ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ដី​នៅ​ក្រុងព្រះសីហនុ​ឈាន​ដល់​4​ពាន់​ដុល្លារ​ក្នុង​1​ម៉ែត្រការ៉េ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​សិក្សា​ថ្មី​មួយ​របស់​ក្រុមហ៊ុន FURI TIMES SQAURE​ដែល​ទើប​បញ្ចប់​កាលពី​ពេល​ថ្មី​ៗ​នេះ បាន​បង្ហាញ​ថា តម្លៃ​ដីធ្លី​នៅ​ក្រុងព្រះសីហនុ បាន​កើនឡើង​ដល់​៤.០០០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ ពិសេស​នៅ​តំបន់ឆ្នេរ​អូរ​ឈើទាល…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​សិក្សា​ថ្មី​មួយ​របស់​ក្រុមហ៊ុន FURI TIMES SQAURE​ដែល​ទើប​បញ្ចប់​កាលពី​ពេល​ថ្មី​ៗ​នេះ បាន​បង្ហាញ​ថា តម្លៃ​ដីធ្លី​នៅ​ក្រុងព្រះសីហនុ បាន​កើនឡើង​ដល់​៤.០០០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ ពិសេស​នៅ​តំបន់ឆ្នេរ​អូរ​ឈើទាល ជាទី​តាំង​ដែល​មាន​សកម្មភាព​ទិញ​លក់​ខ្លាំង និង​ថ្លៃ​ខ្ពស់​ជាងគេ ។

ការ​សិក្សា​បាន​រក​ឃើញ​ថា ខេត្ត​ព្រះ​សី​ហនុមាន​ការ​រីក​ចម្រើន​លឿន​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ និង​មាន​កំណើន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពិសេស​កំណើន​នៃ​ជនជាតិ​ចិន​ដែល​បាន​មក​វិនិយោគ និង​រស់នៅ​ក្នុង​ទីក្រុង​កំពុង​មាន​សក្ដានុពល​សេដ្ឋកិច្ច​មួយ​នេះ ។

ការ​សិក្សា​ដដែល​បាន​រក​ឃើញ​ថា តម្លៃ​ដី​នៅ​ក្រុងព្រះសីហនុ​បាន​កើន​កប់​ពពក​តែ​ម្ដង​នៅ​តាម​តំបន់​ជា​ច្រើន ។ ជាក់ស្តែង​ដី​នៅ​តំបន់ឆ្នេរ​អូរ​ឈើទាល បាន​កើន​តម្លៃ​ពី​១.៥០០​ទៅ​២.៥០០​ដុល្លារ​កាលពី​ឆ្នាំ​២០១៥ ប៉ុន្តែ​បច្ចុប្បន្ន​ឡើង​ពី​២.០០០​ដល់​៤.០០០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ ។ ចំណែក​ដី​នៅ​តំបន់​អូរ​ត្រេះ បាន​កើន​ពី​៣០០​ទៅ​៥០០​ដុល្លារ​កាលពី​ឆ្នាំ​២០១៥ ដល់​ចន្លោះ​ពី​១.៥០០​ទៅ​២.៨០០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ​ផង​ដែរ ។

ការ​សិក្សា​នេះ​ក៏​បាន​រក​ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​ទស្សនា​ក្នុង​ក្រុង​ព្រះ​សីហនុ មាន​ចំនួន​ចន្លោះ​ពី​៧​ពាន់​ទៅ​៩​ពាន់​នាក់​ក្នុង​១​ថ្ងៃ ផង​ដែរ ដោយ​ក្នុង​នោះ​ទេស​ចរ​អន្តរជាតិ​ម្នាក់​ចំណាយ​១៥០​ដុល្លារ​ក្នុង​១​ថ្ងៃ ហើយ​រយៈពេល​ជា​មធ្យម ពួក​គេ​ស្នាក់​នៅ​ចំនួន​១​ស​ប្តា​ហ៍ ។

ជាមួយនឹង​កំណើន​ភ្ញៀវ​ទេសចរ​ជា​ប្រចាំ​នេះ លោក តាំង សុចិត្រ​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ បាន​អំពាវនាវ​ឲ្យ​អ្នក​វិនិយោគ​ជាតិ និង​អន្តរជាតិ​ទាំងអស់ បន្ត​វិនិយោគ​សាងសង់​សណ្ឋាគារ ឬ​ផ្ទះសំណាក់​ក្នុង​ខេត្ត​ឲ្យ​បាន​ច្រើន​ថែម​ទៀត ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​នៃ​តម្រូវការ​ប្រើប្រាស់​របស់​ភ្ញៀវ ។

លោក​បន្ដ​ថា ៖« ជាមួយនឹង​កំណើន​នៃ​ការ​វិនិយោគ និង​ទេសចរណ៍ បាន​ធ្វើ​ឲ្យ​អ្នក​រស់​នៅ​ក្រុងព្រះសីហនុ​ភាគច្រើន​ទទួល​បាន​ផលប្រយោជន៍ តាម​រយៈ​ការ​លក់​ដី​ដែល​មាន​តម្លៃ​កើនឡើង​ខ្ពស់​លើស​ការ​រំពឹង​ទុក » ។

លោក​បញ្ជាក់​ថា ៖« បច្ចុប្បន្ន​នេះ ការ​ជួល​ផ្ទះ​ក៏​ទទួល​បាន​តម្លៃ​ថ្លៃ​ដែរ ដោយ​ផ្ទះ​១​ល្វែង​មាន​៤​ទៅ​៥​បន្ទប់ ប្រជាពលរដ្ឋ​អាច​ជួល​បាន​ចន្លោះ​៤.០០០​ទៅ​៥.០០០​ដុល្លារ​ក្នុង​មួយ​ខែ ឬ​ច្រើន​ជាង​នេះ ប្រសិនជា​ផ្ទះ​ស្ថិត​នៅ​ជាប់​ផ្លូវ​ឯករាជ្យ ដែល​ជា​ផ្លូវ​មេ​ក្នុង​ទីក្រុង​នេះ»។

បើ​តាម​ប្រសាសន៍ លោក យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ខេត្ត​កំពុង​មានការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង ក្រោម​ការ​វិនិយោគ​របស់​វិនិយោគិន​ក្នុង​និង​ក្រៅ​ប្រទេស ជា​ពិសេស​គឺ​វិនិយោគិន​មក​ពី​ប្រទេស​ចិន ។

លោក​អភិបាលខេត្ត​បាន​ថ្លែង​ថា ៖«​ខេត្ត​ចេះ​តែ​បន្ត​អភិវឌ្ឍន៍​ទៅ​មុខ​កាន់តែ​លឿន ដោយ​សារ​រាជរដ្ឋាភិបាល​បាន​រៀបចំ​ខេត្ត​នេះ​ឲ្យ​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ពហុ​វិស័យ ព្រោះ​ខេត្ត​មាន​ឆ្នេរ​ស្អាត មាន​កំពង់​ផែ​ទឹក​ជ្រៅ​តែ​មួយ​គត់​នៅ​កម្ពុជា និង​មាន​ជើងហោះហើរ​ត្រង់​កាន់តែ​ច្រើន​ឆ្ពោះ​មក​កាន់​ខេត្ត​នេះ » ។ ទោះ​យ៉ាងនេះ​ក្ដី លោក​អភិបាលខេត្ត​ស្នើ​សុំ​ការ​យោគយល់​ពី​សំណាក់​បងប្អូន​ដោយសារ​តែ​ខេត្ត​កំពុង​មានការ​អភិវឌ្ឍ វា​តែងតែមាន​ផល​ប៉ះពាល់​បន្ដិចបន្ដួច​ដោយ​ជៀស​មិន​រួច ។

លោក​អភិបាលខេត្ត​បញ្ជាក់​ថា ៖« ក្នុង​ពេល​ដែល​ផ្ទះ​កំពុង​ជួសជុល និង​កែ​លម្អ ហើយ​មាន​ភ្ញៀវ​មក​លេង​ច្រើន​ទៀត​នោះ វា​ប្រាកដជា​ធ្វើ​ឲ្យ​ភ្ញៀវ​មិន​ពេញចិត្ត​ចំពោះ​សកម្មភាព​របស់​យើង ដូចនេះ​ហើយ​មាន​តែ​អត់ធ្មត់​បន្ត​ទៀត និង​រង់ចាំ​ឲ្យ​ផ្ទះ​បាន​រួចរាល់​សិន » ។

បច្ចុប្បន្ន​ក្នុង​ខេត្ត​ព្រះ​សី​ហនុមាន​អាជីវកម្ម​បែប​ទេសចរណ៍​ជិត​៩០០​កន្លែង ក្នុង​នោះ ស​ណ្ឋា គារ​មាន​៧៩, ផ្ទះសំណាក់​៣៣៦, ភោជនីយដ្ឋាន​ជាង​៣០០​ទីតាំង និង​កាស៊ីណូ​កំពុង​ដំណើរការ​ជាង​១០០​ទីតាំង ព្រមទាំង​អាជីវកម្ម​ផ្សេង​ៗ​ទៀត ហើយ​សព្វថ្ងៃ កំពុង​សាងសង់​អគា​ពាណិជ្ជកម្ម ខុន​ដូ និង​អាជីវកម្ម​ជា​ច្រើន​ទៀត ដោយ​គ្រោង​នឹង​ដំណើរការ​នៅ​ពេល​ឆាប់​ៗ​នេះ ។

កត្តា​ដែល​ខេត្ត​ព្រះ​សីហ​នុ​ក្លាយជា​គោលដៅ​ទាក់​ទាក់​ការ​វិនិយោគ​បែប​នេះ​ដោយសារ​តែ​ខេត្ត​មាន​សក្តានុពល​ជា​ច្រើន​ដូច​ជា ព្រ​លាន​យន្តហោះ​អន្តរជាតិ​, កំពង់​ផែ​ទឹក​ជ្រៅ​តែ​មួយ​គត់​នៅ​កម្ពុជា​, ផ្លូវ​រថភ្លើង និង​មាន​ផ្លូវគោក ពិសេស​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​​ពី​រាជធានី​ភ្នំពេញ ទៅ​កាន់​ខេត្ត​នេះ​នា​ពេល​ខាង​មុខ ។

ទន្ទឹម​នឹង​នេះ រាជរដ្ឋាភិបាល​បាន​កំណត់​យុទ្ធសាស្ត្រ​របស់​ខ្លួន ក្នុង​ការ​អភិវឌ្ឍ​ខេត្ត​ព្រះ​សីហ​នុ តាម​រយៈ​គោលនយោបាយ​ឆ្នាំ​២០១៧-២០២៥ នឹង​ក្លាយទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង គ្រប់គ្រង​ដោយ​រដ្ឋបាល​ពិសេស ។ ទន្ទឹម​នឹង​នេះ ខេត្ត​ព្រះ​សីហ​នុ នឹង​បង្កើត​ក្រុង​មួយទៀត គឺ​ក្រុង​កោះ​រ៉ុ​ង ក្នុង​ទិស​ដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព ។

ជាមួយ​គ្នា​នេះ ក្រោម​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​រវាង​កម្ពុជា​-​ចិន ភាគី​ចិន​បាន​កំណត់​យក​ខេត្ត​ជាប់​សមុទ្រ​ទាំង​៤​ខេត្ត ស្ថិត​ក្នុង​យុទ្ធសាស្ត្រ ផ្លូវ​សូត្រ​សមុទ្រ​របស់​ខ្លួន គឺ​ខេត្តកោះកុង ខេត្ត​ព្រះ​សីហ​នុ ខេត្តកំពត និង​ខេត្ត​កែប ដែល​ជា​ផ្លូវ​ស្រប​តាម​មាត់សមុទ្រ​ពី​ខេត្តកោះកុង រហូត​ដល់​ខេត្ត​កែប អាច​នឹង​ចាប់ផ្តើម​ស្ថាបនា​នៅ​ពេល​អនាគត ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ