ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មតិ​មិន​ស្របគ្នា​ចំពោះ​ចំណាត់ការក្រសួង​វប្បធម៌​លើ​អ្នកសិល្បៈ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​បម្រាម និង​ការ​ព្រមាន​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ចំពោះ​អ្នកសិល្បៈ​៥​ដួង​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ជា​ទូទៅ និង​មាន​ទស្សនៈ ផ្សេង​ៗ​គ្នា ។ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ចេញ​លិខិត​បម្រាម…

រាជធានី​ភ្នំពេញ ​៖ ​បម្រាម និង​ការ​ព្រមាន​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ចំពោះ​អ្នកសិល្បៈ​៥​ដួង​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ជា​ទូទៅ និង​មាន​ទស្សនៈ ផ្សេង​ៗ​គ្នា ។ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ចេញ​លិខិត​បម្រាម និង​ព្រមាន​ដល់​តារា​៥​ដួង គឺ​លោក​អ៊ែន ឌី អ្នក​នាង​ស្រី​ម៉ុ​ច កញ្ញា​ពេជ្រ អា​វី​ហ្សា កញ្ញា​រតនៈ ពិសី និង​កញ្ញា​សេង សូ​ណា ។

ក្នុង​ចំណោម​តារា​ទាំង​៥​ដួង​នោះ​មាន​តែ សេង សូ​ណា មួយ​គត់​ដែល​រង​ការ​ពិន័យ​ធ្ងន់​ជាងគេ គឺ​ត្រូវ​ក្រសួង​វប្បធម៌​ហាមឃាត់​មិន​ឲ្យ​បន្ត​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​រយៈពេល​មួយ​ឆ្នាំ ខណៈ​ពេល​ដែល​តារា​ផ្សេង​ទៀត​ត្រឹមតែ​ព្រមាន​ប៉ុណ្ណោះ ។

ការ​ចេញ​បម្រាម និង​ព្រមាន​ពី​ក្រសួង​វប្បធម៌​នេះ​នាំ​ឲ្យ​មាន​ទស្សនៈ​ផ្សេង​គ្នា​បាន​លើក​ឡើង​ទាំង​អ្នកធ្វើការ​ក្នុង​វិស័យ​សិល្បៈ និង​អ្នកសិល្បៈ ជា​ពិសេស​ភាគី​ដែល​ជា​សាមីខ្លួន​។ អ្នកដឹកនាំ​រឿង​លោក​មុត ថា​រី បាន​លើក​ឡើង​ថា បម្រាម​របស់​ក្រសួង​នា​ពេល​នេះ​គឺ​ចេញ​ឡើង ដោយ​មាន​តារា​មួយ​ចំនួន​គឺ​មិន​បាន​ប្រឡូក​ក្នុង​សិល្បៈ​ទៀត​ទេ ហើយ​តារា​ខ្លះ​ទៀត​គឺ​កំពុង​តែ​ប្រឡូក​ក្នុង​សិល្បៈ​។

លោក​បញ្ជាក់​ថា «​ការ​បញ្ចេញ​នូវ​ភាព​សិច​ស៊ី​របស់​ពួក​គេ​នោះ​គឺ​តាម​រយៈ​អ្វី ហើយ​ពួក​គាត់​បង្ហាញ​តាម​រយៈ​ការ​សម្តែង នោះ​គឺជា​រឿង​សោកស្តាយ ។ ប្រ​សិន​ករណី​រឿង​ដែល​គាត់​កំពុង​សម្តែង ហើយ​រឿង​មិន​ទាន់​បាន​ចាក់​ផ្សាយ​ហើយ​បម្រាម​បាន​ចេញ​ហាម​ចំពោះ​រូប​គាត់ នោះ​វា​មាន​បញ្ហា​សម្រាប់​អ្នក​ដែល​ធ្វើការ​នៅ​ក្នុង​វិស័យ​ភាពយន្ត ។

ការ​ចេញ​បម្រាម​ពី​ក្រសួង​វប្បធម៌​នេះ​ក៏​ជា​ការ​ល្អ​មួយ​ដែរ ព្រោះ​ជា​ការ​ដាស់តឿន​ទៅ​ដល់​សិល្បករ​ដ​ទៅ​ទៀត​កុំ​ប្រព្រឹត្ត​ដូច​គ្នា​នោះ ប៉ុន្តែ​យើង​ក៏​គួរ​ឈ្វេងយល់​ពី​ការ​បញ្ចេញ​នូវ​ភាព​សិច​ស៊ី​របស់​ពួក​គេ​តាម​រយៈ​អ្វី ។ ប្រសិនបើ​ពួក​គេ​បង្ហាញ​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​នោះ​ដូច​ជា​មិន​ខុស​ទេ ព្រោះ​វា​ជា​សិ​ទិ្ធ​របស់​គេ កុំ​ឲ្យ​តែ​គាត់​បង្ហាញ​ក្នុង​ខ្សែភាពយន្ត​ដែល​គាត់​បាន​សម្តែង ឬ​ក៏​គាត់​ឡើង​ឆាក​ស្លៀកពាក់​សិច​ស៊ី​នោះ​ជា​រឿង​មួយ​ផ្សេង ។

ការ​បង្ហាញ​នូវ​ភាព​សិច​ស៊ី​នៅ​ក្នុង​ការ​សម្តែង​នោះ​វា​ពិតជា​ធ្វើ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​វិស័យ​សិល្បៈ ហើយ​ប្រសិនបើ​មាន​សកម្មភាព​សម្តែង​បែប​សិច​ស៊ី​នៅ​ក្នុង​រឿង​នោះ​ក្រសួង​គួរ​ព្រមាន​ទៅ​លើ​ផលិតករ ប៉ុន្តែ​បើ​គាត់​ឡើង​ឆាក​មាន​បំណង​បញ្ចេញ​នូវ​ភាព​សិច​ស៊ី​គឺជា​រឿង​ត្រូវ​ព្រមាន​គាត់ ឬ​ក៏​អ្នកដឹកនាំ​កម្មវិធី ព្រោះ​យើង​អាច​ហាមឃាត់​បាន​បើសិនជា​មើលឃើញ​ពី​ភាព​មិន​ត្រឹមត្រូវ​ណាមួយ​នោះ »​។

តារាចម្រៀង និង​ជា​អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក​សុះ ម៉ាច បាន​លើក​ឡើង​ថា បម្រាម​នេះ​គឺជា​ការ​ត្រឹមត្រូវ​ព្រោះ​ក្រសួង​បាន​គិតគូរ​ពី​ផល​ប៉ះពាល់​នានា​ដែល​បាន​ជះ​ឥទ្ធិពល​មក​លើ​តម្លៃ​នៃ​សិល្បៈ វប្បធម៌​ខ្មែរ​យើង​។ លោក​បញ្ជាក់​ថា «​អ្នកសិល្បៈ​គឺជា​បុគ្គល​សាធារណៈ ដូចនេះ​នៅ​ពេល​ដែល​សម្តែង​ចេញ​ទៅ​គឺ​ត្រូវធ្វើ​ជា​គំរូ​ល្អ​សម្រាប់​ជា​ប្រយោជន៍ និង​ការ​អប់រំ​ដល់​អ្នក​ទស្សនា ។

ករណី​នា​ពេល​នេះ​ហាក់​មាន​ភាព​ចម្លែក​បន្តិច​ដោយសារ​តែ​ក្រសួង​មិន​បាន​កោះហៅ​តារា​ទាំងនោះ​ឲ្យ​ចូលខ្លួន​ណែនាំ ដូច​ជា​ករណី​របស់​នាង​ដេ​ន​នី ក្វា​ន់ នា​ពេល​កន្លង​ទៅ​។ ក្នុង​ករណី​នេះ​ខ្ញុំ​យល់​ថា គឺជា​កំហុស​មួយ ក្នុង​នាម​ជា​ក្រសួង​អាណាព្យាបាល ប្រសិនបើ​ឃើញ​កូន​ខុស​គួរ​ហៅ​កូន​មក​ណែនាំ ហើយ​ប្រសិនបើ​យើង​បាន​ណែនាំ​ហើយ កូន​នៅ​តែ​មិន​ស្តាប់​ទៀត​នោះ យើង​ពិន័យ​ទៅ​វា​មិន​ខុស​ទេ ។

បើ​មិន​ទាន់​ណែនាំ​គ្នា​ផង ហើយ​ដាក់​ពិន័យ​នោះ គឺ​គ្នា​មិន​អាច​ទទួលយក​បាន​ឡើយ ព្រោះ​មនុស្ស​ណា​ដែល​មិន​ចេះ​ខុស ហើយ​បើ​ឃើញ​ខុស​ហើយ​មិន​ណែនាំ​ទៀត នោះ​ជា​រឿង​មួយ​ផ្សេង »​។

បើ​តាម​លោក​សុះ ម៉ាច ក្នុង​ករណី​នេះ​ក្រសួង​គួរ​ហៅ​តារា​ដែល​ធ្លាប់​បង្ហាញ​ភាព​សិច​ស៊ី​ទាំងអស់​ទៅ​ណែនាំ ដើម្បី​ឲ្យ​មាន​ភាព​យុត្តិធម៌ ចៀសវាង​នូវ​ការ​រិះគន់ និង​ការ​មិន​អាច​ទទួលយក​បាន​ពី​សាមីខ្លួន ។

ជា​សំណូមពរ​របស់​លោក​សុះ ម៉ាច គឺ​សុំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​មុន​នឹង​ឈាន​ដល់​ការ​ពិន័យ​ចំពោះ​តារា​ណា​ម្នាក់​ដែល​បាន​ប្រព្រឹត្ត​ខុសឆ្គង​នោះ​គួរតែ​មានការ​ស៊ើបអង្កេត​ឲ្យ​បាន​ជាក់លាក់​ជា​មុន ព្រោះ​ពេល​ខ្លះ​រូបភាព និង​សកម្មភាព​ទាំងនោះ​វា​បាន​កើត​ឡើងជា​យូរ​ឆ្នាំ​មក​ហើយ ហើយ​មក​ដាក់ទោស​នា​ពេល​នេះ​គឺ​មិន​ត្រឹមត្រូវ​ឡើយ ។

ក្នុង​នាម​ជា​អ្នកសិល្បៈ​ម្នាក់​ដែរ​លោក​សុះ ម៉ាច ស្នើ​ឲ្យ​អ្នកសិល្បៈ​គ្រប់​រូប​គួរ​ធ្វើ​យ៉ាងណា​នាំ​គ្នា​លើក​ស្ទួយ​វិស័យ​សិល្បៈ​ឲ្យ​បាន​រុងរឿង មិន​ត្រូវធ្វើ​អ្វី​ដែល​នាំ​ឲ្យ​ប៉ះពាល់ និង​អាប់ឱន​ដល់​សិល្បៈ​ខ្មែរ​ដ៏​ថ្លៃថ្លា​នោះ​ទេ ។

ចំពោះ​មហាជន​វិញ អ្នកខ្លះ​គាំទ្រ​ចំណាត់ការ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដោយ​ថា​ធ្វើ​បែប​នេះ​ដើម្បី​កុំ​ឲ្យ​អ្នកសិល្បៈ​ធ្វើ​ឲ្យ​ខូច​តម្លៃ​ប្រពៃណី វប្បធម៌​ជាតិ ។

ចំណែក​អ្នកខ្លះ​ទៀត​ថា​ជា​ការ​ចង្អៀតចង្អល់​ចំពោះ​អ្នកសិល្បៈ​គ្រាន់តែ​ការ​ស្លៀកពាក់​សិច​ស៊ី ដែល​សម័យកាល​នេះ​វា​ស្ទើរតែ​ជា​រឿង​ធម្មតា​ទៅ​ហើយ ។ ដោយឡែក​អ្នកខ្លះ​ទៀត​ថា​ក្រសួង​ត្រឹមតែ​ហៅ​ពួក​គេ​ទៅ​ណែនាំ​បាន​ហើយ មិន​គួរ​បង្អាក់​អាជីព​ពួក​គេ​ទេ ព្រោះ​ពួក​គេ​បាន​ប្រាក់​ចិញ្ចឹមជីវិត​ដោយ​អាជីព​នេះ បើ​បង្អាក់​អាជីព​តើ​រស់​ដូច​ម្តេចទៅ ។

តារា​សម្តែង​កញ្ញា​ពេជ្រ អា​វី​ហ្សា ដែល​ជាតា​រា​ម្នាក់​ក្នុង​ចំណោម​តារា​៤​ដួង​ដែល​ត្រូវ​ទទួល​​រង​ការ​ពិន័យ​នោះ​ធ្លាប់​បាន​អះអាង​ថា ចាប់តាំងពី​នាង​បានឃើញ​ព័ត៌មាន​ពាក់ព័ន្ធ​នូវ​​បញ្ហា​នេះ​នាង​ក៏​បាន​បញ្ឈប់​ភាព​សិច​ស៊ី​របស់​នាង​ទៀត​ដែរ​។ បច្ចុប្បន្ន​រូប​នាង​មិនសូវ​បាន​ចូលរួម​នៅ​ក្នុង​កម្មវិធី​សិល្បៈ ក៏​ដូ​ជា​ការ​សម្តែង ផ្សេង​ៗ​ទៀត​ទេ ដោយសារ​តែ​នាង​ជាប់រវល់​រកស៊ី ហើយ​បន្ទាប់​ពី​នាង​បាន​ថត​បទ​ជាមួយ​លោក​អ៊ែន ឌី នោះ​មក​នាង​ក៏​មិន​បាន​បញ្ចេញ​ភាព​សិច​ស៊ី​អ្វី​ទៀត​ដែរ​។

តារា​សម្តែង​លោក​អ៊ែន ឌី ធ្លាប់​បាន​អះអាង​ដែរ​ថា បើ​ទោះបីជា​មានការ​ព្រមាន​ពី​ក្រសួង​លោក​នឹង​នៅ​តែ​បន្ត​ថត​ដូច​មុន​ទៀត នៅ​ពេល​ដែល​មាន​បទ​ថ្មី តែ​ក៏​មិន​ធ្វើ​ឱ្យ​ហួសហេតុ ប៉ះពាល់​ដល់​ប្រពៃណី​ខ្មែរ​ឡើយ គឺ​សម្តែង​ក្នុង​លក្ខណៈ​ជា​សិល្បៈ​នៃ​ការ​ថត MV ប៉ុណ្ណោះ ។

អ​តី​តារា​សម្តែង​អ្នក​នាង​ស្រី​ម៉ុ​ច ធ្លាប់​បាន​អះអាង​ចំពោះ​ក្រសួង​វប្បធម៌​ដែល​គ្រោង​កោះ​ហៅ​នាង​ព្រមាន​ថា ជា​ការ​មិន​សម​ហេតុផល ហើយ​វា​ប៉ះពាល់​ដល់​សិទ្ធ​បុគ្គល​នាង​យ៉ាង​ខ្លាំង ។ នាង​បញ្ជាក់​ថា​«​ខ្ញុំ​មិនមែន​ជាតា​រា​ទេ សូម​ជួយ​ធ្វើ​អ្វី​ម្យ៉ាង​ឲ្យ​ពួក​យើង​បាន​ស្ងប់​ផង ថា​ពួក​យើង​ច្រួល​ច្របល់​យ៉ាងណា​អំពី​រឿង​នេះ ។ រឿង​វិ​ស​យ័​សិល្បៈ​គេ​វិញ​មិនបាច់​និយាយ ឯង​វិញ នេះ​ក៏​មិន​បាន នោះ​ក៏​មិន​បាន ហត់​ចិត្ត ! គេ​វិញ​បើ​ថា​សិច​ស៊ី​សឹង​ថា​ស្រាត មើល​រឿងកុន​ពួក​គេ​មើល »​។

ចំណែក​នាង​រតនៈ ពិសី បាន​បង្ហោះ​សារ​ដោយ​ខ្លី​តាម​ហ្វេ​ស​ប៊ុ​កថា «​ហួសចិត្ដ​ខ្លាំង …! ចង់​វិល​ទៅ​កើត​នៅ​សម័យ​លង្វែក​វិញ ពាក់អាវ​អត់​ដៃ​អត់​ខ្សែ​បាន​គ្រប់​គ្នា » ។

ចំពោះ​កញ្ញា​សេង សូ​ណា ដែល​រង​ការ​ពិន័យ​ធ្ងន់​ជាងគេ​វិញ​បាន​កើតទុក្ខ​មិន​សុខចិត្ត និង​បាន​ស្នើ​ឲ្យ​ក្រសួង​វប្បធម៌​សើរើ​ឡើង​វិញ​ចំពោះ​តារា​ណា​ដែល​ធ្លាប់​ថត​សិច​ស៊ី ហើយ​ហៅ​ទៅ​ណែនាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ