មិន​ច្បាស់​មូលហេតុ រតនៈ ពិសី ចង់​ដើរ​ចេញពី​វិ​ថី​សិល្បៈ


រាជធានី​ភ្នំពេញ​៖ តារា​សម្តែង និង​ចម្រៀង​រតនៈ ពិសី បាន​បង្ហាញ​ការ​អន់ចិត្ត ហើយ​ត្រៀម​ខ្លួន​ដើរ​ចេញពី​វិ​ថី​សិល្បៈ បន្ទាប់​ពី​នាងរង​ការ​ព្រមាន​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ចំពោះ​ការ​និយម​បង្ហាញ​ភាព​សិច​ស៊ី​ជា​បន្តបន្ទាប់ ។

រតនៈ ពិសី បាន​ស្ថិត​នៅ​ក្នុង​បញ្ជីខ្មៅ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ក្នុង​ចំណោម​តារា​៣​ដួង​ទៀត ក្រោម​ការ​ឃ្លាំមើល​ពី​ក្រសួង ក្នុង​ករណី​ដែល​នាង​នៅ​តែ​បន្ត​ភាព​សិច​ស៊ី​ទៀត នោះ​នឹង​ទទួល​រង​ការ​ពិន័យ​ហាមប្រាម​មិន​ឲ្យ​បន្តការងារ​សិល្បៈ​មួយ​ឆ្នាំ ដូច​ទៅ​នឹង​ករណី​កញ្ញា​សេង សូ​ណា និង​កញ្ញា​ដេ​ន​នី ក្វា​ន់ ដែរ​។

យ៉ាងណា​ក៏​ដោយ​បើ​ទោះបីជា​រតនៈ ពិសី មិន​ជាប់​បម្រាម​ប្រឡូក​សិល្បៈ​ពី​ក្រសួង​ដូច​ជា​សេង សូ​ណា ក៏​ដោយ ប៉ុន្តែ​តារា​រូប​នេះ​បង្ហាញ​ពី​គម្រោង​ក្នុង​ការ​ដើរ​ចេញពី​សិល្បៈ បើ​ទោះបីជា​សកម្មភាព​សិល្បៈ​របស់​នាង​មាន​ស្ទើរ​មិន​ដាច់​រយៈ​ក៏​ដោយ ។ រតនៈ ពិសី បាន​បង្ហោះ​សារ​ប្រាប់​ដល់​ប្រិ​យ​មិត្ត​គាំទ្រ​ថា «​កា​រ៉​ង់​ទី … ប្រហែល​មិន​ដល់​មួយ​ឆ្នាំ​ទៀត​ទេ ខ្ញុំ​ប្រហែលជា​ឈប់​ដើរ​លើ​ផ្លូវ​សិល្បៈ​មួយ​នេះ​ដោយ​ខ្លួនឯង​ហើយ …! លា​ហើយ​ពុក​ម៉ែ បងប្អូន ដែល​តែងតែ​ផ្ដល់​ការ​គាំទ្រ និង​ការ​កក់ក្ដៅ​ដល់​នាង​ខ្ញុំ​រហូត​មក ជួយ​ស៊ែ ឲ្យ​ពិភព​លោក​ដឹងផង »​។

ជា​ការ​កត់សម្គាល់​តាម​រយៈ​សារ​ដែល​រតនៈ ពិសី បាន​បង្ហោះ​នេះ​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា គម្រោង​ដើរ​ចេញពី​សិល្បៈ​របស់​នាង​អាច​ក្លាយជា​ការណ៍​ពិត ឬ​យ៉ាងណា​ឡើយ ខណៈ​ពេល​ដែល​មានការ​សង្ស័យ​ថា អត្ថន័យ​ដែល​នាង​បាន​បង្ហោះ​នោះ​អាច​ជា​ពាក្យបញ្ចើចបញ្ចើរ​ឆ្លើយ​តប​ទៅ​នឹង​ការ​ព្រមាន​ពី​ក្រសួង​ប៉ុណ្ណោះ​។

រតនៈ ពិសី បាន​បង្ហោះ​សារ​នា​ពេល​នេះ​មាន​អ្នកសិល្បៈ​មួយ​ចំនួន​បាន​នាំ​គ្នា​លើ​ទឹកចិត្ត ដើម្បី​ឲ្យ​នាង​បន្តការងារ​សិល្បៈ​នេះ ក្នុង​ពេល​ដែល​មាន​ប្រិ​យ​មិត្ត​មួយ​ចំនួន​បាន​សម្តែង​ការ​គាំទ្រ​ឲ្យ​នាង​ដើរ​ចេញពី​វិ​ថី​នេះ​ផង​ដែរ ។

បន្ទាប់​ពី​រង​ការ​ព្រមាន​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​រួច​មក រតនៈ ពិសី ធ្លាប់​បាន​អះអាង​ប្រាប់​សារព័ត៌​មាននៅ​ក្នុងស្រុក​មួយ​ថា នាង​ទទួលស្គាល់​នូវ​ការ​ពិន័យ​របស់​ក្រសួង ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា នាង​ត្រូវ​ដកខ្លួន​ចាក​ឆ្ងាយ​ពី​វិស័យ​សិល្បៈ​នោះ​ទេ ពោល​គឺ​នៅ​តែ​សម្ដែង និង​ចេញ​មុខ​នៅ​តាម​ទូរទស្សន៍ និង​បទ​ចម្រៀង​ដូច​មុន​ដដែល គ្រាន់តែ​មិនសូវ​ស្លៀកពាក់​លេច​លើ​លេច​ក្រោម​ខ្លាំង​ដូច​មុន ។

ចំណុច​នេះ​ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា បើ​ក្នុង​ករណី​ដែល រតនៈ ពិសី ពិតជា​ចាក​ចេញពី​ការងារ​សិល្បៈ​ប្រាកដ​មែន​នោះ​គឺ​អាច​មាន​មូលហេតុ​ផ្សេង​ដែល​វា អាច​ពាក់ព័ន្ធ​បញ្ហា​ផ្ទាល់ខ្លួន ឬ​ក៏​ការ​សម្រេចចិត្ត​រៀប​ការ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ