ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វិភាគ​​ពី​បទ​ឈប់​បា.ញ់​គ្នាដែល​នឹង​ត្រូវ​អនុវត្ត

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បទ​វិភាគ​មួយ​របស់​ទី​ប្រឹក្សា​​ជាន់ខ្ពស់​ និង​ជាសមា​ជិក​នៃ​គណៈ​កម្មាធិ​ការ​សិក្សា​សាកល​វិទ្យា​ល័យ​បញ្ញា​សាស្ត្រ​ លោក​សាស្ត្រា​ចារ្យ ប៉ែន ងឿន បាន​ប្រមើល​មើល​ពី​យន្ត​ការ​ដែល​ល្អ​បំផុត​របស់​អាស៊ាន​ដើម្បី​ធានា​ឱ្យ​មាន​បទ​ឈប់​​បា.ញ់​គ្នា​​​ដែល​នឹងត្រូវ​អនុ​វត្ត។​ លោក​បាន​​ផ្តល់​ការ​កត់​សំគាល់​ថា ចាប់​ពី​ថ្ងៃ​ទី​១២ ដល់​១៤ ខែកុម្ភៈ នាពេលយប់ កង​ទ័ព​ថៃ​បាន​​ធ្វើ​សកម្ម​ភាពយោធា​មិនប្រក្រតីនានា ដោយ​​បោក​គ្រាប់បែកដៃ​ បា.ញ់បេ៤០ RPG

រាជធានីភ្នំពេញ ៖ បទ​វិភាគ​មួយ​របស់​ទី​ប្រឹក្សា​​ជាន់ខ្ពស់​ និង​ជាសមា​ជិក​នៃ​គណៈ​កម្មាធិ​ការ​សិក្សា​សាកល​វិទ្យា​ល័យ​បញ្ញា​សាស្ត្រ​ លោក​សាស្ត្រា​ចារ្យ ប៉ែន ងឿន បាន​ប្រមើល​មើល​ពី​យន្ត​ការ​ដែល​ល្អ​បំផុត​របស់​អាស៊ាន​ដើម្បី​ធានា​ឱ្យ​មាន​បទ​ឈប់​​បាញ់​គ្នា​​​ដែល​នឹងត្រូវ​អនុ​វត្ត។​ លោក​បាន​​ផ្តល់​ការ​កត់​សំគាល់​ថា ចាប់​ពី​ថ្ងៃ​ទី​១២ ដល់​១៤ ខែកុម្ភៈ នាពេលយប់ កង​ទ័ព​ថៃ​បាន​​ធ្វើ​សកម្ម​ភាពយោធា​មិនប្រក្រតីនានា ដោយ​​បោក​គ្រាប់បែកដៃ​ បាញ់បេ៤០ RPG បាញ់​កាំភ្លើងធំ ៦០​មីល្លី​ម៉ែត្រ និង​៨១មីល្លី​ម៉ែត្រ ជាច្រើនគ្រាប់​នៅ​ជុំវិញទីតាំងរបស់ខ្លួន​ក្នុង​ភាគ​ខាង​លិចភ្នំទ្រព្យ ដែលសកម្មភាព​ទាំង​នោះ​បាន​ត្រូវ​បង្កើន​យ៉ាង​ខ្លាំង​ពីម៉ោង​២១:០០ ថ្ងៃ១៥ ខែកុម្ភៈ ដល់​ម៉ោង​៥​:០០​ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ​២០១១ ដែល​បាន​បណ្តាល​ឲ្យ​ទាហាន​ថៃ​ខ្លួន​ឯង​នោះ​រង​របួស ដោយសារតែគ្រាប់​បែក​ជា​ច្រើន​បាន​ប៉ះ​ទៅ​នឹងមែកឈើ ហើយ​ធ្លាក់​ត្រឡប់​មក​ក្នុង​ទី​តាំង​របស់ថៃវិញ។ កងទ័ព​កម្ពុជា​បាន​អត់​ធ្មត់​ជា​ទី​បំផុត និងមិនបានធ្វើការតបតទេ ព្រោះ​ការ​បាញ់​របស់ថៃនោះមិនបាន​ចំ​ទី​តាំង​របស់​កម្ពុជា​​ទេ ។

  • ការបង្កហេតុរបស់ថៃ និង​ការ​គម្រាម​កំហែង​នៃសង្គ្រាម

ទោះបីជាមានការពន្យល់យ៉ាងណាក៏ដោយ ក៏សកម្មភាពដែលកើតឡើងក្នុងអំឡុងពេល​នៃ​បទ​ឈប់​បាញ់​ដែល​បាន​ព្រម​ព្រៀង​រវាង​កង​កម្លាំង​ប្រដាប់អាវុធកម្ពុជា និងថៃ​ ក្រោយពី​សង្គ្រាម​វាយប្រហាររបស់ថៃរយៈពេល៤ថ្ងៃ គឺ​ពី​ថ្ងៃ​ទី៤ ដល់ទី៧ ខែកុម្ភៈ ឆ្នាំ២០១១ មកលើ​កម្ពុជា​នោះ គឺជាការបង្កហេតុផ្នែកយោធា​ដែល​ក្រសួង​ការ​បរទេស និងសហប្រតិបត្តិការ​អន្តរ​ជាតិ​របស់​កម្ពុជា​បាន​ចេញ​សេច​ក្តី​ថែ្លង​ការណ៍​មួយ​ថា៖ «ការរំលោភបំពានលើបទឈប់​បាញ់ ដោយកងកម្លាំងប្រដាប់អាវុធថៃបានបង្ហាញ​យ៉ាង​ច្បាស់ថា គោលបំណងពិតប្រាកដនៃ​ការ​ទាម​ទារ​របស់​ថៃឲ្យ​ដោះ​ស្រាយ​បញ្ហា​ក្នុង​ក្រប​ខណ្ឌ​ទ្វេ​ភាគីនោះ គឺប្រើប្រាស់កម្លាំងយោធា​ដ៏​មានអានុភាពខ្លាំងក្លាជាងកម្ពុជា ដើម្បី​យក​ទឹក​ដី​កម្ពុជាក្នុងតំបន់ជុំវិញប្រាសាទព្រះវិហារ»។ ប៉ុន្តែ  ការចោទប្រកាន់របស់ថៃថា «កង​ទ័ព​កម្ពុជា បោក​គ្រាប់បែកចូលមូលដ្ឋានខាងថៃ» បង្កឱ្យ​ពល​បាល​ត្រី Ratchaphon Seepanya នៃ​កង​ពល​លេខ១៦ មានរបួសជាទំងន់ ហើយ​ភាគី​ទាំង​ពីរ​បាន​បាញ់​កាំភ្លើង​ដៃ​ដាក់​គ្នា​ដែល​បណ្តាល​ឲ្យ​ទ័ពថៃ៤រូបទៀត របួសស្រាល គឺ​ជា​ការ​ប្រឌិត​សុទ្ធសាធ ដើម្បី​មួល​បង្កាច់​កង​ទ័ព​កម្ពុជា​ថា ជាអ្នកវាយប្រហារ និង​ជា​យុទ្ធនា​ការ​បំពុល​បរិ​យា​កាស​របស់ថៃល្មោភសង្រ្គាម ដើម្បី​បង្ខូច​កិត្តិ​យសរដ្ឋាភិបាលកម្ពុជា នៅលើឆាកអន្តរជាតិ ហើយនេះ​អាច​ជា​ផ្នែក​មួយ​នៃ​គម្រោង​ការ​អាក្រក់​ក្នុងការ​ចាប់​ផ្តើម​យុទ្ធនា​ការ​វាយ​ប្រហារ​គ្រប់​មធ្យោបាយ​មកលើកម្ពុជា មុនថ្ងៃទី២២ ខែ​កុម្ភៈ ឆ្នាំ២០១១ ក្នុង​គោល​បំណង ដើម្បី​បង្វែរ​ទិស​ដៅនៃការប្រជុំ​រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្របទៅតាមអនុសាសន៍របស់ក្រុមប្រឹក្សាសន្តិ​សុខអង្គការសហ​ប្រជាជាតិ។ ប្រការ​នេះ​បណ្តាល​ឲ្យ​មានលទ្ធភាពខ្ពស់ដែលថា អាប់ភីស៊ីត វេ​ចា​ជី​វ៉ា និងកាស៊ីត ភីរម្យ ជា​អ្នក​រ៉ាប់រង​កិច្ច​ការ​ពាក់​ព័ន្ធ​ផ្សេងៗរបស់ថៃ។ ថៃ​បាន​ដាក់​ពង្រាយ​ទ័ព​ជាង​២៣.០០០​នាក់ ជាមួយនឹងសព្វាវុធធុនធ្ងន់​រថក្រោះធុនធ្ងន់ APC និង​កាំភ្លើងធំ​ចម្ងាយ​ឆ្ងាយ​ក្នុងតំបន់​ទល់មុខនឹងប្រាសាទព្រះវិហារ និង​តំបន់​ជុំវិញប្រាសាទ ។

  • អាប់ភីស៊ីត វេចា​ជីវ៉ា ត្រូវ​រៀន​រាប់​ឱ្យ​បាន​ត្រឹម​ត្រូវ​​យ៉ាង​ហោច​ណាស់​ក៏​ដល់​៣​ដែរ

នៅសមរភូមិនយោបាយ ទោះ​បី​ជា​មាន​ការ​អះ​អាងដោយ​កាស៊ីត ភីរម្យ និង​អាប់ភីស៊ីត វេចា​​ជីវ៉ា​ ថា ថៃបានឈ្នះវគ្គតទល់នៅញូវយ៉កក៏​ដោយ មានអ្នក​នយោ​បាយ​ជើង​ចាស់​ជា​ច្រើន​រួម​ទាំងអតីតអគ្គរដ្ឋទូតថៃប្រចាំនៅអង្គការសហ​ប្រជាជាតិ ដុន ប្រាមុដវីណៃ និងអ្នកវិភាគ​អន្តរ​ជាតិ​ជាច្រើនទទួលស្គាល់ថា បញ្ហារវាងកម្ពុជា និង​ថៃត្រូវបានធ្វើអន្តរជាតិនីយកម្ម ដែលឥឡូវ​នេះ​ក្នុងកំរិតតំបន់ក្នុងក្របខ័ណ្ឌអាស៊ាន ប្រសិន​បើ​មិនបានត្រូវដោះស្រាយនាពេលនេះទេ បញ្ហា​នេះនឹងត្រូវដោះស្រាយដោយអង្គការសហប្រជា​ជាតិនៅពេលក្រោយ។

អាប់ភីស៊ីត វេចាជីវ៉ា និងកាស៊ីត ភីរម្យ ពូកែ​ខាង​ប្រឌិតព័ត៌មាន និងបំភ្លៃការពិត។ ពួក​គេ​បន្ត​ទទូច​ចង់បាននូវការចរចា​ទ្វេភាគី ខណៈ​ដែល​ពិភព​លោកទាំងមូល​ដឹងយ៉ាងច្បាស់​ ប្រធាន​ក្រុម​ប្រឹក្សា​សន្តិសុខ Maria Luizia Ribeiro Viotti បាន​និយាយថា ហើយខ្ញុំបានដកស្រង់ «ក្នុង​ន័យ​នេះ គឺថាត្រូវយើង​ធ្វើការ​ដោយ​មាន​ការ​ចូល​រួម​សហ​ការឲ្យបាន​ខ្លាំង​ក្លា​បំផុត​ជា​មួយ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែងក្នុងតំបន់ (ដែលបច្ចុប្បន្ន​ កិច្ច​ខិត​ខំ​ប្រឹង​ប្រែងក្នុងតំបន់​កំពុង​តែ​ត្រូវ​បាន​អនុ​វត្ត​ពេញ​ទំហឹង) គឺគេ​ត្រូវ​ដោះ​ស្រាយ​ស្ថាន​ការណ៍​ដោយ​សន្តិ​ភាព តាមរយៈកិច្ច​សន្ទនា​ដ៏​មាន​ប្រសិទ្ធ​ភាព»។ ក្នុងដំណើរ​ទៅ​កាន់​ប្រធាន​ក្រុម​ប្រឹក្សា​សន្តិ​សុខ រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី Marty Natalegawa ដែល​ជា​ប្រធាន​អាស៊ាន​បច្ចុ​ប្បន្ន​បាន​និយាយដោយ​ប្រយោលថា «បញ្ហា​នៅ​ទី​នេះ គឺការធានា​ឱ្យ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ច្បាស់​លាស់​ពី​ភាគីថៃ និង​កម្ពុជា​សំរាប់​ដំណោះ​ស្រាយ​មួយ​ប្រកប​ដោយសន្តិភាព»។ ប្រការ​នេះ​បាន​បញ្ជាក់​អំពី​ការតម្រូវឲ្យមានការលូកដៃ​របស​់​អាស៊ាន​យ៉ាង​ជ្រៅនៅក្នុងដំណើរ​ការ​ចរចា។

ច្បាស់ណាស់ថា អាប់ភីស៊ីត វេចាជីវ៉ា នឹង​មិន​បាន​ទទួលអ្វីនោះទេ នៅពេលដែល​គាត់​ចង់​ទូន្មាន​កម្ពុជា ដោយនិយាយថា «ខណៈ​ដែល​សហ​គមន៍អន្តរជាតិគិតថា បញ្ហា គួរ​តែ​ដោះ​ស្រាយ​តាមរយៈការចរចា។ កម្ពុជា​មិន​មាន​​មូល​ហេតុ​អ្វីត្រូវប្រកែកទេ ហើយគួរត្រឡប់​ទៅ​និយាយ​​គ្នា​វិញ។ លោក​អាប់ភីស៊ីត វេចាជីវ៉ា គួរ​តែ​ធ្វើ​ការ​ខ្លួន​ឯង​ទៅ ហើយទុក​ឱ្យ​​កម្ពុជា​ធ្វើ​ការ​របស់​កម្ពុជា។ ខ្ញុំ​មិនមន្ទិលទេថា កម្ពុជា​នឹង​ទៅ​កាន់​ទី​ក្រុង​​ហ្សា​ការតា។ មិនគ្រាន់​តែប៉ុណ្ណោះទេ ប្រសិន​បើ​អាប់​ភី​ស៊ីត វីចាជីវ៉ា ធ្លាប់បាន​រៀន​រាប់​ត្រឹម​ត្រូវ​​យ៉ាង​ហោច​ណាស់ដល់៣ គាត់​នឹង​ឈប់​ទទូច​​អំពី​ការ​ចរចា​ជាទ្វេភាគី។ ប្រសិន​បើ​ពាក្យ​នេះ​មានតម្លៃ​សំរាប់​គាត់ខានមិនបាន ហើយ​និង​គិត​​ដល់​កង្វះ​ខាតសមត្ថភាពក្នុងការ​រាប់លេខ យើង​អាច​លើក​លែង​ឱ្យ​អាប់ភីស៊ីត វេចាជីវ៉ា និយាយ​ថា ទ្វេ​ភាគី​បូក​អាស៊ាន។

  • ការចូលពាក់ព័ន្ធយ៉ាងចំបងរបស់​អាស៊ាន

ដោយមើលឃើញធាតុពិត រដ្ឋា​ភិបាល​អាប់​ភីស៊ីត និងសារព័ត៌មានថៃ បានសហការ​គ្នា​វាយ​ប្រហារ និងសំឡុតបំភ័យ​អាស៊ាន និង​លោក Marty Natalegawa រដ្ឋមន្ដ្រីការបរទេស​នៃ​ប្រទេស​ឥណ្ឌូណេស៊ី ដោយឥតឈប់ឈរ។ បទ​វិចារណកថាដែលបានចេញផ្សាយដោយ​កាសែត​បាង​កកប៉ុស្ដិ៍​ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ក្រោម​ចំណង​ជើងថា «ឱកាសមួយសម្រាប់​ការ​ជួយ​ដោយ​អាស៊ាន» មិន​មាន​ភាព​សម​រម្យ​ចំពោះ​លោក​រដ្ឋមន្ដ្រីការបរទេស Marty ដោយ​និយាយ​ថា «នេះ​ជា​បទ​ភ្លេង​ដែល​ពីរោះ​ដល់​ត្រចៀក​រដ្ឋមន្ដ្រីការបរទេសឥណ្ឌូណេស៊ី Marty Natalegawa ដែល​ជា​ប្រធាន​អាស៊ាន ក្នុង​ពេល​បច្ចុ​ប្បន្ន»។ លោក​បាន​រត់​​តាម​រដ្ឋ​មន្ដ្រី​ការ​បរទេស​ទាំងពីរទៅកាន់ទីក្រុងញូវយ៉ក បាន​ថ្លែង​នៅ​ក្នុងសម័យប្រជុំក្រុមប្រឹក្សាសន្ដិសុខ និង​បាន​បញ្ចុះ​បញ្ចូល​ឱ្យ​មាន​ឱកាស​ក្នុង​ការ​ដឹក​នាំ​កិច្ច​ខិត​ខំ​ប្រឹងប្រែងជាអន្ដរជាតិមួយ ដើម្បី​សម្រប​សម្រួល​ដំណោះស្រាយបញ្ហាថៃ-កម្ពុជា។

តាម​ការ​អះអាងរបស់អ្នកវិភាគអន្ដរជាតិ អ្វី​ដែល​​ធ្វើ​ឱ​្យ​ថៃកាន់តែក្រេវក្រោធនោះគឺ «អាស៊ាន​​នឹង​សម្រេច​ថា យន្ដ​ការ​ណា​ដែល​ប្រសើរ​ជាងគេ​សម្រាប់​ដាក់​អនុវត្ដ ដើម្បី​ធានា​ថា បទ​ឈប់​បាញ់​​គ្នានឹងត្រូវបានបញ្ឈប់ និង​ធានា​ថា លែង​មាន​អំពើហិង្សាកើតឡើង»។ វត្ថុបំណង​ទាំង​នេះ​អាច​នឹងសម្រេច​បាន​តែតាម​រយៈ​ការ​លូកដៃ​យ៉ាង​ពេញទំហឹងពីសំណាក់អាស៊ាន។ ហេតុ​អ្វី? ពី​ព្រោះថា ការលូកដៃរបស់អាស៊ាន នឹង​​ធ្វើ​ឱ្យ​សហ​គមន៍អន្ដរជាតិមើលឃើញថា ប្រទេស​ថៃ​បាន​ធ្វើឱ្យខូចអត្ថន័យនៃ «ការ​ចរចា​ទ្វេ​ភាគី» ដែល​ឃ្លាត​ឆ្ងាយ​ពីកិច្ច​ការ​នយោ​បាយ​អន្ដរ​ជាតិ ក្នុង​ការ​ស្វែង​រក​ការ​យោគ​យល់​គ្នា​រវាង​ភាគី​ទាំង​អស់​តាមរយៈមធ្យោបាយសន្ដិភាព និង​ធ្វើឲ្យ​ប្រែ​ក្លាយទៅ​ជា​ឧបករណ៍​នៃការ​ប្រើ​កំលាំង​បង្ខិត​បង្ខំ​ អំពើប្រមាថ ការគំរាមកំហែង​ដោយ​ប្រដាប់​អាវុធ​ជាចំហ និង​សង្គ្រាម​ឈ្លាន​ពាន ដោយ​យក​មហិច្ឆតាខ្លួនធ្វើជាច្បាប់​ ដែល​ឆ្លុះឱ្យ​ឃើញ​ពី​ភាព​មិន​ស៊ីវិល័យ​នៅក្នុង​ទំនាក់​ទំនង​​រវាងប្រជាជាតិ​ឯករាជ្យ និង​អធិប​តេយ្យ​ទាំង​ពីរ។

ហេតុ​ផល​ទាំង​នេះ កំលាំងយោធាដ៏ទំនើប​ច្រើន​លើស​លប់​របស់ថៃ បើប្រៀប​ធៀប​ជាមួយ​កម្ពុជា ការ​ដាក់​ពង្រាយ​កម្លាំង​ទ័ពចំនួនជាង​២៣.០០០​នាក់ ដែល​ប្រដាប់​ដោយ​សព្វា​វុធ​ទំនើប​​នៅ​តាម​តំបន់​ព្រំដែន គឺជាមូលហេតុដែល​នាំ​​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាងខ្លាំង​ដែល​ទាម​ទារ​ឱ្យ ១-មាន​នគរ​បាល​​រក្សាសន្ដិភាពអាស៊ាន ដើម្បីធានា​ឱ្យ​មាន​ការ​គោរពបទឈប់បាញ់គ្នា និង​​មិន​មាន​អំពើ​ហិង្សា​កើតឡើង ២-មានអ្នក​ចូល​រួម​របស់​អាស៊ាន​នៅក្នុងកិច្ច​ចរចា​កំណត់​ព្រំ​ដែនគោក។ ក្នុង​ស្មារតីរស់នៅដោយសន្ដិភាព​ជា​មួយ​នឹង​ប្រទេស​ថៃ ដោយ​មិន​ធ្វើឱ្យ​ប៉ះ​ពាល់​ដល់​អធិប​តេយ្យ​ជាតិ និងបូរណភាពទឹកដី​ រាជ​រដ្ឋា​ភិបាល​កម្ពុជា ក្រោម​ការ​ដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្ដេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​ បានយល់ឃើញថា ត្រូវ​មាន​ការចូលរួមពីសំណាក់​ក្រុម​ប្រឹក្សា​សន្ដិ​សុខ​អង្គ​ការសហប្រជាជាតិ និងអាស៊ាន ​ចាប់​តាំង​ពី​ឆ្នាំ​២០០៨ មកម៉្លេះ។ គំនិត​ខាងលើនេះ បាន​​អូស​បន្លាយ​ពេលអស់ជាច្រើនឆ្នាំ ដែល​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពីការអត់ធ្មត់​របស់យើង ៕