រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី គរូបនីយកម្ម និងសំណង់ បានអំពាវនាវឲ្យពលរដ្ឋគ្រប់រូបត្រូវប្រុងប្រយ័ត្នខ្ពស់ និងពិនិត្យឲ្យបានច្បាស់លាស់ទៅលើឯកសារពាក់ព័ន្ធផ្សេង មុននឹងសម្រេចទិញ ឬលក់ដីធ្លី បន្ទាប់ពីក្រសួងបានពិនិត្យឃើញថា ការពុះដីឡូត៍ លក់បច្ចុប្បន្ន ហាក់មានភាពអនាធិបតេយ្យយ៉ាងខ្លាំង និងមិនត្រឹមត្រូវតាមច្បាប់ ។
ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពីការអភិវឌ្ឍដី កាលពីពេលថ្មីៗនេះ លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម បានបញ្ជាក់ថា បន្ទាប់ពីក្រសួងរៀបចំដែនដីបានអនុម័តប្រកាស ត្រូវអនុវត្តទាក់ទងនឹងការអភិវឌ្ឍដីទាំងអស់ រួមទាំងការពុះដីឡូត៍ ជាគម្រោងមួយនៅក្នុងការអភិវឌ្ឍដី ត្រូវតែសុំច្បាប់អនុញ្ញាតពីក្រសួងរៀបចំដែនដី ឬពីសាលារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ទៅតាមទំហំសមត្ថកិច្ច។
លោកបន្តថា ៖« ប្រកាស និងបទដ្ឋានគតិយុត្តជាច្រើនទៀតរបស់ក្រសួង ជាបទដ្ឋានគតិយុត្តទាក់ទងទាំងអស់ ទាំងវិស័យឯកជន និងវិស័យវិជ្ជាជីវៈ ហើយគ្រប់សាធារណជន និងឯកជន ត្រូវតែគោរពតាមគោលការណ៍ច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន ហើយក្នុងករណីដែលមិនគោរពតាមក្រសួង គឺមានតែការដាក់ទណ្ឌកម្ម ដល់អ្នកលក់ដីឡូត៍បោកប្រាស់តែម្តង »។
លោក ប៉ែន សុផល បន្ដទៀតថា តាមគោលការណ៍ច្បាប់ភូមិបាល បានផ្តល់កម្មសិទ្ធិ ហើយរាជរដ្ឋាភិបាលបានរៀបចំប្រព័ន្ធចុះបញ្ជីជាប្រព័ន្ធ និងដាច់ដោយដុំ ដូចនេះប្រជាពលរដ្ឋត្រូវតែពិនិត្យមើលមុននឹងទិញ ថាដីនោះពិតជាបានចុះបញ្ជីត្រឹមត្រូវ និងជាដីរបស់អ្នកដែលបានលក់ ពិតប្រាកដឬយ៉ាងណា ។
បញ្ហាដីឡូត៍បច្ចុប្បន្នជារឿងស្មុគស្មាញមួយ ដោយសារការពុះដីឡូត៍ធ្វើឡើងដោយអនាធិបតេយ្យ ដោយមិនមានប្លង់ប្រើប្រាស់ដី មិនមានហេដ្ឋារចនាសម្ព័ន្ឋសមស្រប និងតាមស្តង់ដាឡើយ ពិសេសមានអ្នកពុះដីឡូត៍មួយចំនួន បានបោកប្រាស់អតិថិជន ដោយយកដីគេមកលក់ គ្រាន់តែបានកក់ប្រាក់ដល់ម្ចាស់ដីតិចតួចប៉ុណ្ណោះ ។
ដើម្បីជៀងវាងការចាញ់បោកពីក្រុមជនខិលខូចមួយចំនួនដែលកំពុងឆ្លៀតឱកាសពីវិស័យនេះ អ្នកជំនាញអចលនទ្រព្យនិងសេដ្ឋកិច្ចសង្គម ឲ្យក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវតែប្រមូលព័ត៌មានឲ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ មុននឹងធ្វើការសម្រេចចិត្តវិនិយោគដីធ្លី ។
អ្នកជំនាញអចលនទ្រព្យ និងសេដ្ឋកិច្ចសង្គម លោក ង៉ែត ជូ បានឲ្យដឹងកាលពីពេលថ្មីៗនេះថា នៅពេលពលរដ្ឋមិនសូវឈ្វេងយល់ និងតាមដានព័ត៌មានជាក់លាក់ នឹងធ្វើឲ្យការវិនិយោគមានហានិភ័យខ្ពស់ ។
លោកបន្តថា ៖« ការសិក្សារៀនសូត្រ និងប្រមូលព័ត៌មានបានត្រឹមត្រូវ ជាមូលដ្ឋានដ៏សំខាន់សម្រាប់ធ្វើការសម្រេចចិត្តបានត្រឹមត្រូវ និងអាចកាត់បន្ថយឬបញ្ចៀសបាននូវហានិភ័យ ជាជាងការវិនិយោគបែបប្រថុយប្រថាន ព្រោះការវិនិយោគដែលពឹងលើព្រេងសំណាង មិនមែនជាជម្រើសរបស់អ្នកវិនិយោគឆ្លាតវៃនោះឡើយ » ។
ជាមួយគ្នានេះ លោកក៏បានព្រមានផងដែរថា ការវិនិយោគអចលនទ្រព្យក៏មិនជោគជ័យដែរ ប្រសិនជាការអនុវត្តតាមវិធីសាស្ត្រទាំងនេះ ហេតុនេះពួកគេត្រូវតែដឹងពីចំណុចទាំង៥ដូចខាងក្រោម ៖
១- មិនបានដឹងថា ដីធ្លីជាទ្រព្យសកម្មរយៈពេលវែង (Long Term Asset) ហើយយល់ថាទិញ១រយៈពេលខ្លី រួចលក់យកចំណេញ ។ ចំណុចនេះ លោក ងែ៉ត ជូ បញ្ជាក់ថា ៖ «តាមពិត ទ្រព្យសកម្មរយៈពេលវែង មិនអាច(ឬពិបាក) លក់យកជាសាច់ប្រាក់ក្នុងរយៈពេលខ្លី(តិចជាង១ឆ្នាំ)ណាស់ »។
២- វិនិយោគនៅពេលទីផ្សារពុះកញ្ជ្រោលខ្លាំង ចេះតែតាមគេតាមឯង គ្មានគោលដៅច្បាស់លាស់ ។ ការវិនិយោគបែបហ្នឹង ងាយនឹងបរាជ័យណាស់ ។ ចំណុចនេះ លោកថា ៖« សម្រាប់ខ្ញុំ ខ្ញុំចូលចិត្តស្ទូចត្រីនៅកន្លែងដែលគ្មានអ្នកស្ទូច » ។
៣- ទៅសំកុកចាំយូរពេក ៖ កុំដាំដើមត្នោតយកផ្លែ គួរទិញដើមត្នោតដែលជិតផ្លែ ទើបងាយបានផល ។ កុំវិនិយោគឆ្ងាយពេក នាំកប់យូរ ។ ត្រឹម៣០-៤០គីឡូម៉ែត្រពីក្រុងជាការល្អ ។
៤- ក្តាប់ព័ត៌មានមិនជុំ ដោយខ្វះបណ្តាញទំនាក់ទំនង ។ ដោយសារដីធ្លីជាទ្រព្យសកម្មរយៈពេលវែង មិនងាយលក់ ការក្តាប់បានព័ត៌មានគឺសំខាន់ណាស់ ។
៥- មិនយល់ពីសក្តានុពលរបស់ដី និងតម្រូវការ អាចសមនឹងយកទៅអភិវឌ្ឍជាអ្វី? អ្នកណាជាអ្នកនឹងទិញបន្ដ ហើយគេមានលទ្ធភាពផ្នែកហិរញ្ញវត្ថុបែបណា ៕
ចែករំលែកព័តមាននេះ