រាជធានីភ្នំពេញ ៖ រដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិបានចាប់ផ្តើមហើយចាប់ពីថ្ងៃអង្គារ ទី២៥ ខែកញ្ញា ២០១៨ដែលជាបិណ្ឌទីមួយ ខណៈពេលពិធីបុណ្យនេះប្រារព្ធធ្វើឡើងរយៈពេល១៥ថ្ងៃ ។ មុនពិធីបុណ្យភ្ជុំបិណ្ឌនេះ ចូលមកដល់នៅតាមទីវត្តអារាមនានាបានរៀបចំកែលម្អ និងសម្អាតទីធ្លាវត្ត ក្នុងនោះនៅពីមុខខ្លោងទ្វារចូលមានចងបដា «បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ» ដើម្បីរង់ចាំទទួលស្វាគមន៍ពុទ្ធបរិស័ទ ។ ហើយអ្វីគួរឱ្យចាប់អារម្មណ៍នោះ គឺទីវត្តអារ៉ាមមួយចំនួនឆ្នាំនេះសង្កេតឃើញថា មានយុវវ័យច្រើននាំគ្នាទៅវត្តធ្វើបុណ្យ រាប់បាត្រ ខុសប្លែកពីបណ្តាឆ្នាំមុនៗ។
នៅទីវត្តអារាមនានាលាន់លឺសំឡេងធម៌យ៉ាងកងរំពង ខណៈពុទ្ធសាសនិកជននាំគ្នាធ្វើចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនបុព្វការីជនដែលបានចែកឋានទៅកាន់លោកខាងមុខ ។
នៅថ្ងៃកាន់បិណ្ឌទី១ គេសង្កេតឃើញតាមទីវត្តអារាមនានាមានមនុស្សច្រើនកុះករ ទាំងចាស់-ក្មេង ស្រី-ប្រុស បាននាំគ្នាក្រោកពីព្រលឹមស្រាងៗ យកចង្ហាន់ទៅប្រគេនព្រះសង្ឃ ទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ក្នុងទឹកមុខស្រស់ថ្លា សប្បាយរីករាយ ។ អ្វីដែលមានការចាប់អារម្មណ៍នាឆ្នាំនេះបណ្តាវត្តមួយចំនួនគេសង្កេតឃើញមានយុវវ័យច្រើននាំគ្នាទៅវត្តធ្វើបុណ្យ រាប់បាត្រ ខុសប្លែកពីបណ្តាឆ្នាំកន្លងទៅដែលយុវវ័យភាគច្រើនហាក់មិនសូវចាប់អារម្មណ៍ក្នុងការធ្វើបុណ្យនៅទីវត្តអារាមនោះឡើយ ។
យុវជន ហាយ ផល្លា វ័យជាង២០ឆ្នាំដែលបាននាំមិត្តភក្តិទៅវត្តទួលសំពៅរាជ ស្ថិតក្នុងស្រុកកៀនស្វាយបានឲ្យដឹងថា បណ្តាឆ្នាំកន្លងទៅរូបគេហាក់មិនសូវជាចាប់អារម្មណ៍ក្នុងការធ្វើបុណ្យទាននៅក្នុងទីវត្តអារាមឡើយ ក្រៅពីទៅបោះបាយបិណ្ឌនាពេលយប់ ។ ឆ្នាំនេះដោយសារមានការបបួលពីមិត្តភក្តិទើបរូបគេបានធ្វើបុណ្យដោយយកចង្ហាន់ប្រគេនព្រះសង្ឃនៅក្នុងឱកាសបុណ្យកាន់បិណ្ឌ ។ ក្រៅពីប្រគេនចង្ហាន់ដល់ព្រះសង្ឃរូបគេ និងមិត្តភក្តិដទៃទៀតបាននាំគ្នាពូនភ្នំខ្សាច់ និងអុជធូប បែបន់សុំសេចក្តីសុខជូនក្រុមគ្រួសារនៅតាមទីគោរពបូជានានាក្នុងបរិវេណវត្ត ។
បើតាមយុវជនហាយ ផល្លា អ្វីដែលគេមានការចាប់អារម្មណ៍ខ្លាំងនោះនៅថ្ងៃបិណ្ឌទីមួយនៅវត្តដែលគេបានទៅ សង្កេតឃើញមានយុវវ័យជាច្រើនបាននាំគ្នាទៅវត្ត មើលទៅមិនចាញ់ពុទ្ធបរិស័ទ ចាស់ៗនោះទេ ។
ចំណែកយុវវជនសុខ សារុន ដែលបានធ្វើដំណើរទៅវត្តដីឥដ្ឋ ស្រុកកៀនស្វាយ ជាមួយក្រុមគ្រួសារនាឱកាសកាន់បិណ្ឌនេះបានលើកឡើងថា គេពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដែលបានធ្វើបុណ្យជាគ្រួសារនៅថ្ងៃដំបូងនៃពិធីបុណ្យកាន់បិណ្ឌឆ្នាំនេះ ។
សុខ សារុន និយាយថា «មិនខុសពីបណ្តាឆ្នាំកន្លងមកឡើយ ខ្ញុំតែងតែមានវត្តមានជាមួយឪពុកម្តាយ និងបងប្អូន ដើម្បីធ្វើបុណ្យនៅឯវត្ត នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ។ ការដាក់បិណ្ឌនេះរូបខ្ញុំ និងក្រុមគ្រួសារនឹងមិនបញ្ចប់នាពេលនេះឡើយ ពោលខ្ញុំ និងក្រុមគ្រួសារមានគម្រោងរួចហើយថានឹងទៅកាន់បិណ្ឌបន្តនៅវត្តស្រុកកំណើតឪពុករបស់ខ្ញុំដែលស្ថិតនៅស្រុកល្វាឯមខេត្តកណ្តាល»។
យុវតីពិសី ដែលបានទៅធ្វើបុណ្យនៅវត្តមួយក្នុងរាជធានីភ្នំពេញឲ្យដឹងថា ជារៀងរាល់ឆ្នាំ នាងនិងមិត្តភក្តិ ក្រុមគ្រួសារតែងតែទៅដាក់បិណ្ឌនៅទីវត្តអារាម ដោយមិនដែលអាក់ខានឡើយ។ ពិសីនិយាយថា «បើទោះបីជាការងាររវល់ ប៉ុន្តែខ្ញុំត្រូវតែឆ្លៀតក្នុងពេលវេលាណាមួយសមស្រប ដើម្បីធ្វើបុណ្យជាមួយក្រុមគ្រួសារនាឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ បើទោះបីជាឆ្នាំខ្លះ ខ្ញុំមិនបានធ្វើបុណ្យបានច្រើនវត្តក៏ដោយ ប៉ុន្តែខ្ញុំតែងតែជូនលុយកាក់បន្តិចបន្តួចដល់ឪពុកម្តាយ ជីដូនជីតា ដើម្បីឲ្យពួកគាត់យកទៅធ្វើបុណ្យផងដែរ»។
ស្ត្រីវ័យចំណាស់ដាំ សុខន រស់នៅស្រុកកៀនស្វាយឲ្យដឹងថា ឆ្នាំនេះបិណ្ឌទីមួយគាត់បានទៅវត្តអង្គរជ័យ ។ បើទោះបីជាបិណ្ឌទី១នេះក្រុមគ្រួសារគាត់មិនបានជួបជុំគ្នាទាំងអស់ ដោយជាប់ភារកិច្ចការងារក៏ដោយ ប៉ុន្តែគាត់នៅតែមានចិត្តសទ្ធាជ្រះថ្លា ក្នុងការយកចង្ហាន់ប្រគេនព្រះសង្ឃ និងបានជូនបុណ្យកុសលទាំងអស់ជូនដល់ក្រុមគ្រួសាររបស់គាត់ផងដែរ ។
អ្នកស្រីសុខន ថាឆ្នាំនេះក៏ដូចជាបណ្តាឆ្នាំកន្លងទៅដែរគាត់តែងតែទៅធ្វើបុណ្យដាក់បិណ្ឌនៅតាមវត្តនានា ដែលមានពេលខ្លះអាចខ្វះ និងលើសដល់ទៅ៧វត្ត តាមជំនឿនៃព្រះពុទ្ធសាសនា។
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ របស់ជនជាតិខ្មែរគឺស្ថិតក្នុងអំឡុងពេលនៃកិច្ចគង់ចាំព្រះវស្សារបស់ភិក្ខុសង្ឃសាមណេររយៈពេលបីខែ។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌសព្វថ្ងៃ គឺមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងការទំនុកបម្រុងសង្ឃភត្ត ដែលមានរយៈពេលបីខែក្នុងរដូវចូលវស្សា នាសម័យពុទ្ធកាលនោះដែរ គ្រាន់តែមានរយៈពេលខ្លីជាង ដោយថយមកនៅត្រឹមតែ១៥ថ្ងៃប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ