ខេត្តស្វាយរៀង ៖ ក្រុមហ៊ុនដាំអំពៅស្ករនៅស្រុកស្វាយទាបកំពុងប្រឈមនឹងការខាតបង់យ៉ាងធ្ងន់ធ្ងរ ខណៈឆ្នាំនេះតម្លៃនៅលើទីផ្សារធ្លាក់ចុះយ៉ាងខ្លាំង ។ នេះបើតាមការអះអាងពីប្រធានក្រុមហ៊ុនដែលកំពុងវិនិយោគលើដំណាំកសិកម្ម និងកសិឧស្សាហកម្មលើផ្ទៃដីជាង២ពាន់ហិកតានៅតំបន់នោះ ។
ដំណាំអំពៅស្ករនេះត្រូវបាននាំចេញទៅឲ្យប្រទេសវៀតណាម ដើម្បីផលិតជាស្ករស ដោយបានចុះកុងត្រាជាមួយក្រុមហ៊ុនវៀតណាម ក្នុង១តោនតម្លៃ៥០ដុល្លារ ប៉ុន្ដែដោយសារតែស្ករសលើទីផ្សារអន្តរជាតិចុះថោក ធ្វើឲ្យវៀតណាមបញ្ចុះតម្លៃអំពៅស្ករដែរ ដោយទិញក្នុង១តោនតម្លៃតែ៣០ដុល្លារប៉ុណ្ណោះ ហើយបច្ចុប្បន្ន មិនត្រឹមតែអំពៅធ្លាក់ថ្លៃនិងគ្មានទីផ្សារទេ ថែមទាំងប្រជាពលរដ្ឋលែងគោក្របីឲ្យចូលស៊ីអស់ជាច្រើនទៀត ។
ប្រធានក្រុមហ៊ុនអុិសធើន រ៉ាយ៍ ហ្វៀល ឌីវេឡុបមេន ខូ អិលធីឌី លោក កុយ សារ៉េន បានឲ្យដឹងកាលពីព្រឹកថ្ងៃទី១៩ កញ្ញា កន្លងមកថា កាលពីឆ្នាំ២០១៦ ក្រុមហ៊ុនបានចុះក្រុងត្រាជាមួយក្រុមហ៊ុនសហប្រតិបត្តិការវៀតណាមTTC និងរោងចក្រផលិតស្ករសតៃនិញ វៀតណាម វិនិយោគលើដំណាំកសិកម្ម និងកសិឧស្សាហកម្មជាច្រើនប្រភេទនៅក្នុងភូមិសាស្ត្រស្រុកស្វាយទាប ។ លោកថា ៖« ដំណាំទាំងនោះរួមមាន ស្រូវ, ពោត, ល្ង, សណ្តែកខៀវ, ល្ពៅ និងឪឡឹក ។ ចំណែកដំណាំកសិឧស្សាហកម្ម រួមមាន ដំឡូងមី និងអំពៅស្ករជាដើម សរុបផ្ទៃដីវិនិយោគមានចំនួន២.៧១៤ហិកតា ដោយមានក្រុមហ៊ុនចំនួន៩ ជាដៃគូសហការអនុវត្តគម្រោងនេះ »។ លោកបន្ដថា ៖« ក្នុងចំណោមផ្ទៃដីវិនិយោគនេះ យើងបានដាំអំពៅស្ករច្រើនជាងគេ គឺមានរហូតដល់២.៥០១ហិកតា ដែលនឹងប្រមូលផលនៅខែវិច្ឆិកា និងខែធ្នូ ខាងមុខនេះ ប៉ុន្ដែគួរឲ្យសោកស្ដាយ មិនទាន់ទាំងដល់ពេលប្រមូលផលផង តម្លៃចាប់ផ្ដើមធ្លាក់ចុះ ហើយរងការបំផ្លិចបំផ្លាយពីសត្វពាហៈនៈរបស់អ្នកស្រុកទៀត »។ លោកបញ្ជាក់ថា ៖« កាលពីឆ្នាំ២០១៦-២០១៧ អំពៅស្ករក្នុង១ហិកតាទទួលបានទិន្នផល១០០តោន ដោយក្នុង១តោនតម្លៃ៥០ដុល្លារ តែនៅឆ្នាំនេះ តម្លៃធ្លាក់ចុះយ៉ាងខ្លាំង គឺក្នុង១តោននៅសល់ត្រឹមតែ៣០ដុល្លាប៉ុណ្ណោះ។ ដូច្នេះ បើគិតទាំងកម្លាំងពលកម្ម និងការចំណាយផ្សេងៗ ក្រុមហ៊ុនប្រឈមនឹងការខាតបង់ធ្ងន់ធ្ងរ »។ លោកបន្ថែមថា ៖« សព្វថ្ងៃនេះ មិនត្រឹមប្រឈមនឹងការខាតបង់ប៉ុណ្ណោះ ប្រជាពលរដ្ឋថែមទាំងបានយកគោក្របីទៅឃ្វាលក្បែរចម្ការ ហើយបណ្តោយឲ្យចូលស៊ីអំពៅថែមទៀត ។ ចំណែកអ្នកខ្លះទៀត ចូលទៅកាត់ស្លឹកអំពៅយកទៅឲ្យគោក្របីស៊ី បណ្តាលឲ្យខូចអំពៅទៀតផង » ។
លោកអភិបាលរងស្រុកស្វាយទាប បានឲ្យដឹងដែរថា អាជ្ញាធរបានដឹងពីព័ត៌មាននេះ ហើយបានសហការជាមួយមន្ត្រីមន្ទីរកសិកម្មខេត្តចុះទៅប្រជុំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលយកគោក្របីទៅឃ្វាលនៅជិតចម្ការអំពៅរបស់ក្រុមហ៊ុននោះជាច្រើនលើកច្រើនសា តែអ្វីដែលជាបញ្ហាប្រឈមនោះ ប្រជាពលរដ្ឋបណ្តោយឲ្យកូនតូចៗយកគោក្របីទៅឃ្វាល ហើយក្មេងៗខ្វះការប្រុងប្រយ័ត្ន ទើបចូលស៊ីអំពៅក្រុមហ៊ុនបែបនេះ ។
លោក កុយ សារ៉េន ក៏បានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច មេត្តាជួយការពារផលប្រយោជន៍របស់ក្រុមហ៊ុនផង ព្រោះថាកាលពីដើមឆ្នាំនេះ ចម្ការអំពៅរបស់ក្រុមហ៊ុន ក៏ត្រូវជនមិនស្គាល់មុខលួចដុតឆេះអស់ជាង៥០ហិកតាផងដែរ ៕
ចែករំលែកព័តមាននេះ