ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់​ថា បវរកញ្ញា​ផែនដី​កម្ពុជា ជា​កូនកំព្រា​នៅ​មណ្ឌល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ឈុត​តំណាង​ជាតិ​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​ហើយ សម្រាប់​កញ្ញា​ឯក​កម្ពុជា កញ្ញា​កែវ សេង​លី​ហួរ ក្នុង​ការ​ប្រកួត​បវរកញ្ញា​ផែនដី​ឆ្នាំ​នេះ ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នា​ខែតុលា នៅ​ឯ​ទីក្រុង​ម៉ានីល ប្រទេស​ហ៊្វីលី​ពី​ន ។…

រាជធានី​ភ្នំពេញ​៖ ឈុត​តំណាង​ជាតិ​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​ហើយ សម្រាប់​កញ្ញា​ឯក​កម្ពុជា កញ្ញា​កែវ សេង​លី​ហួរ ក្នុង​ការ​ប្រកួត​បវរកញ្ញា​ផែនដី​ឆ្នាំ​នេះ ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នា​ខែតុលា នៅ​ឯ​ទីក្រុង​ម៉ានីល ប្រទេស​ហ៊្វីលី​ពី​ន ។

បើ​យោង​តាម​ការ​បង្ហោះ​លើ​ផេ​ក​ផ្លូវការ​របស់​បវរកញ្ញា​ផែនដី​កម្ពុជា នា​ពេល ថ្មី​ៗ​នេះ​បាន​​បង្ហាញ​ជូន​នូវ​ឈុត​សម្លៀក​បំពាក់​ប្រពៃណី​ជាតិ​របស់​កញ្ញាឯក​ផែនដី​កម្ពុជា​២០១៨ កែវ សេង​លី​ហួរ ។ កញ្ញា​លី​ហួរ នឹង​តំណាង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ប្រកួត​កញ្ញា​ឯក​ផែនដី​ឆ្នាំ​នេះ ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ឯ​ទីក្រុង​ម៉ានីល ប្រទេស​ហ៊្វី​លី​ពី​ន ។

ទម្រង់​បែបបទ​នៃ​ការ​រចនា​សម្លៀក​បំពាក់​ប្រពៃណី​ជាតិ​ដ៏​ប្រណីត​នេះ រចនា​ឡើង​ដោយ Madam Botiques Amy ក្រោម​ប្រធានបទ «​មាតា​ធម្មជាតិ​»​។ ការ​រចនា​ត្រូវ​បាន​គ្រប​ដណ្តប់​នូវ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ ដែល​ផ្តោត​សំខាន់​ទៅ​លើ​និមិត្តរូប​នៃ​ក្តី​សង្ឃឹម និង​ការ​គោរព​របស់​មនុស្ស​ទូ​ទាំង​សាកល​។

ឈុត​សម្លៀក​បំពាក់​ដ៏​ល្អ​ប្រណីត​នេះ​ត្រូវ​បាន​បំផុសគំនិត​ដកស្រង់​ចេញពី​ទម្រង់​នៃ​រូបចម្លាក់ ដែល​ត្រូវ​បាន​ចារ​លើ​ផ្ទាំងសិលា​នៃ​ប្រាសាទ​ដ៏​ល្បីល្បាញ​របស់​ព្រះរាជា​ណា​ចក្រ​កម្ពុជា ។ រួម​បញ្ចូល​ជាមួយនឹង​ទ្រង់ទ្រាយ​ក្បូរក្បាច់​ដ៏​ល្អ​អនេកនៃ​ដើមឈើ ដែល​ត្រូវ​បាន​ចារ​ឆ្លាក់​លើ​ប្រាសាទអង្គរវត្ត ក៏​ដូច​ជា​ទម្រង់​នៃ​ការ​រចនា​តាំងពី​ក្រោយ​សម័យ​អង្គរ សតវត្សរ៍​ទី​១៥ បួ​ក​រួម​ជាមួយ​គំនិត​ច្នៃប្រឌិត​សហស្ស​សម័យ​នៃ​ស្នាដៃ​កូន​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះ បង្កើត​ចេញ​ជា​ឈុត «​មាតា​ធម្មជាតិ​» នេះ​ឡើង ។

បែបផែន​នៃ​ការ​រចនា​ត្រូវ​បាន​ប្រើប្រាស់​នូវ​គំនិត​កែ​ច្នៃ​ចេញពី​វត្ថុធាតុដើម​ក្នុងស្រុក ដែល​មាន​ដូច​ជា​សំពត់សូត្រ ផាមួង រួម​ជាមួយ​និង​ការ​រចនា​ធ្វើ​ដោយ​ខ្មុក ដែល​ជា​ស្នាដៃ​រចនា​របស់​កូន​ខ្មែរ​យើង​ដែល​មាន​ជំនាញ​ច្បាស់លាស់ ។

ពី​ក្មេង​កំព្រា​ម្នាក់ ក្លាយជា​ទេពអប្សរ​នៃ​ភព​ផែនដី ខ្សែជីវិត​របស់​កញ្ញាឯក​ផែនដី​កម្ពុជា​ឆ្នាំ​២០១៨ កែវ សេង​លី​ហួរ មាន​លក្ខណៈ​ស្រ​ដៀង​គ្នា​ទៅ​នឹង​សាច់​រឿង​នៃ​បទ​ចម្រៀង Broadway «​អា​នី​» ដែរ ។ ខុស​គ្នា​ត្រង់​តែ មិន​មាន​មហាសេដ្ឋី ណាមួយ​មក​ជួយ​សង្គ្រោះ​រូប​កញ្ញា ចេញពី​ស្ថានការណ៍​ដ៏​លំបាក​នេះ​ទេ ។ ​ផ្ទុយ​ទៅ​វិញ​គឺ​សេចក្តី​ស្រឡាញ់​របស់​ខ្លួន​ទៅ​លើ​វិស័យ​នៃ​ការ​អប់រំ និង​«​ភាព​ស្រស់​ស្អាត​» ដែល​បាន​ជួយ​សង្គ្រោះ​កញ្ញា ។

កាលពី​កុមារភាព​កញ្ញា កែវ សេង​លី​ហួរ ឬ លី​ហួរ (​បើ​តាម​គ្រួសារ និង​មិត្តភក្តិ​របស់​កញ្ញា​តែង​ហៅ​) បាន​ឲ្យ​ដឹង​ថា ជីវិត​របស់​នាង​ត្រូវ​បាន​កំណត់​ប្រឈម​ទៅ​ដោយ​បញ្ហា​។

ដោយសារ​តែ​ឪពុក​ម្ដាយ​របស់​កញ្ញា​លី​ហួរ បាន​លាចាក​លោក​នៅ​មុន​ពេល​ដែល​ពួក​គាត់​អាច​មើលថែ​ទាំង​រូប​នាង ដូច្នេះ​នាង​ត្រូវ​ធំ​ដឹងក្តី​ឡើង​នៅ​មណ្ឌលកុមារ​កំព្រា ដោយ​ពឹងផ្អែក​លើ​ទឹកចិត្ត​សប្បុរស​របស់​មនុស្ស​ឯទៀត ។ កញ្ញា​លី​ហួរ​បាន​រៀបរាប់​ថា «ប្រសិន​បើ​នឹក​ទៅ​ដល់​ការ​ចង​ចាំ​ដំបូង​របស់​នាង​ខ្ញុំ​វិញ វា​មិនមែន​ជា​ការ​ចម្អិនម្ហូប​របស់​អ្នក​ម្តាយ ឬ​ក្តី​ស្រឡាញ់​ដែល​ទទួល​បាន​ពី​លោកឪពុក​នោះ​ឡើយ ។

នាង​ខ្ញុំ​មិន​ធ្លាប់​ទទួល​បាន​បទ​ពិសោធន៍​ទាំងនោះ​ទេ ។ ការ​ចង​ចាំ​ពី​កុមារភាព​របស់​នាង​ខ្ញុំ គឺ​ជីវិត​នៅ​ក្នុង​មណ្ឌលកុមារ​កំព្រា​មួយ ព្រោះ​នោះ​ជា​កន្លែង​ដែល​នាង​ខ្ញុំ​ធំ​ដឹងក្តី​ឡើង​» ។ តែ​រឿងរ៉ាវ​ទាំងនោះ​មិន​បាន​ធ្វើ​ឲ្យ​លី​ហួរ ទទួល​រង​តែ​ភាព​ជូរ​ចត់​នៅ​ក្នុង​ជីវិត​នោះ​ឡើយ ។ តាម​ពិត​ទៅ​កញ្ញា​លី​ហួរ​តែង​មាន​អារម្មណ៍​ផ្ទុយ​មក​វិញ​មួយ​ថា វា​ជា​បទ​ពិសោធន៍​​ដែល​ធ្វើ​ឱ្យ​នាង​ក្លាយជា​បុគ្គល​មួយ​រូប​ដូច​សព្វ​ថ្ងៃនេះ ។

«​ការ​ធំ​ដឹងក្តី​នៅ​ក្នុង​មណ្ឌលកុមារ​កំព្រា បាន​ជួយ​នាង​ខ្ញុំ​ឱ្យ​ក្លាយជា​មនុស្ស​សុភាព​រាបសា​ម្នាក់ ។ ប្រសិនបើ​គ្មាន​ជំនួយ​ពី​អ្នក​ដទៃ នាង​ខ្ញុំ​ក៏​មិន​អាច​បន្ត​ទៅ​មុខ​បាន​នៅ​ក្នុង​ជីវិត​នេះ​ឡើយ នោះ​ហើយ​ជា​អ្វី​ដែល​នាង​ខ្ញុំ​នឹង​ចង​ចាំ​ក្នុង​ជីវិត​ទាំងមូល​របស់​នាង​ខ្ញុំ ។ វា​ក៏​បាន​ធ្វើ​ឱ្យ​នាង​ខ្ញុំ​មាន​ភាពរឹងមាំ​ផង​ដែរ ។ នាង​ខ្ញុំ​មិន​ធ្លាប់​បាន​គិត​ទេ​ថា នាង​ខ្ញុំ​នឹង​មានការ​ប្តេជ្ញា​ចិត្ត​នេះ ប្រសិនបើ​ជីវិត​មាន​ភាព​ងាយស្រួល​នោះ »​។

លី​ហួរ ក៏​បាន​រំលឹក​ផង​ដែរ​ថា ជីវិត​របស់​នាង​នៅ​មណ្ឌលកុមារ​កំព្រា បាន​នាំ​ខ្លួន​ឱ្យ​ដឹង​ពី​គុណ​តម្លៃ​នៃ​ការ​អប់រំ និង​សិល្បៈ ។ កញ្ញា​បាន​រៀបរាប់​ប្រាប់​ថា “​នៅ​ឯ​មណ្ឌល​ក្មេង​កំព្រា ពួក​គាត់​តែង​បាន​ផ្តល់​ឱកាស​ឱ្យ​យើង​រៀន​នូវ​ភាសា​អង់គ្លេស និង​មុខ​វិជ្ជា ផ្សេង​ៗ​ទៀត ។​

នាង​ខ្ញុំ​ក៏​បាន​ចាប់ផ្តើម​រៀនសូត្រ ដោយ​បន្ត​ចាប់ចិត្ត​ស្រឡាញ់​ទៅ​លើ​ផ្នែក​វប្បធម៌ និង​សិល្បៈ ហើយ​ជា​ពិសេស​នោះ​គឺ​ការ​រាំ ។ អ្វី​ៗ​ទាំង​អស់នេះ បាន​ផ្តល់​ជា​ក្តី​សង្ឃឹម​មួយ​ដល់​រូប​នាង​ខ្ញុំ ក៏​ដូច​ជា​ឱកាស​ក្នុង​ការ​បន្ត​ប្រយុទ្ធ​ក្នុង​ជីវិត​»​។

ដោយសារ​តែ​ក្តី​ស្រឡាញ់​របស់​ខ្លួន​ទៅ​លើ​វប្បធម៌ និង​សិល្បៈ ទីបំផុត​កញ្ញា​លី​ហួរ​បាន​ចូលរួម​ប្រកួត​បវរកញ្ញា​កម្ពុជា​ឆ្នាំ​២០១៧ ដែល​ជា​ព្រឹត្តិការណ៍​មួយ​ដែល​រូប​នាង​ផ្ទាល់​បាន​ចាត់​ទុក​ថា ជា​វេទិកា​ដ៏​ល្អ​បំផុត​សម្រាប់​ការ​លើកកម្ពស់​វិស័យ​សម្រស់ ។ កញ្ញា​លី​ហួរ​រៀបរាប់​ប្រាប់​ថា «​នាង​ខ្ញុំ​បាន​សម្រេចចិត្ត​ចូលរួម​ការ​ប្រកួត​បវរកញ្ញា​កម្ពុជា ក៏​ដោយ​សារ​តែ នេះ​ជា​ការ​ប្រកួត​ដ៏​ធំ​បំផុត​ដែល​ផ្តោត​ទៅ​លើ សម្រស់ រួម​ទាំង​វប្បធម៌​របស់​ខ្មែរ​យើង ។

នោះ​ជា​មូលហេតុ​មួយ ដែល​នា​ពេល​ដែល​នាង​ខ្ញុំ​ទទួល​ជ័យ​លា​ភី​លេខ​២ នោះ​នាង​ខ្ញុំ​ស្ទើរតែ​មិន​ជឿ​លើ​ខ្លួនឯង ។ វា​ប្រៀប​ដូច​ជា​ក្តី​សុបិន​មួយ​។ នាង​ខ្ញុំ​ពិតជា​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អ្នក​ទាំងអស់​គ្នា ដែល​តែងតែ​គាំទ្រ​រូប​នាង​ខ្ញុំ​។ នាង​ខ្ញុំ​នឹង​បន្ត​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ធ្វើ​ឱ្យ​អ្នក​ទាំងអស់​គ្នា មាន​មោទនភាព​មក​លើ​រូប​នាង​ខ្ញុំ​»​។

កាលពី​ខែឧសភា​កន្លង​ទៅ​នេះ Arise Agency ដែល​ជា​ភ្នាក់ងារ​រក្សា​សិទ្ធិ​ស្លាក​សញ្ញា «កញ្ញា​ឯក​ផែនដី​កម្ពុជា​» បាន​ប្រកាស​ថា លី​ហួរ នឹង​ក្លាយជា​បេ​ក្ខ​នារី​តំណាង​ផ្លូវការ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ក្នុង​កម្មវិធី​ប្រកួតប្រជែង​លំដាប់​អន្តរជាតិ​នេះ ។ ចាប់ពី​ពេល​នោះ​មក​ក​ញ​លី​ហួរ​ទទួល​បាន​នូវ​ការ​បណ្តុះបណ្តាល និង​បាន​ត្រៀមលក្ខណៈ​យ៉ាង​យកចិត្តទុកដាក់​សម្រាប់​ការ​ប្រកួត​នេះ ។

«​វា​ជា​កិត្តិយស​ដ៏​ធំធេង​មួយ​សម្រាប់​នាង​ខ្ញុំ ក្នុង​ការ​តំណាង​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ក្នុង​ការ​ប្រកួត កញ្ញាឯក​ផែនដី​ឆ្នាំ ២០១៨ នា​ពេល​ខាង​មុខ​នេះ​ដែល​នឹង​ត្រូវ​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វី​៊​លី​ពី​ន ។ នាង​ខ្ញុំ​មិនដឹង​ថា​ត្រូវ​រៀបរាប់​ប្រាប់​អំពី​អារម្មណ៍​របស់​នាង​ខ្ញុំ​យ៉ាងណា​នោះ​ឡើយ ។ នាង​ខ្ញុំ​ពិតជា​មាន​ក្តី​រំភើប​យ៉ាង​ខ្លាំង ក៏​ដូច​ជា​មាន​បំណង​ចង់ឱ្យ​ជនរួមជាតិ​របស់​នាង​ខ្ញុំ​មាន​មោទនភាព​ផង​ដែរ ។

នាង​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ទៅ​ដល់​បងប្អូន​ខ្មែរ​ទាំងអស់ ដែល​បាន​គាំទ្រ​ដល់​រូប​នាង​ខ្ញុំ​ចាប់តាំងពី​ការ​ចាប់ផ្តើម​នៃ​ដំណើរការ​ប្រកួត​កន្លង​មក ។ អ្នក​ទាំង​អស់​គ្នា​នេះ ជា​មូលហេតុ​ដែល​នាង​ខ្ញុំ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន នាង​ខ្ញុំ​មាន​បំណង​ចង់ឱ្យ​អ្នក​ទាំងអស់​គ្នា មាន​មោទនភាព​មក​លើ​រូប​នាង​ខ្ញុំ​។

នាង​ខ្ញុំ​ក៏​មាន​បំណង​ចង់​ផ្ញើ​សារ​ប្រាប់​ទៅ​កាន់​យុវជន​វ័យ​ក ដែល​កំពុង​ជួប​ប្រទះ​នូវ​ទុក្ខ​ពិបាក​ក្នុង​ជីវិត​ផង​ដែរ​ថា ចូរ​កុំ​បាក់ទឹកចិត្ត​ចូរ​ខិតខំ​បន្ត​ការ​សិក្សា​រៀនសូត្រ នោះ​អ្នក​នឹង​អាច​បំពេញ​ក្តី​សុបិន​របស់​ខ្លួន​នៅ​ថ្ងៃ​ណាមួយ​។ នាង​ខ្ញុំ​មាន​ភាព​ជឿជាក់​លើ​អ្នក​ទាំងអស់​គ្នា »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ