បាត់ដំបង… ស្នងការរងមានជិត30រូប កើតចោរគួរឱ្យខ្លាច


ខេត្តបាត់ដំបង ៖ បន្ទាប់​ពី​ម្ចាស់ផ្ទះ​បើករថយន្ត​ចេញ​ផុត​មិន​ទាន់​បាន​មួយ​ដង្ហើមចង្រិត​ផង ស្រាប់តែ​ចោរ​ចូល​ទៅ​គាស់​បង្អួច​លួច​យក​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ ដែល​សង្ស័យ​អាច​កើតឡើង​នៅ​ចន្លោះ​ពី​ម៉ោង​៩​ដល់​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៧ កញ្ញា នៅ​ក្នុងភូមិ​ច្រាប​វាល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ។ នេះ​បើ​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ដែល​បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​កើតហេតុ តែ​សមត្ថកិច្ច​ហាក់​នៅ​ងងឹតឈឹង​អំពី​តម្រុយ​ក្រុម​ចោរ ។

មន្ត្រី​នគរបាល​ស្រុក​សង្កែ​បាន​ឲ្យ​ដឹង​ថា លំនៅ​ឋាន​ដែល​ត្រូវ​ចោរ​គាស់​ទម្លុះទំលាយ​ចូល​លួច​ទ្រព្យសម្បត្តិ​នោះ​ម្ចាស់​ឈ្មោះ លឹ​ម ម៉េ​ង​គារ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ រស់នៅ​ចំណុច​កើតហេតុ​ខាងលើ ។ មន្ត្រី​ដដែល​បាន​ប្រាប់​ថា គេ​មិន​ទាន់​ដឹង​អំពី​ចំនួន​ចោរ​នៅឡើយ​ទេ ដែល​បាន​ចូល​ធ្វើ​សកម្មភាព​គាស់​បង្អួច​ផ្ទះ​ជន​រង​គ្រោះ បន្ទាប់​ពី​ជន​រង​គ្រោះ​បើករថយន្ត​ចេញ​ផុត​ពី​ផ្ទះ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ។ គេ​មិន​បានដឹង​ជាក់លាក់​អំពី​ពេល​វេលា​ដែល​ចោរ​ចូល​ធ្វើ​សកម្មភាព​ទេ ។ ប៉ុន្តែ​កូនប្រុស​ម្ចាស់ផ្ទះ​ឈ្មោះ លឹ​ម ផ​ល្លី អាយុ​៣៣​ឆ្នាំ បានដឹង​អំពី​ការ​គាស់​ទម្លុះទំលាយ​នេះ​នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល ទើប​មានការ​ភ្ញាក់ផ្អើល​និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​តែ​ម្ដង ។

កូនប្រុស​ម្ចាស់ផ្ទះ​គឺ​លោក គឹ​ម ផ​ល្លី បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា លោក​បានដឹង​នៅ​រសៀល​ថ្ងៃ​ដដែល ពេល​ប្រើ​អ្នកបំរើ​ស្រី​ម្នាក់​ឲ្យ​ទៅ​យក​ចំណីអាហារ​នៅ​ក្នុងផ្ទះ​ឪពុក​(​ផ្ទះ​កើតហេតុ​) ។ គាត់​និយាយ​ថា ពេល​ដែល​អ្នកបំរើ​ទៅ​ដល់​ចូល​ក្នុងផ្ទះ​ស្រាប់តែ​ឃើញ​មាន​ស្នាម​គាស់​បង្អួច​ខាងក្រោយ និង​មាន​ស្នាម​រុះរើ​ក្នុង​បន្ទប់ដេក​ផង ទើប​មានការ​ភ្ញាក់ផ្អើល ។ ពេល​នោះ​លោក​ដឹង​ថា អាច​មាន​ចោរ​ចូល​ផ្ទះ ទើប​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ភ្លាម​ៗ​ដែរ ។ លោក លឹ​ម ផ​ល្លី បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​កើតហេតុ​គឺ​ឪពុក​ខ្លួន​បាន​បិទទ្វារ​ផ្ទះ រួច​បើករថយន្ត​ចេញ​ទៅ​ធ្វើបុណ្យ​នៅ​ភ្នំពេញ​តាំងពី​ព្រឹក​រហូត​នៅ​រសៀល​ទើប​ដឹង​រឿង​នេះ ។

លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត បាន​និយាយ​ថា បើ​តាម​ការ​ពិនិត្យ​ត្រង់​ចំណុច​កើតហេតុ ជន​ដៃដល់​បាន​គាស់​កញ្ចក់​និង​ចម្រឹង​ដែក​បង្អួច​ខាងក្រោយ ហើយ​ចូល​ទៅ​ក្នុងផ្ទះ​រើ​កកាយ​ក្នុង​បន្ទប់ និង​ទូដែក​នៅ​ក្នុង​បន្ទប់ដេក ។ លោក​បាន​ប្រាប់​ថា បើ​តាម​កូនប្រុស​ម្ចាស់ផ្ទះ​ដែល​បាន​ប្រាប់​សមត្ថកិច្ច គឺ​មិន​មានទ្រព្យ​សម្បត្តិ​បាត់បង់​ច្រើន​ទេ ហើយ​នៅ​ក្នុង​ទូដែក​ដែល​ជនល្មើស​បាន​គាស់​ទម្លុះ​ដែរ​នោះ មាន​តែ​ឯក​សារ និង​គ្រឿងអលង្ការ​បន្តិចបន្តួច​មាន​តំលៃ​សរុប​ប្រហែល​២,០០០​ដុល្លារ​ប៉ុណ្ណោះ ។ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ពេល​នេះ​កម្លាំង​ជំនាញ​កំពុងធ្វើការ​ពិនិត្យ និង​ស៊ើបអង្កេត​លើ​ករណី​នេះ​ហើយ តែ​មិន​ទាន់​មាន​តម្រុយ​អំពី​មុខសញ្ញា​ជន​ដៃដល់​នៅឡើយ​ទេ ។

មានការ​កត់សម្គាល់​ដែរ​ថា មួយ​រយៈ​កន្លង​ទៅ​នេះ​អំពើ​ចោរកម្ម ហាក់​កំពុង​កើត​មាន​យ៉ាង​កក្រើក​នៅ​ក្នុង​ក្រុង​បាត់ដំបង និង​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត ខណៈ​ការ​តែងតាំង​មុខ​តំណែង និង​តួនាទី​ស្នងការ​រង​ខេត្ត​កើនឡើង​ជិត​ដល់​៣០​រូប​ហើយ តែ​ហាក់​គ្មាន​ភារកិច្ច​ពិតប្រាកដ​ទេ ដែល​មើលទៅ​គ្រាន់តែ​សម្រាប់​លំអរ​ស្នងការដ្ឋាន​ខេត្ត ឬ​សម្រាប់​តែ​អង្គុយ​រុក​គួ​ន​គ្នា​តែ​ប៉ុណ្ណោះ ដែល​មិន​អាច​ធ្វើ​ឲ្យ​ពួក​ចោរ​ខ្លប​ខ្លាច​ឡើយ ។ បទល្មើស​ដែល​កើតឡើង​ស្ទើរ​រាល់ថ្ងៃ​នា​បច្ចុប្បន្ន​នេះ​មាន​ដូច​ជា​«​ចោរ​កាច់​សោ​.​ក​លួច​ម៉ូតូ ចោរ​គាស់​ទម្លុះទំលាយ​លំនៅ​ឋាន ចោរឆក់​ទ្រព្យសម្បត្តិ​អ្នកដំណើរ​និង​បទល្មើស​គ្រឿងញៀន​» ។ សង្ស័យ​ណាស់​មេ​ច្រើន​ពេក​អន្សម​បើ​មិន​ខ្លោច​គឺ​ឆៅ​ម៉​ង ។

មន្ត្រី​ជំនាញ​បាន​លើក​ឡើង​អំពី​បទល្មើស​ទាំងនេះ​ដែរ​ថា ពេល​នេះ​ពួក​ចោរ​ហាក់​កំពុង​បង្កើន​សកម្មភាព​យ៉ាង​គ​គ្លើ​ន ខណៈ​កម្លាំង​សមត្ថកិច្ច​ហាក់​មិន​អាច​ទប់ស្កាត់​បាន ឬ​បង្ក្រាប​បាន​ខ្លះ​ៗ​នា​ពេល​កន្លង​មកនេះ ហើយ​ភាព​គ​គ្លើ​ន​នេះ​បាន​និង​កំពុង​កើតឡើង ស្រប​ពេល​ដែល​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ឈាន​ចូល​មក​ដល់​ដែល​ជា​ឪ​កាស​សម្រាប់​ពួក​ចោរ ចេញ​ធ្វើ​សកម្មភាព​កាន់តែ​ខ្លាំង​តាម​បណ្ដា​ទីប្រជុំជន និង​ទី​វត្ត​អារាម​នៅ​តាម​បណ្ដា​ស្រុក​នានា ។

ជាក់ស្ដែង ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៧ ខែកញ្ញា ចោរ​បាន​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​លួច​យក​ម៉ូតូ​មួយ​គ្រឿង​របស់​ពលរដ្ឋ​ឈ្មោះ ឈិ​ត ឆើត ភេទ​ប្រុស អាយុ​៧២​ឆ្នាំ នៅ​ក្នុង​បរិវេណ​វត្ត​ជ្រៃ ស្ថិត​ក្នុងភូមិ​ជ្រៃ​ជើង ឃុំ​ជ្រៃ ស្រុក​មោងឫស្សី ខណៈ​ជន​រង​គ្រោះ​ជិះ​ទៅ​ចូលរួម​កាន់បិណ្ឌ​នៅ​ក្នុង​វត្ត​នោះ​រួច​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព ។

ជុំវិញ​សកម្មភាព​របស់​ក្រុម​ចោរ​ដែល​កំពុង​កក្រើក​ក្នុង​ពេល​នេះ លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំខែ​ជា​រឿយ​ៗ​លោកស្នងការ​ខេត្ត បាន​ចេញ​បទបញ្ជា​និង​ក្រើនរំលឹក​ម្ដង​ហើយ​ម្ដងទៀត ដល់​លោក​អធិការ​គ្រប់​ស្រុក និង​ក្រុង​ឲ្យ​មាន​វិធានការ​ដាក់​កម្លាំង​តាម​គោលដៅ​នានា ។ ជា​ពិសេស​ក្នុង​ឪ​កាស​បុណ្យកាន់បិណ្ឌ​នេះ ដើម្បី​ពង្រឹង​និង​ការពារ​សន្តិសុខ​ជូន​ប្រជា​ពល​រដ្ឋ​នៅ​តាម​ទី​សាធារណៈ ឬ​នៅ​តាម​ទី​វត្ត​អារាម​នានា​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ។

តាម​រយៈ​កោះសន្តិភាព​លោក ជេ​ត វណ្ណ​នី ក៏បាន​ធ្វើការ​អំពាវនាវ​ផង​ដែរ ដល់​ប្រជាពលរដ្ឋ​ដែល​មាន​យានយន្ត​ធ្វើ​ដំណើរ​ទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត ឬ​នៅ​តាម​ទីប្រជុំជន ឬ​នៅ​តាម​វត្ត​អារាម​នានា ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត​នូវទ្រព្យសម្បត្តិ​របស់​ខ្លួន ចៀសវាង​កុំ​ឲ្យ​មានការ​បាត់បង់​ដោយ​យថាហេតុ​ណាមួយ ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ពួក​ចោរ​អន្ធពាល ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ