ខេត្តស្ទឹងត្រែង ៖ តាមបណ្តោយផ្លូវជាតិលេខ៩ចម្ងាយប្រមាណជិត៦០គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែងទៅភូមិកំពង់ស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ បើសម្លឹងទៅខាងស្តាំដៃគេនឹងឃើញភ្នំមួយខ្ពស់ នោះគឺជាភ្នំនាគខៀវដែលមហាជនមានជំនឿថាមានបារមីពូកែសក្តិសិទ្ធិ ។
ស្ត្រីឈ្មោះសំ ផន អ្នកភូមិកំពង់ស្រឡៅ កាលពីពេល ថ្មីៗកន្លងមកនិយាយថា ភ្នំថ្មដ៏ធំស្កឹមស្កៃនេះជាសម្បត្តិធម្មជាតិនៅសល់ពីជំនាន់ដើមមកមានអាយុកាលមិនអាចប៉ាន់ស្មានបានឡើយ ។ វត្ថុ សំខាន់ៗនៅលើកំពូលភ្នំ និងនៅចង្កេះភ្នំនេះមានល្អាងថ្ម ធំៗជ្រៅជាច្រើនកន្លែងទិដ្ឋភាពនៅក្នុងនោះមើលទៅហាក់ដូច មានមនុស្សសម័យដើមរៀបចំទុកដាក់ដូចកន្លែងស្នាក់នៅក្នុងរូងភ្នំ ព្រមទាំងមានទឹកជ្រាបស្រក់ចេញពីថ្មធ្លាក់មកជាតំណក់ទឹកថ្លាយង់ នៅក្នុងល្អាងភ្នំនេះ ។
ស្ត្រីម្នាក់ទៀតឈ្មោះភោគ សក្តិ រស់នៅ ភូមិអូរត្រែល ឃុំថាឡាឡាបរិវ៉ាត់ បានលើកឡើងថា «ប្រជាពលរដ្ឋខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែងតែងនាំគ្នាទៅសុំទឹកដែលស្រក់ពីលើកំពូលភ្នំនេះយកទៅលុបលាងមុខ ប្រោះព្រំផ្ទះសម្បែង ដោយជឿថា ទឹកនេះជាទឹកមន្តរបស់អ្នកសច្ចំមានបារមីខ្លាំងពូកែ អាចជួយមនុស្សរំដោះគ្រោះឧបទ្រពចង្រៃបាន។ ការធ្វើបែបនេះឃើញថាបងប្អូនប្រជាពលរដ្ឋខ្លះទទួលបានសេចក្តី សុខចម្រើនពិតមែន ហើយក៏និយមធ្វើតាមគ្នីគ្នា តៗរហូតមក »។
លោកលីម សៀងលី មេភូមិកំពង់ស្រឡៅឲ្យដឹងថានៅតំបន់នេះអាជ្ញាធរ ព្រះសង្ឃប្រជាពលរដ្ឋតែងតែនិយមធ្វើបុណ្យជារៀងរាល់ឆ្នាំ ជាពិសេសជនជាតិដើមភាគតិចកួយដែលគាត់មានជំនឿថាជាកន្លែងមនុស្សជំនាន់ដើមរស់នៅ ព្រោះ អ្វីៗនៅក្នុងល្អាងថ្មមានស្លាកស្នាមបញ្ជាក់ពីភាពសក្តិសិទ្ធិ ហើយបច្ចុប្បន្នបានរលាយទៅជាថ្មដូចជា រូបដំរីកណ្តឹងសាមព័ន្ធ ដំរីសភ្លុកខៀវជាដើម ក្នុងជំនឿប្រពៃណីព្រះពុទ្ធសាសនា ។
លោកលីម សៀងលី ថ្លែងថា តំបន់នេះបច្ចុប្បន្នអាជ្ញាធរ និងព្រះសង្ឃ ពុទ្ធបរិស័ទបានឯកភាពគ្នារៀបចំបង្កើតជាមជ្ឈមណ្ឌលវិបស្សនាធុរៈ សម្រាប់រក្សាទុកក្នុងផ្នែកព្រះពុទ្ធសាសនា និងបម្រើឲ្យវិស័យទេសចរណ៍ធម្មជាតិ ៕
ចែករំលែកព័តមាននេះ