ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CDC អនុម័ត​លើ​គម្រោង​វិនិយោគ​សណ្ឋាគារ​មាន​ទឹកប្រាក់​ជាង​270​លាន​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​បានឱ្យ​ដឹង​ថា តាម​ទិន្នន័យ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ហៅ​ថា CDC បាន​អនុម័ត​លើ​គម្រោង​វិនិយោគ​សាងសង់​សណ្ឋាគារ​មាន​ទឹកប្រាក់​ជាង​២៧០​លាន​ដុល្លារ​ក្នុង​រយៈពេល​៨​ខែ​ដើមឆ្នាំ​នេះ ខណៈ​ដែល​កម្ពុជា​កំពុង​ត្រូវការ​ដៃគូ​វិនិយោគ​ទៅ​លើ​ផលិតផល​ទេសចរណ៍​បន្ថែម ។ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​បណ្ឌិត…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​បានឱ្យ​ដឹង​ថា តាម​ទិន្នន័យ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ហៅ​ថា CDC បាន​អនុម័ត​លើ​គម្រោង​វិនិយោគ​សាងសង់​សណ្ឋាគារ​មាន​ទឹកប្រាក់​ជាង​២៧០​លាន​ដុល្លារ​ក្នុង​រយៈពេល​៨​ខែ​ដើមឆ្នាំ​នេះ ខណៈ​ដែល​កម្ពុជា​កំពុង​ត្រូវការ​ដៃគូ​វិនិយោគ​ទៅ​លើ​ផលិតផល​ទេសចរណ៍​បន្ថែម ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​បណ្ឌិត ថោ​ង ខុន បាន​មាន​ប្រសាសន៍​ក្នុង​វេទិកា​លើក​ទី​១ ស្តី​ពី​ការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​កម្ពុជា​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា តាម​ទិន្នន័យ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)​ក្នុង​រយៈពេល​៨​ខែ​ដើមឆ្នាំ​នេះ CDC​បាន​អនុម័ត​លើ​គម្រោង​វិនិយោគ​សាងសង់​សណ្ឋាគារ​ចំនួន​៥ ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង​២៧០​លាន​ដុល្លារ ។ លោក​បញ្ជាក់​ថា ៖« យោង​តាម​ទិន្នន័យ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ការ​វិនិយោគ​តាំងពី​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​២០១៧ មាន​២.៥៤១ គម្រោង ជាមួយ​ទុន​វិនិយោគ​សរុប​ប្រមាណ​៥៨​ពាន់​លាន​ដុល្លារ ក្នុង​ចំណោម​គម្រោង​ទាំងនោះ មាន​វិស័យ​ទេសចរណ៍ និង​ផ្នែក​ពាក់ព័ន្ធ​ចំនួន​១៨៥​គម្រោង​ដែល​មាន​ទុន​វិនិយោគ​ចំនួន​ប្រមាណ​២៣​ពាន់​លាន​ដុល្លារ »​។

បើ​តាម​លោក​រដ្ឋមន្ត្រី ដើម្បី​ឱ្យ​កម្ពុជា​សម្រេច​បាន​នូវ​យុទ្ធសាស្ត្រ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​នា​ពេល​អនាគត កម្ពុជា​ក៏​ត្រូវការ​ការ​វិនិយោគ​និង​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​បន្ថែម​ទៀត​ទៅ​លើ​អ្វី​ដែល​កំពុង​តែ​សព្វថ្ងៃ ។ លោក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ៖« ក្នុង​យុទ្ធសាស្ត្រ​ទាក់ទាញ និង​ត្រៀម​ទទួល​ទេសចរ​អន្តរជាតិ​ចំនួន​១៥​លាន​នាក់ និង​ទេសចរ​ជាតិ​១៥​លាន​នាក់​ក្នុង​ឆ្នាំ​២០៣០ ព្រម​ជាមួយនឹង​ផែនការ​ពង្រឹង​ការ​គ្រប់គ្រង និង​អភិវឌ្ឍន៍ គោលដៅ​ទេសចរណ៍​ដែល​មាន​ស្រាប់ យើងខ្ញុំ​ក៏​ត្រូវការ​ឱ្យ​មានការ​វិនិយោគ​លើ​ការ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​បន្ថែម​ទៀត​ដូច​ជា ទីក្រុង​ទេសចរណ៍​ស្អាត និង​បៃតង​ថ្មី​ទំនើប​, តំបន់​ទេសចរណ៍​ទាក់ទាញ នៅ​តំបន់ឆ្នេរ ឬ​កោះ​, មជ្ឈមណ្ឌល​វិស្សមកាល និង​កីឡា​ទេសចរណ៍​, រមណីយដ្ឋាន​, តំបន់​ទេសចរណ៍​ផ្ទះ​ទី​២ និង​ទេសចរ​វ័យ​ចំណាស់​, សួន​កម្សាន្ដ​របស់​កុមារ​នៅ​តំបន់​ទេសចរណ៍​, ទេសចរណ៍​សព្វ​ព្រៃ​, ហាង​លក់ទំនិញ​ទំនើប​ៗ នៅ​ភោជនីយដ្ឋាន​លំដាប់​ខ្ពស់​, សណ្ឋាគារ​ប្រណីត​ៗ​លំដាប់​ផ្កាយ​៤ ផ្កាយ​៥ ប្រមាណ​១០​ម៉ឺន​បន្ទប់ ក្នុង​នោះ​បន្ទប់​ផ្កាយ​៤​និង​ផ្កាយ​៥​មាន​ប្រមាណ​៦០% ខណៈ​បច្ចុប្បន្ន​យើង​មាន​បន្ទប់​សណ្ឋាគារ​ប្រមាណ​៤,៥​ម៉ឺន​បន្ទប់ ក្នុង​នោះ​បន្ទប់​សណ្ឋាគារ​ផ្កាយ​៤​និង​ផ្កាយ​៥​មាន​តែ​២,៥​ម៉ឺន​បន្ទប់​ប៉ុណ្ណោះ ។

លោក​លើក​ឡើង​ថា ដើម្បី​គាំទ្រ និង​ជួយ​សម្រួល​ដល់​ការ​វិនិយោគ​របស់​វិស័យ​ឯកជន​រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​បរិយាកាស​វិនិយោគ​ងាយស្រួល​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សម្រាប់​ធ្វើ​ជា​ច្រក​ចេញចូល​តែ​មួយ​ក្នុង​ការងារ​វិនិយោគ​ធំ​ៗ​ទាំងអស់ ហើយ​ក្រសួង​សាមី​ដើរតួ​នាទី​គាំទ្រ​លើ​ផ្នែក​បច្ចេកទេស​តាម​គម្រោង​នីមួយ​ៗ ។ បន្ថែម​លើ​យន្តការ​ច្រក​ចេញចូល​តែ​រាជរដ្ឋាភិបាល​បាន​បង្កើត​ជា​គោលនយោបាយ​មួយ​ដោយ​ប្រើ​យន្តការ​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន (public private partner-ppp) ដើម្បី​ជំរុញ​ការ​វិនិយោគ​រវាង​រដ្ឋ​និង​ឯកជន ។

លោក​គូសបញ្ជាក់​ថា ៖« តាម​រយៈ​យន្តការ ppp នេះ រដ្ឋ​អាច​ផ្តល់​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ដូច​ជា​កោះ​, បឹង​ធម្មជាតិ​, សមុទ្រ​ឧទ្យាន​ជាតិ ឬ​សម្បត្តិ​ទាំងឡាយ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ដល់​ដៃគូ​វិនិយោគ​ដើម្បី​ធ្វើការ​វ​និ​យោគ ។​ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ការ​វិនិយោគ​ត្រូវ​បែងចែក​ជាមួយ​រដ្ឋ​តាម​កិច្ចសន្យា​ដែល​បាន​ព្រមព្រៀង​គ្នា »​។ ក្រៅពី​យន្តការ​ខាងលើ តាម​លោក​រដ្ឋមន្ត្រី ក្រសួងទេសចរណ៍​បាន​បង្កើត​នាយកដ្ឋាន​វិនិយោគ​ទេសចរណ៍​ក្នុង​គោលបំណង​ជួយ​សម្របសម្រួល សហការ​គាំទ្រ និង​ត្រួតពិនិត្យ​ដំណើរការ​អនុវត្ត​លើ​គម្រោង​វិនិយោគឯកជន​គ្រប់គ្រង និង​អនុវត្ត​គម្រោង​វិនិយោគសាធារណៈ និង​គម្រោង​វិនិយោគ​តាម​យន្តការ​ភាព​ជា​ដៃគូ​រវាង​រដ្ឋ​និង​ឯកជន​សំដៅ​ធានា​ដល់​ការ​វិនិយោគ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព និង​ការ​ទទួលខុសត្រូវ ទាំង​លើ​ទិដ្ឋភាព​សង្គម សេដ្ឋកិច្ច និង​បរិស្ថាន ដោយ​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ចុង​ក្រោយ និង​ន​វា​នុ​វ​ត្ត៍​ស្រប​ទៅ​នឹង​និន្នាការ​សកល​នៃ​ទីក្រុង​ទេសចរណ៍​វ័យឆ្លាត​, ទេសចរណ៍​វ័យឆ្លាត គោលដៅ​ទេសចរណ៍​វ័យឆ្លាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ