រាជធានីភ្នំពេញ ៖ ស្របពេលទីផ្សារកំពុងបើកទូលាយសម្រាប់បណ្ដាប្រទេសក្នុងតំបន់អាស៊ាន ការចរាចរទំនិញ ការប្រកួតប្រជែង និងគុណភាពនៃទំនិញ កំពុងចោទជាបញ្ហាមួយសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងនោះ វិស័យសហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជាក៏កំពុងប្រឈមនឹងបញ្ហាប្រកួតប្រជែងនឹងលំហូរទំនិញពីក្នុងតំបន់ផងដែរ ។
លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងថា បច្ចុប្បន្ននេះ សហគ្រាសធុនតូច និងធម្យមក្នុងប្រទេសកម្ពុជាមានរាប់សែនសហគ្រាស ហើយបើតាមធនាគារជាតិនៃកម្ពុជាថា SMEនៅក្នុងស្រុកមានជាង១៥២.០០០សហគ្រាស ក៏ប៉ុន្តែភាគច្រើននៃសហគ្រាសទាំងនោះ មិនទាន់ជាប់ឈ្មោះជាសហគ្រាសពេញសិទ្ធិនៅឡើយទេ មានន័យថា នៅក្រៅប្រព័ន្ធច្បាប់នៅឡើយ ដូចនេះ ដល់ដំណាក់កាលនេះ សហគ្រាសទាំងអស់ត្រូវតែពង្រឹងគុណភាព និងផលិតភាពរបស់ខ្លួន ត្រូវធ្វើអ្វីឲ្យទៅតាមច្បាប់ ។
លោកមានប្រសាសន៍ថា ៖« បើសិនជាសហគ្រាសទាំងនោះនៅតែមិនទាន់មានច្បាប់ទម្លាប់ត្រឹមត្រូវ ឬមិនទាន់ស្ថិតនៅក្រោមច្បាប់គ្រប់គ្រងរបស់ក្រសួងសាមីនោះ ការពង្រឹងគុណភាព និងហេដ្ឋារចនាសម្ព័ន្ធរបស់សហគ្រាសនោះ ក៏មិនដឹងថាចាប់ផ្ដើមពីត្រង់ណាមុនដែរ ព្រោះនៅលើពិភពលោកនេះ ការប្រកួតប្រជែងក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម កាន់តែខ្លាំង មិនអាចនៅតែដដែលបានទេ » ។ លោកបានលើកឡើងថា កាលពីជាង៣០ឆ្នាំមុន សហគ្រាសមួយអាចនឹងដំណើរការបានល្អ ហើយមានប្រាក់ចំណេញ មិនចាំបាច់ស្មុគស្មាញច្រើននោះទេ ឲ្យតែមានលុយ មានគំនិតក្នុងការគ្រប់គ្រង ដោយមិនបាច់មានបញ្ជីស្នាមត្រឹមត្រូវក៏បាន ព្រោះជំនាន់នោះ រាល់ទំនិញពីបរទេសចូលមកត្រូវបង់ពន្ធថ្លៃ ដូចនេះវាមិនអាចប្រកួតប្រជែងជាមួយផលិតផលក្នុងស្រុកបានទេ ក៏ប៉ុន្តែនៅពេលកម្ពុជាបានចូលក្នុងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន លែងមានរបាំងពន្ធគយទៀតហើយ ដូចនេះគេអាចនាំទំនិញចូលមកក្នុងប្រទេសដោយមិនបាច់បង់ពន្ធគយទៀតទេ ហើយកម្ពុជាក៏អាចនាំទំនិញទៅកាន់បណ្ដាប្រទេសក្នុងអាស៊ាន ដោយមិនបាច់បង់ពន្ធគយដែរ ។ លោកបន្ថែមថា ដើម្បីប្រកួតប្រជែងជាមួយបណ្ដាប្រទេសទាំងនោះ រាល់ផលិតផលរបស់ខ្លួន ត្រូវតែមានគុណភាព និងតម្លៃសមរម្យ ព្រោះបើកាលណាតម្លៃខ្ពស់ ពលរដ្ឋនឹងទិញទំនិញពីប្រទេសណាដែលមានតម្លៃទាប និងមានគុណភាពដូចគ្នា ។
លោកបញ្ជាក់ថា ដើម្បីឲ្យSMEរបស់កម្ពុជាអាចរស់បាន ត្រូវរៀនសូត្រពីបណ្ដាប្រទេសជឿនលឿននិងដើរមុន ដូចជារៀនពីប្រទេសកូរ៉េ ប្រទេសជប៉ុនជាដើម ។ មិនតែប៉ុណ្ណោះ យើងត្រូវចងក្រងពួកគាត់ជាបណ្ដុំ ជាក់ស្ដែងអ្នកផលិតចំណីអាហារត្រូវចងក្រងមួយក្រុម ហើយបើសិនជាពួកគាត់នៅម្នាក់ឯងពិបាកនឹងរកទីផ្សារ សម្រាប់ផ្គត់ផ្គង់ណាស់ ហើយមិនយូរមិនឆាប់អាចនឹងបិទក្រុមហ៊ុនចោលក៏មានដែរ ។
លោកថ្លែងថា ៖« បើវិស័យសហគ្រាសធុនតូច និងមធ្យម រីកចម្រើន មិនមែនបានផលតែចំពោះម្ចាស់សហគ្រាសទេ គឺវានឹងផ្ដល់ផលដល់ប្រទេសជាតិ ជាពិសេសដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ក្នុងនោះដូចជា ផ្ដល់ការងារកាន់តែច្រើន ផ្ដល់ប្រាក់ចំណូលដល់ពួកគាត់កាន់តែច្រើន ដោយមិនចាំបាច់ធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសជាដើម » ។
វិស័យសហគ្រាសធុនតូច និងមធ្យម (SME) និងសិប្បកម្ម បានទាក់ទាញលំហូរទុនវិនិយោគប្រមាណជាង៤.៧០០លានដុល្លារអាមេរិក និងនាំមកនូវផលរបរប្រចាំឆ្នាំប្រមាណជាង៩៣ពាន់លានដុល្លារអាមេរិក ។
យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងាររបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មរយៈពេល៥ឆ្នាំ (២០១៣-២០១៧) បានបង្ហាញថា សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មឆ្នាំ២០១៧ មានសរុបប្រមាណជាង១៥ម៉ឺនមូលដ្ឋាន ស្មើជាង២៩%នៃចំនួនសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មទាំងអស់ និងបានបង្កើតការងារសរុបចំនួនជាង១លានកន្លែង ព្រមទាំងប្រើប្រាស់ទុនសមមូលសរុបសម្រាប់វិនិ យោគ ប្រមាណជា៤.៧០០លានដុល្លារ និងនាំមកនូវផលរបរប្រចាំឆ្នាំប្រមាណជាង៩៣ ពាន់លានដុល្លារ ។
លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ឋសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានទទួលស្គាល់ថា វិស័យនេះពិតជាមានការរីកចម្រើនដោយសារការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ពិសេសការប្រកាសបើកនូវធនាគារថ្មីមួយ ដើម្បីជួយដល់វិស័យសហគ្រាសធុនតូច និងមធ្យម ។ លោកបន្តថា ទោះជាយ៉ាងណា វិស័យនេះក៏ប្រឈមនឹងបញ្ហាជាច្រើនផងដែរ ទាក់ទងនឹងការប្រកួតប្រជែងពីផលិតផលពីប្រទេសជិតខាង ដែលចូលមកសម្លាប់ផលិតផលក្នុងស្រុក ។ លោកបន្តថា ៖« ទោះយ៉ាងនេះក្ដី យើងលើកទឹកចិត្តឲ្យអ្នកផលិតក្នុងស្រុកបង្កើនផលិតភាព និងពង្រឹងគុណភាពផលិតផលរបស់ខ្លួន ដើម្បីបង្កើនការប្រកួតប្រជែង ខណៈប្រជាជនខ្មែរបាននិងកំពុងគាំទ្រផលិតផលក្នុងស្រុកកើនឡើង » ៕
ចែករំលែកព័តមាននេះ