ខេត្តកំពង់ធំ​ត្រៀម​ទទួល​ទេសចរ​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ


រាជធានី​ភ្នំពេញ ៖ ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រាជធានី​ភ្នំពេញ ខេត្តកំពង់ធំ​ដែល​ជា​ទឹកដី​នៃ​ដងស្ទឹង​សែន​ដ៏​ល្បាញ​ល្បី រួម​ទាំង​ប្រាង្គ​ប្រាសាទ​ដ៏​មាន​តម្លៃ និង​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​គួរ​ឲ្យ​ទាក់ទាញ​ជា​ច្រើន​នោះ ខណៈ​នេះ​អាជ្ញាធរ​ខេត្ត ពិសេស​មន្ទីរ​ទេសចរណ៍ បាន​និង​កំពុង​រៀបចំ​លក្ខណសម្បត្តិ​ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេស ចរ​ដែល​នឹង​មក​សម្រាក​កម្សាន្ដ​នៅ​ទីនោះ នា​ឱកាស​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ធំ លោក សេង អាន បាន​ប្រាប់​កោះសន្ដិភាព​ថា ទាំង​ថ្នាក់ដឹកនាំ​ខេត្ត ទាំង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ សំខាន់​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​និង​កំពុង​រៀបចំ​កែ​លម្អ បង្កើន​សោភ័ណ​ភាព រក្សា​សណ្តាប់ធ្នាប់​សុវត្ថិភាព​នៅ​តាម​រមណីយដ្ឋាន ទាំង​រមណីយ ដ្ឋា​ន​ធម្មជាតិ វប្បធម៌ ដើម្បី​ត្រៀមលក្ខណៈ​ទទួលភ្ញៀវ​ទេសចរ​ដែល​នឹង​មក​កាន់​ខេត្ត​ចំណុច កណ្តាល​នៃ​ប្រទេស​កម្ពុ​ជាមួយ​នេះ ។ លោក សេង អាន បាន​បញ្ជាក់​ថា ៖« ខេត្តកំពង់ធំ​មាន​រមណីយដ្ឋាន​ដ៏​ទាក់ទាញ​ជា​ច្រើន​ដូច​ជា ប្រាង្គ​ប្រសាទ រមណីយដ្ឋាន​បឹង​សំ​រិ​ទ្ធ រមណីយដ្ឋាន​ស្ទឹង​ជី​និ​ត ស្ថិត​ក្នុងស្រុក​បារាយណ៍ និង​រមណីយដ្ឋាន​ភ្នំ​ស​ន្ទុ​ក​ដែល​ជា​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​គួរ​ឲ្យ​ទាក់ទាញ​បំផុត »​។ លោក​ថា ៖« អ្វី​ដែល​សំខាន់​ជាង​នោះ​គឺ​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុ​គ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក និង​រមណីយដ្ឋាន​ស្ទឹង​ព្រៃ​ប្រស់​ជាដើម » ។

លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ដែរ​ថា ក្រៅពី​រមណីយដ្ឋាន​ខាងលើ ខេត្តកំពង់ធំ​ក៏​មាន​មជ្ឈមណ្ឌល​វប្បធម៌ សាសនា និង​ទេសចរណ៍​នៅ​ត្រៃ​យ៍​លោក​ត្រៃលក្ខណ៍ ដែល​ជា​តំបន់​ទី​សក្ការៈ បូជា​ផង និង​ជា​កន្លែង​នៃ​ជំនឿ​ក្នុង​ការ​បន់ស្រន់​បែប​អបិយ​ជំនឿ​ផង​ដែរ ។ ទន្ទឹម​នោះ​នៅ​តាម​ទី​វត្ត​អារាម​នានា​ក្នុង​ខេត្ត ក៏​ត្រូវ​បាន​ណែនាំ​រៀបចំ​ឲ្យ​ស្អាត​សមរម្យ ដើម្បី​ទទួលភ្ញៀវ​ទេសចរ សំខាន់​វត្ដ​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​ដែល​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត ឬ​ក៏​ទៅ​ចូលរួម​ពិធីបុណ្យ​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ ។ ក្នុង​នោះ លោក​ថា ៖« បើ​ភ្ញៀវ​ទេសចរ​មក​លេង​ខេត្តកំពង់ធំ​ហើយ កុំ​ភ្លេច​ទៅ​ទស្សនា​ដងស្ទឹង​សែន​ដ៏​ស្រស់​ត្រកាល និង​ល្បីល្បាញ​ដែល​បង្កប់​នូវ​ស្លាកស្នាម​អនុស្សាវរីយ៍​ដ៏​អន្លង់​អ​ន្លោ​ច តាម​រយៈ​បទ​ចម្រៀង ស្ទឹង​សែន​ផង »​។

លោក​ក៏​បាន​អំពាវនាវ​ដល់​អ្នកគ្រប់គ្រង​ឬ​អាជីវករ​ដែល​ជា​ម្ចាស់​រមណីយដ្ឋាន​ទាំងអស់​សូម​ចូលរួម​សហ ការ​ជាមួយ​អាជ្ញាធរ មន្ត្រី​ជំនាញ ក្នុង​ការ​រៀបចំ​របៀបរៀបរយ​សណ្តាប់ធ្នាប់​និង​ការពារ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ និង​ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​បរិស្ថាន អនាម័យ រួម​ទាំង​សេវាកម្ម​នានា​សំខាន់​គ្រប់គ្រង​តម្លៃ​ម្ហូបអាហារ​ឲ្យ​បាន​សមរម្យ ចៀសវៀង​ការ​រិះគន់​ថ្នាំងថ្នាក់​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ។

យោង​តាម​របាយការណ៍​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ធំ កាលពី​នៅ​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ ខេត្ត​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ប្រមាណ​៦០​ម៉ឺន​នាក់ ។ ដោយឡែក​រយៈពេល​៩​ខែ​ឆ្នាំ​នេះ ទូ​ទាំង​ខេត្ត​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ប្រមាណ​៥០​ម៉ឺន​នាក់ ស្ថិត​ក្នុង​កំណើន​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់ ៕

ទេសចរណ៍

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ