ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ក្រុង​បាន​លុង តម្រូវ​ឲ្យ​ក្រុមហ៊ុន​អនាម័យ​ដំណើរការ​ប្រមូល​សំរាម​ឡើង​វិញ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ រដ្ឋបាល​សាលាខេត្ត បាន​ចេញ​លិខិត​លេខ​២៨១/១៨ ស​.​ណ​.​ន ជូន​លោក ជា គួ​ង ប្រធាន​ក្រុមហ៊ុន គី​ម…

ខេត្តរតនគិរី ៖ រដ្ឋបាល​សាលាខេត្ត បាន​ចេញ​លិខិត​លេខ​២៨១/១៨ ស​.​ណ​.​ន ជូន​លោក ជា គួ​ង ប្រធាន​ក្រុមហ៊ុន គី​ម ជ្រា អនាម័យ​ក្រុង​បាន​លុង ស្ដី​ពី​ការ​ចាត់វិធានការ​ប្រមូល​សំរាម​ក្នុង​ក្រុង​បាន​លុង និង​បញ្ហា​សំរាម​ចាក់​ខុស​ទីតាំង បណ្ដាល​មក​ពី​បញ្ហា​ទំនាស់​គ្នា​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ផ្សារ​កន្លង​មក​។ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ នៅ​ភូមិ​៣ សង្កាត់​កាចា​ញ ក្រុង​បាន​លុង បាន​លើកគ្នា ទៅ​សាលាដំបូង​ខេត្ត និង​សាលាខេត្ត​សុំ​ការ​អន្តរាគមន៍​។

នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ រថយន្ត​ដឹក សំរាម​របស់​ក្រុមហ៊ុន​អនាម័យ​ក្រុង គី​ម ជ្រា បាន​ចាប់​ដំណើរការ​ប្រមូល​ដឹក​សំរាម ក្នុង​ក្រុង​បាន​លុង ឡើង​វិញ​ហើយ បន្ទាប់​ពី​ខកខាន​ការ​ប្រមូល​ដឹក​ជញ្ជូន​សំរាម អស់​រយៈពេល​ជិត​១០​ថ្ងៃ​កន្លង​មកនេះ ធ្វើ​អោយ​កកស្ទះ​សំរាម​គំនរ​ដូច​ភ្នំ​ទាំង​ក្នុង​ផ្សារ និង​ក្រៅ​ផ្សារ​។ ដោយសារ​ទំនាស់​ជាមួយ​ក្រុមហ៊ុន ហេង ដា​រ៉ា វិនិយោគ​ផ្សារ​ក្រុង​បា​លុង ដែល​ជា​ទំនាស់​ដ៏​រ៉ាំរ៉ៃ​ដោះស្រាយ​មិន​ចេញ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ពាក់ព័ន្ធ​ករ​ណ​ខាងលើ​លោក ជា គួ​ង ប្រធាន​ក្រុមហ៊ុន​អនាម័យ​ក្រុង​បាន​លុង បាន​ចោទប្រកាន់​ថា លោក​ឧកញ៉ា សា លាង ប្រធាន​ក្រុមហ៊ុន​វិនិយោគ​ផ្សារ​បង់ប្រាក់​អនាម័យ​មិន​គ្រប់​ចំនួន​រៀង​រាល់​ខែ ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

បញ្ហា​នេះ​ត្រូវ​បាន​ដោះស្រាយ​គ្នា​តាម​ប្រព័ន្ធ​តុលាការ ហើយ​សាលក្រម បាន​ចេញ​សាលក្រម​កាលពី​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០១៨ ដោយ​លោក ឈុ​ន ច័ន្ទ​សីហា ចៅក្រម​ជំនុំជម្រះ សម្រេច​បញ្ចប់​បង្គាប់​ឲ្យ​ចុង​ចម្លើយ​ឈ្មោះ សា លាង សង​ប្រាក់​ទៅ​ឲ្យ​ដើមចោទ​ឈ្មោះ ជា គួ​ង សរុប​ចំនួន ៤៣.៥០០.០០០​រៀល (​សែសិប​បី​លាន​ប្រាំ​សែន​រៀល​) ដោយ​គិត​ប្រាក់​ជំពាក់​រយៈពេល​៨៧​ខែ គឺ​គិត​ចាប់ពី​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១០ រហូត​ដល់​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៧​។ បង្គាប់​ឲ្យ​សង​ប្រាក់​ដែល​ភាគី​ចុង​ចម្លើយ​អះអាង​ថា​ខាន​បង់​ទាំងស្រុង​ជា​រៀង​រាល់​ខែ​ចំនួន​៣​លាន​៥​សែន​រៀល គិត​ចាប់ពី​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៧ រហូត​ដល់​ថ្ងៃ​ទូទាត់​ចប់ ព្រមទាំង​បង្គាប់​ឲ្យ​ចុង​ចម្លើយ​សងការ​ខូចខាត​ពេលវេលា ជំងឺ​ចិត្ត និង​សេវាកម្ម​មេធាវី​ចំនួន​២​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ទៀត​ផង​។

ក្រោយមក ដីកា​សម្រេច​រក្សា​ការពារ​លេខ​០២.​ច​.​ចុះ​ថ្ងៃ ទី​១៩ ខែមេសា ឆ្នាំ​២០១៨ ដោយ​លោក​ចៅក្រម យិ​ន វិសិដ្ឋ ហាមឃាត់​កូនបំណុល​ឈ្មោះ សា លាង នាយក​ក្រុមហ៊ុន ហេង តារា អ្នក​វិនិយោគ​ផ្សារ បាន​លុង មិន​ឲ្យ​បុគ្គលិក​ធ្វើ​សកម្មភាព​យក​ភាស៊ី​នៅ​តំបន់​ទី​៤(​បរិវេណ​ជុំវិញ​ផ្សារ​) និង​ហាម​កូនបំណុល យក​សំរាម​មក​ចាក់​នៅ​លើ​ដី​តំបន់​៤ នៃ​ប្លង់​ផ្សារ​បាន​លុង​។ ក៏​ប៉ុន្តែ​ក្រោយមក​លោក​ចៅក្រម សាន ប៊ុ​ន​ធឿ​ន បាន​ចេញ​ដីកា​សម្រេច​មួយទៀត នៅ​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០១៨ ចុះ​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០១៨ ឲ្យ​ក្រុមហ៊ុន ហេង ដា​រា មានឈ្មោះ សា លាង ជា​អគ្គនាយក ធ្វើ​សកម្មភាព​ប្រមូល និង​ដឹក​ជញ្ជូន​សំរាម​នៅ​ផ្សារ​ក្រុង​បាន​លុង ជា​បណ្ដោះអាស្ន​។

ហើយ​ផ្អាក​បង់ថ្លៃ​ប្រមូល​ដឹក​សំរាម ឲ្យ​ទៅ​ក្រុម​អនាម័យ​ក្រុង​បាន​លុង​ជា​បណ្ដោះអាសន្ន​។ ករណី​រថយន្ត​ដឹក​សំរាម​ពីរ​ក្រុមហ៊ុន គឺ​ក្រុមហ៊ុន​វិនិយោគ​អនាម័យ និង​ក្រុមហ៊ុន​មិន​មាន​អាជ្ញាប័ណ្ណ​វិនិយោគ​អនាម័យ បាន​ធ្វើ​ឲ្យ​កាន់តែ​មាន​ទំនាស់​កាន់តែ​ធំ​ឡើង បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាន​លុង​ទទួល​រង ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ដោយសារ​ទំនាស់​ក្រុមហ៊ុន​ទាំង​ពីរ កើត​មាន​ឡើងជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​។ យ៉ាងណាមិញ​អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​ក្រុង មិន​អាច​លូកដៃ​បាន ដោយសារ​សំណុំរឿង​ក្រុមហ៊ុន​ទាំង​ពីរ នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​។

ម្យ៉ាងវិញទៀត​អាជ្ញាធរ​ខេត្ត​បាន​ត្រឹម​ដោះស្រាយ​បណ្ដោះអាសន្ន នៅ​ពេល​ហេតុការណ៍​កើតឡើង​ដូច​ពេល​នេះ​ទាក់ទិន​នឹង​រឿង​ជម្លោះ​ខាងលើ​ប្រជាពលរដ្ឋ​ទូ​ទាំង​ក្រុង​បាន​លុង​រាប់រយ​គ្រួ​សារបាន​ធ្វើការ​រិះគន់​ទៅ​លើ​ក្រុមហ៊ុន​ទាំង​ពីរ​ថា គិតតែ​រឿង​ឈ្លោះ​គ្នា​ធ្វើ​ឲ្យ​អាជ្ញា​ដែនដី​វិលមុខ​ខ្លាំង​ណាស់ ហើយ​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​ទ្រាំ​ស្អុយ​សំរាម​រាប់​ខែ​ក្រុមហ៊ុន​ពីរ​នេះ​ចង្រៃ​ណាស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ