រាជធានីភ្នំពេញ ៖ មនុស្សប្រុសស្រីចំនួន៨នាក់ ក្នុងនោះមានម្នាក់អតីតជាសង្ឃ រួមទាំងអាវុធ២៨ដើមសុទ្ធតែថ្មីជាប់ខ្លាញ់គោ កាលពីព្រឹកថ្ងៃទី៣០ កញ្ញា ត្រូវបានកម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលប្រឆាំងភេរវកម្ម និង ឧក្រិដ្ឋកម្មឆ្លងដែន នាំខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ធ្វើការសាកសួរ ដើម្បីចោទប្រកាន់ជាផ្លូវការណ៍ ។
ទាក់ទិននឹងការបញ្ជូនខ្លួនមនុស្ស៨នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញនោះពុំមានប្រភពព័ត៌មានពី
ស្ថាប័នណាបញ្ជាក់ឲ្យបានច្បាស់លាស់ថា ជាករណីអ្វីនោះនៅឡើយទេ សូម្បីមន្ត្រីសមត្ថកិច្ចនៃនាយកដ្ឋាននគរបាលប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្ម ដែលចាប់មនុស្សទាំង៨នាក់ និងកាំភ្លើង២៨ដើម ក៏ស្ងាត់ឈឹងទាំងអស់គ្មានហ៊ាននិយាយសូម្បីតែមួយម៉ាត់ ។
ទោះជាយ៉ាងណាក្តីសំណុំរឿងមនុស្ស៨នាក់នោះ បានស្ថិតនៅដៃលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការសាកសួរ ។
លោកព្រះរាជអាជ្ញារងកាន់សំណុំរឿងនេះបានមានប្រសាសន៍ ឲ្យភ្នាក់កោះសន្តិភាពដឹងយ៉ាងខ្លីបំផុតថា លោកកំពុងតែសួរ (រឿងភេរវកម្ម) ។ ការឃាត់មនុស្ស៨ នាក់នេះពិតជាពាក់ព័ន្ធរឿងភេរវកម្មមែនហើយ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ