដូច​ជា​អ្នកដឹកនាំ​រឿង​មិន​សប្បាយចិត្ត​ចំពោះ​តួ​សម្តែង​មិន​គោរព​ពេលវេលា ឯ​តារា​សម្តែង​ខឹង​ផលិតករ​មិន​បើកប្រាក់​ឱ្យ​ជាដើម ។

លោក​គាំ ច​ន្ធី ចាងហ្វាង​ផលិតកម្ម​ FCI ​ធ្លាប់​បាន​លើក​ឡើង​ថា លោក​ប្រឡូក​ការងារ​ជាមួយ​តួ​សម្តែង​ជិត​២០​ឆ្នាំ​មក​ហើយ គឺ​ស្គាល់​រសជាតិ​ច្រើន អ្វី​ក៏​មាន​ដែរ​ទាំង​រូបភាព​មិនល្អ​របស់​តួ​ជាដើម ។ តួយ៉ាង ថ្មី​ៗ​នេះ​លោក​ស្ទើរតែ​ផ្ទុះ​ជម្លោះ​ជាមួយ​តារា​សម្តែង​ស្រី​ល្បីឈ្មោះ​ម្នាក់​ដែល​មិន​គោរព​ពេលវេលា មិន​ទទួលខុសត្រូវ ធ្វើ​ឲ្យ​លោក​រាងចាល​ធ្វើការ​ជាមួយ ។

ចំណែក​ផលិតករ​លោក​ជា ឈី​ម ធ្លាប់​បាន​លើក​ឡើង​ពី​បញ្ហា​នោះ​ផង​ដែរ ដោយ​លោក​បាន​ត្អូញត្អែរ​ចំពោះ​តួ​សម្តែង​មួយ​ចំនួន​មិន​គោរព​ពេលវេលា ធ្វើ​ឲ្យ​លោក​ខាតបង់​ជា​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ