ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ប្រកាស​បង្កើតទីក្រុង​រណប​ជាលើក​ដំបូង​នៅក្រុង​បា​វិត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ធំ​ៗ​របស់​ចិន​ចំនួន​៣ បាន​ប្រកាស​ពី​គម្រោង​វិនិយោគ​សាង​សង់​ទីក្រុង​រណប​តម្លៃ​រាប់​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ក្នុង​ទីក្រុង​បា​វិត ខេត្តស្វាយរៀង ដែល​គម្រោង​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ដើមឆ្នាំ​២០១៩​ខាង​មុខ ។ ការ​សាងសង់​ទីក្រុង​រណប​នេះ​គ្របដណ្តប់​លើ​ផ្ទៃដី​៨០៣​ហិ​កតា ដោយ​បាន​ប្រកាស​ក្នុង​សន្និសីទ​សារព័ត៌មាន និង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុន​ធំ​ៗ​ចំនួន​៣…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ធំ​ៗ​របស់​ចិន​ចំនួន​៣ បាន​ប្រកាស​ពី​គម្រោង​វិនិយោគ​សាង​សង់​ទីក្រុង​រណប​តម្លៃ​រាប់​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ក្នុង​ទីក្រុង​បា​វិត ខេត្តស្វាយរៀង ដែល​គម្រោង​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ដើមឆ្នាំ​២០១៩​ខាង​មុខ ។

ការ​សាងសង់​ទីក្រុង​រណប​នេះ​គ្របដណ្តប់​លើ​ផ្ទៃដី​៨០៣​ហិ​កតា ដោយ​បាន​ប្រកាស​ក្នុង​សន្និសីទ​សារព័ត៌មាន និង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុន​ធំ​ៗ​ចំនួន​៣ រួម​មាន​ក្រុមហ៊ុន Empire World City, ក្រុមហ៊ុន Bauing និង​ក្រុមហ៊ុន CFMA របស់​ចិន ដើម្បី​រួម​គ្នា​កសាង​ទីក្រុង​រណប​OBC​នៅ​ទីក្រុង​បា​វិត​នេះ ។

តំណាង​ក្រុមហ៊ុន Empire World City បាន​ថ្លែង​ថា ទីក្រុង​រណប​OBC​នេះ នឹង​ចាប់ផ្តើម​សាងសង់​នៅ​ចុងឆ្នាំ​២០១៨​នេះ ដែល​ត្រូវ​ចែក​ជា​៣​ដំណាក់កាល ។ ដំណាក់កាល​ទី​១ នឹង​ត្រូវ​សាងសង់​លើ​ផ្ទៃដី​៥០​ហិ​កតា ដោយ​រួម​មាន​ទាំង​សណ្ឋាគារ ផ្ទះសំណាក់ ផ្សារ​ទំនើប និង​កាស៊ីណូ​ជាដើម ។

តំណាង​ក្រុមហ៊ុន​ដដែល​បាន​បន្ត​ថា គម្រោង​សាងសង់​នេះ​មាន​រយៈពេល​ពី​៥​ឆ្នាំទៅ​១៥​ឆ្នាំ និង​ត្រូវ​ចំណាយ​ថវិកា​រាប់​លាន​ដុល្លារ ហើយ​ពេល​ទីក្រុង​រណប​នេះ​រួចរាល់ នឹង​ផ្តល់​ឱកាស​ការងារ​ឱ្យ​ពលរដ្ឋ​កម្ពុជា​រាប់​ពាន់​នាក់​មានការ​ងារ​ធ្វើ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​កាន់តែ​សម្បូរ​បែប​ថែម​ទៀត ។

លោក ជា វុ​ទ្ធី អគ្គលេខាធិការ​រង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ថ្លែង​ការ​អបអរសាទរ​ចំពោះ​ការ​វិនិយោគ​នេះ ដែល​នឹង​ធ្វើ​ឲ្យ​ទីក្រុង​ជាប់​ព្រំដែន​នេះ​កាន់តែ​មាន​ភាព​រស​រវើក ព្រោះ​ទីក្រុង​រណប​នេះ​មិន​ត្រឹមតែ​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​នោះ​ទេ តែ​ក៏​ជា​គម្រោង​ដែល​ផ្តល់​ការងារ និង​ប្រាក់​ចំណូល​ដល់​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ផង​ដែរ ។

ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍ វិស័យ​ឧស្សាហកម្ម​របស់​រដ្ឋាភិបាល ឆ្នាំ​២០១៥-២០២៥ បាន​ដាក់​ក្រុង​បា​វិត​ជាទី​ក្រុង​ពិសេស​មួយ ដើម្បី​រៀបចំ​អភិវឌ្ឍន៍​ជា​តំបន់ឧស្សាហកម្ម​និង​ជា​មូលដ្ឋាន​សម្រាប់​ស្តុក​ទំនិញ​សម្រាប់​អ្នក​វិនិយោគ​ផង​ដែរ ។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក គី​ម ហ៊ា​ង បាន​ថ្លែង​ថា ទីក្រុង​បា​វិត​កាន់តែ​មាន​ភាព​រីក​ចម្រើន​កាន់តែ​ខ្លាំង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​សារ​កំណើន​របស់​អ្នក​វិនិយោគ​ចិន ដែល​បាន​ប្រែក្លាយ​ទីក្រុង​ស្ងប់ស្ងាត់​មួយ​នេះ មក​ជាទី​ក្រុងមាន​សភាព​អ៊ូរ​អរ និង​ទាក់ទាញ​ជា​ថ្មី ។ ហេតុនេះ ការ​កសាង​ទីក្រុង​រណប​ថ្មី នឹង​ធ្វើ​ឲ្យ​ទីក្រុង​នេះ កាន់តែ​មាន​ភាព​រីក​ចម្រើន ។

លោក​បន្ត​ថា ៖« ភាព​ជោគជ័យ​នៃ​គម្រោង​នេះ អាស្រ័យ​លើ​ផែនការ​អភិវឌ្ឍ និង​យុទ្ធ​សាស្ត្រ​ទីផ្សារ​របស់​អ្នក​វិនិយោគ​ខ្លួនឯង ដែល​បាន​ដាក់​គោលដៅ​ចាប់​យក​អតិថិជន​ប្រភេទ​ណា ប៉ុន្តែ​លោក​ជឿ​ថា គម្រោង​នេះ​នឹង​មានការ​ចាប់អារម្មណ៍​ច្រើន » ។

ចិន​ជា​ប្រទេស​វិនិយោគ​ធំ​ជាងគេ​បំផុត​នៅ​កម្ពុជា គិត​ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ​នេះ ទុន​វិនិយោគ​របស់​ចិន​ដែល​បណ្ដាក់ទុន​នៅ​ប្រទេស​កម្ពុជា មាន​រហូត​ដល់​ជាង​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ពោល​គឺ​ចាប់ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៨ វិនិយោគិន​ចិន​ដែល​បាន​បណ្ដាក់ទុន​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា មាន​រហូត​ដល់​ជាង​២១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ផ្ដោត​ទៅ​លើ​វិស័យ​មួយ​ចំនួន​ដូច​ជា កម្មន្តសាល សំណង់ វាយនភ័ណ្ឌ និង​ថាមពល​អគ្គិសនី​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ