ខេត្តក្រចេះ ៖ នគរបាលស្រុកចិត្របុរីនិយាយថា យុវជនម្នាក់ក្នុងចំណោមគី្នគ្នា៣នាក់បានធ្វើសកម្មភាពលួចយកហិបពុទ្ធបូជា ដែលគណៈកម្មការវត្តរៀបចំដាក់ទុកនៅមុខដងទង់លើកំពូលភ្នំសំបុក តែការធ្វើសកម្មភាពលួចនោះមិនបានសម្រេច ដោយត្រូវភិក្ខុសង្ឃឃើញទាន់ ក៏ប្តឹងនគរបាលចាប់ខ្លួនបានភ្លាមៗ ។
ជនសង្ស័យដៃឆៅវ័យក្មេងរូបនេះឈ្មោះ ថាន ទុច ហៅចាប អាយុ១៩ឆ្នាំ រស់នៅក្នុងឃុំថ្មគ្រែ ស្រុកចិត្របុរី ក្បែររមណីយដ្ឋានភ្នំសំបុក ។
នាយផ្នែកនគរបាលព្រហ្មទណ្ឌស្រុកចិត្របុរីលោក ហេង ប៊ុនធឿន បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែកញ្ញា ជនម្នាក់នេះជិះម៉ូតូមួយគ្រឿងឡើងទៅលើកំពូលភ្នំ ។ ពេលទៅដល់រូបគេបានបបួលក្មេងឃ្វាលគោពីរនាក់ទៀត ឲ្យទៅលួចយកហិបពុទ្ធបូជាដែលដាក់នៅពីមុខដងទង់លើកំពូលភ្នំដោយសារតែដឹងថាមានប្រាក់បច្ច័យនៅក្នុងនោះ ។
នៅពេលលួចបានហើយ ជនសង្ស័យបានយកហិបនោះ មកគាស់សោដើម្បីយកលុយបច្ច័យ តែក៏ត្រូវបានភិក្ខុសង្ឃច្រើនអង្គនិមន្តមកឃើញទាន់ និងស្រែកឆោឡោឡើង ។ ពេលនោះជនសង្ស័យនិងបក្សពួកបានរត់គេចខ្លួនចុះមកជើងភ្នំ ខណៈដែលការធ្វើសកម្មភាពគាស់ទម្លុះហិបយកលុយរបស់ពួកគេមិនទាន់បានសម្រេចនៅឡើយ ។
លោកនាយផ្នែកព្រហ្មទណ្ឌបានឲ្យដឹងទៀតថា ក្រោយពីមានបណ្តឹងរាយការណ៍មកនគរបាលពីសំណាក់គណៈកម្មការវត្ត កម្លាំងនគរបាលក៏ឡោមព័ទ្ធចាប់ជនសង្ស័យនេះបាននៅនឹងផ្ទះរបស់គេស្ថិតនៅក្បែរភ្នំ និងឆែកឆេររកឃើញមានដាវសាមូរ៉ៃយ៉ាងមុតចំនួន២ដើមទៀតផង ៕
ចែករំលែកព័តមាននេះ